អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ព្រួយបារម្ភអំពីអវត្តមានចិន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ស្ដីពីជម្លោះព្រំដែនដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាអធិបតីនាពេលខាងមុខនេះ ទំនងជាមិនអាចបញ្ចប់សង្គ្រាមបាននោះទេ។
លោក ជុំ ឈាង លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ តុលា នេះថា តំបន់អាស៊ាន គឺជាតំបន់ដែលកំពុងប្រទាញប្រទង់រវាងអាមេរិក និងចិន ដូច្នេះបើការចុះកិច្ចព្រមព្រៀងនេះគ្មានចិន ចូលរួមទេ នោះជម្លោះព្រំដែននេះក៏ទំនងជាមិនអាចបញ្ចប់បានដែរ។
លោក ជុំ ឈាង លើកឡើងថា គេមិនដឹងថាតើការអនុវត្តនូវខ្លឹមសារដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ អាចដំណើរការទៅបាន ឬក៏អត់នោះទេ ដែលនេះគឺជាឧបសគ្គអាចនឹងកើតមាន ប្រសិនបើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគ្មានវត្តមានរបស់ចិន មែននោះ។
លោកបន្តថា ជុំវិញកិច្ចព្រមព្រៀងនេះទៀតសោត ក៏មិនមានការបង្ហាញពីគណៈកម្មាធិការសម្រាប់អនុវត្តដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ។ លោកថា ជាក់ស្តែង កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា មានអង្គភាពសម្រាប់អនុវត្ត គឺអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (United Nations Transitional Authority in Cambodia) ឬអ៊ុនតាក់ (UNTAC)។
អតីតនាយទាហានជាន់ខ្ពស់រូបនេះ បញ្ជាក់ថា ក្តីបារម្ភមួយផ្នែកទៀត គឺផ្ដោតទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគ្រោងចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខនេះ ព្រោះការលើកឡើងខ្លះៗរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជុំវិញកិច្ចព្រមព្រៀងនេះ គ្រាន់តែជាគោលការណ៍រួមប៉ុណ្ណោះ មិនមែនជាសេចក្តីលម្អិតទេ ដូចជា សន្តិភាព និងការធានាប្រសិទ្ធភាពបទឈប់បាញ់ ជាដើម។
លោកបញ្ជាក់ថា បើកម្ពុជាគ្មានសេចក្តីព្រាងលម្អិតសម្រាប់ចែងក្នុងកិច្ចព្រមព្រៀងនេះទេ វាគឺជាចន្លោះប្រហោងដែលមានហានិភ័យបំផុត ខណៈភាគីថៃ ក៏អាចយកឈ្នះកម្ពុជាតាមរយៈកិច្ចព្រមព្រៀងនេះលើបញ្ហាព្រំដែនបានដោយងាយដែរ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានអន្តរជាតិ The Politico បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាចុងខែតុលា ខាងមុខនេះ ប្រសិនបើលោកអាចធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតាផុន ណាក់ផានិច (Natthaphon Narkphanit) ត្រូវបានកាសែត The Nation របស់ថៃ ស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃទី២១ តុលា ថា ប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយកម្ពុជា ត្រូវបរាជ័យ នោះកិច្ចព្រមព្រៀងសន្តិភាពរវាងថៃ និងកម្ពុជា នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ ក៏ទំនងជាមិនអាចកើតមានដែរ៕
© 2025, . All rights reserved.