លោក ពិន ប៉ូច ជា​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ «រួម​គំនិត​ក្បត់» នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

មគ្គទេសក៍​ទេសចរ​ម្នាក់​នៅ​សៀមរាប ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» បន្ទាប់ពី​និយាយ​ពី​បាតុកម្ម​នៅ​នេប៉ាល់

By ឌឹ ខេមបូឌា ដេលី

October 22, 2025

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ពិន ប៉ូច ដែល​ជា​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប ក្រោម​បទ «រួម​គំនិត​ក្បត់» តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​នេប៉ាល់ ដោយ​ក្រុម​យុវជន​សម័យ GenZ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​តុលា បាន​ឲ្យ​ដឹង​ថា លោក ពិន ប៉ូច អាយុ ៥១​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ដោយ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម ខណៈ​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ហាង​លក់ដូរ​របស់​ភរិយា​លោក នៅ​មុខ​ផ្ទះ​ក្នុង​ក្រុង​សៀមរាប ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត។

តាម​សេចក្តី​ប្រកាស​របស់​លីកាដូ បាន​ឲ្យ​ដឹង​ថា លោក ពិន ប៉ូច ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​លោក​បាន​និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​នេប៉ាល់។ នៅ​ពីរ​ថ្ងៃ​ក្រោយ​ការ​ឃាត់​ខ្លួន លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ PJ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​បទ «រួម​គំនិត​ក្បត់» តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​ពិត​ជា​មាន​កំហុស មគ្គទេសក៍​ទេសចរ​រូប​នេះ​នឹង​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៥ រហូត​ដល់ ១០​ឆ្នាំ។

នៅ​រសៀល​ថ្ងៃទី​២១ តុលា នេះ អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ឈាន​ទៅ​ដល់​ការ​ចុះ​ឃាត់​ខ្លួន គឺ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​រួម​គំនិត​ក្បត់ ធ្វើ​សកម្មភាព​តាមរយៈ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​បច្ចេកវិទ្យា និង​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

ប្រភព​ដដែល​អះអាង​ថា ការ​ឃាត់​ខ្លួន​បុរស​រូប​នេះ ជា​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ដោយ​ផ្អែក​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ច្បាស់លាស់​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ​ឡើយ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា សម្រាប់​រូបលោក គឺ​លោក​យល់​ថា​ពុំ​មាន​អ្វី​ប្លែក​នោះ​ទេ ពីព្រោះ​អាជ្ញាធរ​តែងតែ​ប្រើ​តុលាការ​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​ណា​ដែល​មាន​មតិ​ផ្ទុយ​ពី​ក្រុម​របស់​ពួកគេ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ឃាត់​ខ្លួន​នោះ មកពី​មន្ត្រី​រដ្ឋាភិបាល​ខ្លាច​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​បាន​ឃើញ​រឿងរ៉ាវ​នៅ​ប្រទេស​នេប៉ាល់ រួច​ខ្លាច​ពួកគេ​យក​គំរូ​តាម ទើប​ព្យាយាម​បំបិទ​គ្រប់​សកម្មភាព​ទាំងអស់។ លោក​ថា ប្រទេស​កម្ពុជា ងើប​មុខ​មិន​រួច​លើ​ឆាក​អន្តរជាតិ​ទេ ដោយសារ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដ៏​ស្មុគស្មាញ និង​ចាក់ស្រេះ​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

អង្គការ Freedom House បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កន្លង​មក​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាប​សង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

© 2025, . All rights reserved.