រដ្ឋសភាកម្ពុជា ទាត់ចោលការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលចោទកម្ពុជាថាបានវាយប្រហារប្រទេសថៃ នៅក្នុងវេទិកាសហភាពអន្តរសភា Inter-Parliamentary Union (IPU) ដើម្បីប្រឆាំងកិត្តិនាមរបស់ថៃ នៅឆាកអន្តរជាតិ។
អ្នកនាំពាក្យកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែតុលា ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី២០ តុលា នេះថា ការចុះផ្សាយរបស់កាសែតថៃ The nation ដោយចោទកម្ពុជាថាបានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃ នៅឆាកអន្តរជាតិនោះ គឺជាការចុះផ្សាយមិនពិតក្នុងចេតនាបំភាន់មតិជាតិ និងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែល អះអាងថា អំឡុងពេលកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងមហាសន្និបាតសភាអាស៊ី (APA) មន្ត្រីរដ្ឋាភិបាលកម្ពុជាពុំបានប្រើពាក្យពេចន៍ណាមួយនៅក្នុងបទអន្តរាគមន៍ផ្លូវការដែលបង្ហាញថាកម្ពុជាជំទាស់នឹងសំណើរបស់ថៃ ឡើយ។
ប្រភពដដែល លើកឡើងថា កម្ពុជាគ្រាន់តែស្នើសេចក្តីព្រាងដែលបានស្នើឡើងដោយគណៈប្រតិភូថៃ ត្រូវបានពិនិត្យ និងកែលម្អឡើងវិញ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវគោលការណ៍គ្រឹះរបស់ IPU ដោយមិនមានភាពលម្អៀង អព្យាក្រឹត និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយស្ថាបនាប៉ុណ្ណោះ។
រដ្ឋសភាកម្ពុជា សម្ដែងការសោកស្តាយយ៉ាងខ្លាំងដែលសារព័ត៌មានថៃ បានផ្សព្វផ្សាយបំផ្លើស និងគ្មានមូលដ្ឋាន មិនទទួលខុសត្រូវ ដែលជាហេតុនាំឱ្យមានអរិភាព និងបំភាន់មតិសាធារណៈជុំវិញបញ្ហាព្រំដែននាពេលនេះ។
ប្រភពដដែល គូសបញ្ជាក់ថា ការចុះផ្សាយបែបនេះ មិនបានបម្រើដល់សន្តិភាព និងការយោគយល់គ្នា រួមទាំងការឆ្លុះបញ្ចាំងពីស្មារតីពិតនៃមិត្តភាពរវាងប្រជាជនថៃ និងកម្ពុជា ឡើយ។
កាលពីថ្ងៃទី១៩ ខែតុលា កាសែត The Nation ចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ក្រុមការងារថៃ រាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ ចាប់តាំងពីភាពតានតឹង និងវិវាទរវាងប្រទេសទាំងពីរមក ក្នុងនោះ គឺភាគីកម្ពុជា បានប្រើប្រាស់គ្រប់វេទិកាដើម្បីរិះគន់ប្រទេសថៃ ដោយមិនគិតថាការពិភាក្សានោះពាក់ព័ន្ធទៅនឹងជម្លោះថៃ-កម្ពុជា ឬក៏អត់នោះទេ»។
ប្រភពដដែល បញ្ជាក់ថា ការវាយប្រហាររបស់ភាគីកម្ពុជា លើប្រទេសថៃ ដូចជា ការចោទប្រកាន់ថាថៃ ជាអ្នកចាប់ផ្តើមនូវជម្លោះព្រំដែន និងគ្រាប់មីនដែលថៃ លាតត្រដាងត្រូវបានជនជាតិថៃ យកទៅដាំនៅក្នុងទឹកដីកម្ពុជា ជាដើម។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ប្រធានអង្គការសិទ្ធិមនុស្ស និងការតស៊ូមតិប្រចាំតំបន់អាស៊ី (Asia Human Rights and Labor Advocates) លោក Phil Robertson បានលើកឡើងលើគេហទំព័រ The Diplomat Magazine ថា ថៃត្រូវតែដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងជម្លោះព្រំដែន។
លោកបញ្ជាក់ថា ទាហានកម្ពុជា បានបង្ហាញភាពស្មោះត្រង់ក្រោយបទឈប់បាញ់ជាចូលជាធរមាន តែត្រូវបានទាហានថៃ អញ្ជើញចាប់ដៃ តែក្រោយមកបែរជាត្រូវបានថៃ ភ្ជង់កាំភ្លើងចាប់ខ្លួនតែម្តង៕
© 2025, . All rights reserved.