ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចេញ​មុខ​ចាប់​ខ្លួន​លោក ពូទីន ទៅ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ICC បើ​ហ៊ាន​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន

By ឌឹ ខេមបូឌា ដេលី

October 23, 2025

រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ Radoslaw Sikorski ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ទាំងមូល​នៃ​ប្រទេស​ប៉ូឡូញ បាន​ព្រមាន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដែនអាកាស​ប៉ូឡូញ ដោយ​សច្ចា​ថា​នឹង​ចាប់​ខ្លួន​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង រូប​នេះ ទៅ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ICC។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី The Moscow Times កាលពី​ថ្ងៃទី​២១ តុលា។

លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ មាន​ផែនការ​ជួប​គ្នា​នៅ​ទីក្រុង Budapest ប្រទេស​ហុងគ្រី បន្ទាប់ពី​លោក ត្រាំ បាន​និយាយ​ថា លោក ពូទីន យល់ព្រម​ជួប​លោក​នៅ​ទីក្រុង Budapest ដើម្បី​សន្ទនា​គ្នា​ជា​ថ្មី​ម្ដង​ទៀត​អំពី​សន្តិភាព​សម្រាប់​អ៊ុយក្រែន។

ការ​ថ្លែង​របស់​លោក ត្រាំ ដោយ​ក្ដី​សង្ឃឹម​នេះ បន្ទាប់ពី​លោក​បាន​ជួប​លោក ពូទីន តាម​ទូរសព្ទ​កាលពី​ថ្ងៃទី​១៦ ខែ​តុលា មុន​លោក​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ជា​ថ្មី​ម្ដង​ទៀត​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​១៧ តុលា។

រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ បញ្ជាក់​ថា រដ្ឋាភិបាល​ប៉ូឡូញ អាច​នឹង​ត្រូវ​បង្ខំ​ឱ្យ​អនុវត្ត​ដីកា​ចាប់​ខ្លួន​ជា​អន្តរជាតិ ប្រសិនបើ​លោក ពូទីន ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ប៉ូឡូញ ទៅ​ទីក្រុង Budapest ប្រទេស​ហុងគ្រី ទោះជា​តាម​យន្តហោះ​ក៏ដោយ។

រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ Radoslaw Sikorski បាន​ថ្លែង​ថា លោក​មិន​អាច​ធានា​បាន​ទេ​ថា យន្តហោះ​ដឹក​លោក ពូទីន អាច​មាន​សុវត្ថិភាព​យ៉ាងណា​នោះ​ទេ តែ​លោក​ព្រមាន​ថា យន្តហោះ​ចម្បាំង​ប៉ូឡូញ នឹង​ហោះ​គាប​យន្តហោះ​ដឹក​លោក ពូទីន ទៅ​ចុះចត​នៅ​ទីណា​មួយ ហើយ​ចាប់​ខ្លួន​លោក ពូទីន ភ្លាមៗ​បញ្ជូន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ICC នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

ប្រទេស​ប៉ូឡូញ បាន​ហៅ​ការ​អញ្ជើញ​របស់​ប្រទេស​ហុងគ្រី ឱ្យ​លោក ពូទីន ជាន់​ទឹកដី​ហុងគ្រី គឺជា​ការ​ផ្គើន​នឹង​ស្មារតី​រួម​របស់​សហភាព​អឺរ៉ុប ដែល​ចាត់ទុក​លោក ពូទីន ជា​ឧក្រិដ្ឋជន​ប្រឆាំង​មនុស្ស​ជាតិ ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​ដែន​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ICC។

លំហ​អាកាស​ប្រទេស​ប៉ូឡូញ ជាប់​នឹង​លំហ​អាកាស​ប្រទេស​ហុងគ្រី ហើយ​ក៏​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​បេឡារុស្ស ជា​ប្រទេស​សម្ពន្ធភាព​នឹង​លោក ពូទីន។

ប៉ុន្តែ​មុន​យន្តហោះ​លោក ពូទីន ចុះចត​នៅ​ទីក្រុង Budapest ប្រទេស​ហុងគ្រី វា​ត្រូវ​ឆ្លងកាត់​លំហ​អាកាស​របស់​ប្រទេស​អឺរ៉ុប​ជាច្រើន​ទៀត ដែល​អឺរ៉ុប​បាន​ប្រកាស​បិទ​មិន​ឱ្យ​យន្តហោះ​រុស្ស៊ី ហោះ​ឆ្លងកាត់​ឡើយ​តាំងពី​រុស្ស៊ី បង្ក​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ពី​បទ​ចាប់​ពង្រត់​កុមារ​អ៊ុយក្រែន ដោយ​ខុស​ច្បាប់ និង​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។

តាម​កាតព្វកិច្ច ដីកា​អន្តរជាតិ​នេះ​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក ICC ទាំងអស់ ត្រូវ​ចាប់​ខ្លួន​លោក ពូទីន ប្រសិនបើ​លោក ពូទីន ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​របស់​ពួកគេ។ សម្រាប់​ប៉ូឡូញ សមាជិក​របស់ ICC បាន​សន្យា​បំពេញ​កាតព្វកិច្ច​របស់ ICC។

យ៉ាងណា កិច្ចប្រជុំ​កំពូល ត្រាំ-ពូទីន កំពុង​ត្រូវ​បាន​ពន្យារ​ពេល ក្រោយ​ពេល​រុស្ស៊ី ទាត់​ចោល​សំណើ​បទ​ឈប់​បាញ់ និង​ចំ​ពេល​បារម្ភ​ថា​លោក ពូទីន អាច​មិន​ទៅ​ទីក្រុង Budapest បន្ទាប់ពី​ប្រទេស​ប៉ូឡូញ និង​ប្រទេស​ខ្លះ​ទៀត ពិចារណា​បង្ហោះ​យន្តហោះ​ចម្បាំង​តាម​ដេញ​យន្តហោះ​ដឹក​លោក ពូទីន។

តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​តុលា កិច្ចប្រជុំ​កំពូល​ដែល​ត្រូវ​បាន​គ្រោងទុក​រវាង​លោក ត្រាំ និង​លោក វ្ល៉ាឌីមៀ ពូទីន ត្រូវ​បាន​ពន្យារ​ពេល បន្ទាប់ពី​ទីក្រុង​មូស្គូ បាន​ច្រានចោល​សំណើ​បទ​ឈប់​បាញ់​បន្ទាន់​មួយ​នៅ​សមរភូមិ​ជួរមុខ​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន ដែល​នាំ​ឱ្យ​កិច្ចប្រឹងប្រែង​ស្ដារ​កិច្ចចរចា​ឡើងវិញ​របស់​លោក ដូណាល់ ត្រាំ ស្វែងរក​ដំណោះស្រាយ​បិទ​បញ្ចប់​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ស្ថិត​លើ​កំណាត់​ផ្លូវ​បរាជ័យ។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយ​ថា មិន​មាន​គម្រោង​សម្រាប់​លោក​ប្រធានាធិបតី ត្រាំ ជួប​លោក​ប្រធានាធិបតី ពូទីន ក្នុង​ពេល​ខាងមុខ​នោះ​ទេ ក្រោយពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio និង​សមភាគី​រុស្ស៊ី លោក Sergei Lavrov សម្រេច​ចិត្ត​លុប​ចោល​ជំនួប​ដោយ​ផ្ទាល់​ដែល​ត្រូវ​បាន​គ្រោងទុក​ថា​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង Budapest ប្រទេស​ហុងគ្រី នៅ​ក្នុង​សប្ដាហ៍​នេះ។

ស្រប​ពេល​ដែល​ប្រមុខ​ការទូត​អាមេរិក និង​រុស្ស៊ី មិន​បាន​ជួប​គ្នា​តាម​ការ​គ្រោងទុក​នៅ​លើ​ទឹកដី​ប្រទេស​ហុងគ្រី ទីក្រុង​មូស្គូ នៅតែ​បង្ហាញ​ជំហរ​សុំ​ដី​ពី​អ៊ុយក្រែន នៅ​តំបន់​ដុនបាស់​ភាគ​ខាងកើត ដែល​ទ័ព​អ៊ុយក្រែន កំពុង​វាយបក​វិញ។

ទីក្រុង​មូស្គូ ទាមទារ​ឱ្យ​ទីក្រុង​គៀវ បោះបង់​ចោល​ដី​មួយ​ដុំ​ទំហំ​ជាង ៥៣​ពាន់​គីឡូម៉ែត្រ​ក្រឡា​ទៅ​ឱ្យ​រុស្ស៊ី ទើប​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម។ រុស្ស៊ី បាន​ទទូច​ថា អ៊ុយក្រែន ត្រូវតែ​បោះបង់​ចោល​ទឹកដី​តំបន់​មួយ​នេះ មុន​នឹង​បទ​ឈប់​បាញ់​ណា​មួយ​ចូល​ជាធរមាន។

យ៉ាងណា មេដឹកនាំ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន មិន​ដែល​ចាត់ទុក​ដំណោះស្រាយ​សន្តិភាព​ជា​ថ្នូរ​នឹង​ការ​កាត់​ទឹកដី​ព្រំដែន​របស់​ខ្លួន​ទៅ​ឱ្យ​អ្នក​ឈ្លានពាន​ម្ដង​ណា​នោះ​ទេ ហើយ​សូម្បី​ពិចារណា​ថា​នឹង​ព្រម​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី មិន​មាន​សោះ​ឡើយ។

បុរស​រដ្ឋ​ដ៏​កំពូល​នៃ​ប្រជាជន​អ៊ុយក្រែន ហ្សេឡេនស្គី នៅតែ​សច្ចា​វាយ​ដេញ​កងទ័ព​រុស្ស៊ី ហើយ​ទោះជា​តំបន់​ណា​ធ្លាក់​ក្នុង​ដៃ​របស់​ទ័ព​រុស្ស៊ី ក៏​នៅតែ​ទ័ព​អ៊ុយក្រែន ព្យាយាម​បាញ់​ផ្លោង​ដាក់​លើ​កងទ័ព​រុស្ស៊ី រៀង​រាល់​ថ្ងៃ។

លោក ហ្សេឡេនស្គី បញ្ជាក់​ហើយ​ថា ទោះ​លោក​មាន​តួនាទី​ជា​ប្រធានាធិបតី ក៏​លោក​គ្មាន​សិទ្ធិ​អ្វី​ដែរ ព្រោះ​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន ពុំ​មាន​មាត្រា​ណា​មួយ​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រធានាធិបតី​ធ្វើ​សេចក្ដី​សម្រេច​កាត់​ទឹកដី​ដើម្បី​សន្តិភាព​នោះ​ទេ។

លោក ហ្សេឡេនស្គី សច្ចា​ថា​លោក​មិន​អាច​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ធ្វើ​ស្ពាន​លាង​ឈាម​កងទ័ព​អ៊ុយក្រែន ដូរ​នឹង​សន្តិភាព​ឡើយ៕

© 2025, . All rights reserved.