អង្គភាពប្រឆាំងការលាងលុយថៃ (AMLO) បង្កកទ្រព្យសកម្មរបស់សមាជិកព្រឹទ្ធសភាកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន L.Y.P Group គឺឧកញ៉ា លី យ៉ុងផាត់ ចំនួន ៧០លានបាត ដែលស្មើនឹងប្រមាណជិត ២លានដុល្លារអាមេរិក (១៩១៥០០០ដុល្លារ) ពាក់ព័ន្ធនឹងក្រុមក្លែងបន្លំឆបោក (Scammer Gang)។
កាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃទី២៣ តុលា នេះថា ការបង្កកទ្រព្យសម្បត្តិនេះត្រូវបានអនុវត្តតែចំពោះទ្រព្យសម្បត្តិរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលស្ថិតនៅក្នុងប្រទេសថៃ ប៉ុណ្ណោះ ក្រោយស៊ើបអង្កេតតាមបណ្ដាញ Call Center ឬបណ្ដាញឧក្រិដ្ឋកម្មអនឡាញ និងបានរកឃើញថាជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ជាលក្ខណៈអន្តរជាតិដែលមានប្រភពនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
អាជ្ញាធរថៃ បញ្ជាក់ថា ឧកញ៉ា លី យ៉ុងផាត់ មានសញ្ជាតិថៃ ដែលមានឈ្មោះថា ផាត់ សុផាផា (Phat Suphapha) និងសញ្ជាតិខ្មែរឈ្មោះ លី យ៉ុងផាត់ ដែលត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងបណ្ដាញក្រុមឆបោកកាស៊ីណូ អូរស្មាច់ (CASINO O-Smach Resort) នៅកម្ពុជា ដែលគេសង្ស័យថាជាកន្លែងប្រតិបត្តិការបណ្ដាញបោកប្រាស់ដែលមានគោលដៅលើជនជាតិថៃ និងជនបរទេសដទៃទៀត។
ជុំវិញឧក្រិដ្ឋកម្មបោកប្រាស់នេះ កាលពីថ្ងៃទី១៩ ខែតុលា កាសែតថៃ The Nation បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានព្រមានចាត់វិធានការដាច់ខាតលើអ្នកពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអ៊ីនធឺណិត។
នាយករដ្ឋមន្ត្រីថៃ រូបនេះ ក៏បានបញ្ជាឱ្យស៊ើបអង្កេតលើសេចក្តីរាយការណ៍ដែលមានឈ្មោះអ្នកនយោបាយថៃ ចំនួន ៧រូបជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា ផងដែរ ហើយបើមានឈ្មោះមន្ត្រីណាម្នាក់ត្រូវបានលាតត្រដាង និងមានភស្តុតាងនៃការប្រព្រឹត្តខុស នឹងត្រូវចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
កាលពីថ្ងៃពុធ ទី២២ ខែតុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក ថាំម៉ាណាត ព្រំពោ (Thamanat Prompow) បានរងការសង្ស័យថាជាអ្នកនៅពីក្រោយបណ្ដាញក្រុមឧក្រិដ្ឋកម្មអនឡាញដ៏ធំ (Scam network) នៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ចំណែកអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក វោរ៉ាផាក់ តាន់យ៉ាវ៉ុង (Vorapak Tanyawong) ដែលរងការសង្ស័យជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោក (scam) ដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដែរនោះ បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី២២ ខែតុលា ភ្លាមៗ ទោះបីលោកបានបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកទាំងនោះក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ តុលា នេះថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតផងដែរ។
យ៉ាងណាក៏ដោយ ឧកញ៉ា លី យ៉ុងផាត់ ដែលជាម្ចាស់ក្រុមហ៊ុន L.Y.P. Group ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មតាមច្បាប់ Executive Order លេខ១៣៨១៨ (E.O.១៣៨១៨) តាំងពីចុងឆ្នាំ២០២៤ មក ប៉ុន្តែគេនៅមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតលើមន្ត្រីសមាជិកព្រឹទ្ធសភារបស់ខ្លួនរូបនេះនៅឡើយទេ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, . All rights reserved.