នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកដែលធ្វើសកម្មភាពដើម្បីដោះដូរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅឱ្យក្រុមហ៊ុនឯកជន ខណៈអាកាសយានដ្ឋាននេះ នឹងត្រូវរៀបចំជាសួនសាធារណៈ និងសម្រាប់ការចុះចតពេលមានអាសន្ន។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា នេះថា ព្រលានយន្តហោះចាស់ត្រូវតែរៀបចំជាសួនសាធារណៈសម្រាប់ជាទីឱ្យពលរដ្ឋលំហែកាយ និងហាត់កីឡា ជាដើម។ បន្ថែមពីនេះ ក៏នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់កិច្ចប្រជុំនានាដូចមជ្ឈមណ្ឌលកោះពេជ្រដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ផ្លូវយន្តហោះដែលមានស្រាប់របស់អាកាសយានដ្ឋាននេះ នឹងត្រូវរក្សាទុកសម្រាប់ការចុះចតពេលមានអាសន្ន និងសម្រាប់ការចុះចតពិសេសៗណាមួយ រួមទាំងការចុះចតឧទ្ធម្ភាគចក្រ ជាដើម ខណៈដើមឈើក៏នឹងត្រូវរៀបចំដាំដើម្បីលម្អផ្លូវទាំងនោះដែរ។
លោកបញ្ជាក់ថា ក្រៅពីអភិវឌ្ឍកែប្រែទៅជាសួនសាធារណៈ និងជាទីតាំងចុះចតបម្រុង ក្រុមការងាររបស់រាជរដ្ឋាភិបាលក៏គ្រោងនឹងរៀបចំទីតាំងអគារអាកាសយានដ្ឋានដែលមានស្រាប់នេះមួយផ្នែកទៅជាសារមន្ទីរ និងបង្កើតឱ្យមានសកម្មភាពសេដ្ឋកិច្ចក្រោមកិច្ចសហការវិនិយោគជាមួយវិស័យឯកជនផងដែរ។
កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ មានការលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានដោះដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅឱ្យក្រុមហ៊ុនឯកជន ក្រោយពេលដែលដំណើរការរបស់ព្រលាននេះនឹងត្រូវផ្ទេរទៅកាន់អាកាសយានដ្ឋានក្រុងតាខ្មៅ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងចម្បងសម្រាប់បម្រើឲ្យវិស័យកងទ័ពក្រោមបណ្ដាញអាកាសចរណ៍ឥណ្ឌូចិនរបស់បារាំង។
ក្រោយប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំង អាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានធ្វើទំនើបកម្មនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ និងបើកដំណើរការជាផ្លូវការនៅឆ្នាំ១៩៥៩ ប៉ុន្តែនៅអំឡុងរបបវាលពិឃាត ព្រលាននេះត្រូវផ្អាកដំណើរការក្នុងនាមជាអាកាសយានដ្ឋានស៊ីវិលទាំងស្រុង។
រហូតដល់ឆ្នាំ១៩៩៥ ក្រោយរបបខ្មែរក្រហមដួលរលំ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងបែងចែកសិទ្ធិគ្រប់គ្រង ២០ឆ្នាំជាមួយក្រុមហ៊ុន SCA (Société de Concession de l’Aéroport) ដែលជាក្រុមហ៊ុនរួមបង្កើតរបស់បារាំង និងម៉ាឡេស៊ី ក្នុងគោលដៅអភិវឌ្ឍបន្ថែម និងរុះរើសាងសង់ជាថ្មីឡើងវិញ រួមមាន ការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ និងអគារស្តុកទំនិញ ជាដើម។
នៅឆ្នាំ២០០២ អាកាសយានដ្ឋាននេះត្រូវបានជួសជុលសាងសង់រួចរាល់ជាស្ថាពរដែលទទួលអ្នកដំណើរបាន ៥លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នេះ ក៏ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ពេលនេះ៕
© 2025, . All rights reserved.