រូបភាព​ដែល​ត្រូវ​បាន​អះអាង​ថា​ជា​សកម្មភាព​ភាគី​ថៃ បាន​ចូល​ឈូស​ឆាយ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ របស់​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥។ (រូបភាព​ពី​ហ្វេសប៊ុក)

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​សង្ស័យ​ថា​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ថ្មដា រង​ការ​គំរាម​មិន​ឱ្យ​និយាយ​ពី​ការ​ឈូស​ឆាយ​ផ្លូវ​របស់​ទាហាន​ថៃ ចូល​ដី​ខ្មែរ

By ឌឹ ខេមបូឌា ដេលី

October 19, 2025

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ដាក់​ការ​សង្ស័យ​ថា កម្លាំង​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ ទំនង​ត្រូវ​បាន​គេ​គំរាម​មិន​ឲ្យ​និយាយ​ការពិត អំពី​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​ទាហាន​ថៃ ដែល​បាន​បំពាន​ចូល​ក្នុង​ទឹកដី​ខ្មែរ។

លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ប្រសិនបើ​ទាហាន​ថៃ ឈូស​ឆាយ​ធ្វើ​ផ្លូវ​នៅ​ក្នុង​ទឹកដី​ថៃ មែន គឺ​មិន​ពិបាក​យល់​នោះ​ទេ ព្រោះ​ថា​ទឹកដី​ថៃ នៅ​ជាប់​ព្រំដែន​ខ្មែរ​ត្រូវ​បាន​អភិវឌ្ឍ​ជា​ផ្លូវ​ក្រាល​បេតុង ឬ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​រួច​អស់​ទៅ​ហើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ លើកឡើង​ថា មាន​តែ​ទឹកដី​ដែល​ថៃ រំលោភ​បំពាន​យក​ពី​កម្ពុជា ប៉ុណ្ណោះ ដែល​មិន​ទាន់​ត្រូវ​បាន​អភិវឌ្ឍ ដូច្នេះ​ហើយ​ទើប​ថៃ ត្រូវ​ចាប់ផ្ដើម​ឈូស​ឆាយ និង​ត្រួសត្រាយ​ព្រៃ ដើម្បី​ធ្វើ​ផ្លូវ​ថ្មី​បែប​នេះ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា ធ្លាប់​លាក់​ព័ត៌មាន​អំពី​បញ្ហា​ព្រំដែន​ជាច្រើន​ករណី​មក​ហើយ ក្នុង​នោះ ថែមទាំង​ចាប់​ខ្លួន​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ព្រំដែន​ខ្មែរ-ថៃ ដែល​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការពិត​ថែមទៀត ដូច្នេះ លិខិត​បដិសេធ​របស់​យោធភូមិភាគ​៥ របស់​កម្ពុជា ជុំវិញ​បញ្ហា​នេះ ហាក់​កំពុង​លាក់បាំង​ការពិត​អ្វី​មួយ​ដែល​កើតឡើង​នៅ​ឃុំ​ថ្មដា ក្នុង​ពេលនេះ។

លោក ម៉ែន ណាត អះអាង​ថា បើ​លិខិត​របស់​យោធភូមិភាគ​ទី​៥ មាន​ចេតនា​លាក់បាំង​ការពិត នោះ​គឺ​ស្មើ​នឹង​កំពុង​ការពារ​បរទេស​ឈ្លានពាន​ទឹកដី​ខ្មែរ ដូច្នេះ​តំបន់​ថ្មដា អាច​នឹង​ត្រូវ​យោធា​ថៃ ឈ្លានពាន​ដូច​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ដូច្នោះ​ដែរ។

លោក​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​កម្ពុជា មាន​ចេតនា​លាក់បាំង​ការពិត​ពី​បញ្ហា​ព្រំដែន​ដោយ​បណ្តោយ​ឲ្យ​យោធា​ថៃ ចូល​ឈ្លានពាន​ដី​ខ្មែរ​មែន នោះ​គឺជា​ទង្វើ​ដែល​ផ្ទុយ​នឹង​មាត្រា​៥២ នៃ​រដ្ឋធម្មនុញ្ញ ស្ដីពី​ការ​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ធ្ងន់។ លើស​ពី​នេះ គឺជា​ការ​ប្រព្រឹត្ត ស្រប​ទៅ​នឹង​មាត្រា​៤៤០ នៃ​ក្រមព្រហ្មទណ្ឌ ស្ដីពី​អំពើ​ក្បត់​ជាតិ​ទៅវិញ។

យោធភូមិភាគ​ទី​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ ដោយ​ច្រានចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សកម្មភាព​យោធា​ថៃ ឈូស​ឆាយ​ផ្លូវ​រំលោភ​ចូល​ក្នុង​ដី​ខ្មែរ នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ថា​ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

យោធភូមិភាគ​ទី​៥ បញ្ជាក់​ថា កម្ពុជា-ថៃ មាន​មូលដ្ឋាន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន ជាពិសេស​ផែនទី​មាត្រដ្ឋាន​ខ្នាត ១/២០០០០០ អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ និង​ការ​បោះ​បង្គោល​ព្រំដែន​ចំនួន ៧៤​បង្គោល ដែល​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ឡើងវិញ​យ៉ាង​ច្បាស់​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MoU 2000)។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា វីដេអូ​ឃ្លីប​មួយ​ប្រវែង ៤៤​វិនាទី ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ដែល​កងកម្លាំង​យោធា​កម្ពុជា និង​កម្លាំងយោធា​ថៃ ប្រកែក​គ្នា​នៅ​លើ​ផ្ទៃដី​ដែល​កងកម្លាំង​ថៃ បាន​ឈូស​ឆាយ​ដី​ព្រៃ​ស្ថិត​នៅ​តំបន់​អូរភ្លុកដំរី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់៕

© 2025, . All rights reserved.