ក្នុងប្រតិបត្តិការចុះបង្ក្រាបដែលមានការចូលរួមដោយផ្ទាល់ពីក្រុមតំណាងរាស្ត្រកូរ៉េខាងត្បូង សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនបរទេសចំនួន ៨៦នាក់នៅទីតាំងសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកអនឡាញ (online scams) ស្ថិតនៅអគារសេះស ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍ដែលផ្តល់ដោយមន្ត្រីនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនៅរសៀលថ្ងៃទី២២ ខែតុលា ដោយមានការចូលរួមដោយផ្ទាល់ពីក្រុមតំណាងកូរ៉េខាងត្បូង សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនបរទេសចំនួន ៨៦នាក់ ក្នុងនោះមានជនជាតិកូរ៉េ ចំនួន ៥៧នាក់ និងជនជាតិចិន ចំនួន ២៩នាក់។ ក្រៅពីនេះ សមត្ថកិច្ចថែមទាំងបានរឹបអូសនូវវត្ថុតាងមួយចំនួនទៀត ដូចជា កុំព្យូទ័រចំនួន ១២៦គ្រឿង និងទូរសព្ទដៃចំនួន ៣០គ្រឿង។
ក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា ការចុះបង្ក្រាបនេះ ភាគីកម្ពុជា ក៏បាននាំគណៈប្រតិភូពីប្រទេសកូរ៉េ ដឹកនាំដោយលោក KIM SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមជាមួយតំណាងរាស្ត្រគណបក្សដឹកនាំរដ្ឋាភិបាល ទៅពិនិត្យដល់ទីតាំងផ្ទាល់។
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញរាល់ភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកអនឡាញ ទៅគណៈប្រតិភូកូរ៉េ និងលទ្ធផលកោសល្យវិច័យលើឧបករណ៍បច្ចេកទេស ព្រមទាំងទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែង។
លោក KIM SEOK-KI តំណាងគណៈប្រតិភូកូរ៉េខាងត្បូង បានស្នើដល់ភាគីកម្ពុជា ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះ។ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ យល់ច្បាស់ថាជនជាតិកូរ៉េទាំងនេះ មិនមានការបង្ខាំង បង្ខិតបង្ខំឡើយ គឺពួកគេប្រព្រឹត្តសកម្មភាពល្មើសច្បាប់ដោយខ្លួនឯង។
តំណាងរាស្ត្រនៃសាធារណរដ្ឋកូរ៉េ ក៏បានធានាអះអាងនៅចំពោះមុខសមត្ថកិច្ចកម្ពុជា ថា នឹងយកលទ្ធផលដែលប្រមូលបានខាងលើនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីបញ្ចៀសការយល់ច្រឡំមកលើកម្ពុជា ជុំវិញបញ្ហាឆបោកអនឡាញនេះ។
ទាក់ទងទៅនឹងការស្ដារកេរ្តិ៍ឈ្មោះកម្ពុជា តំណាងរាស្ត្រកូរ៉េ ក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជា ហើយបានស្នើឱ្យកម្ពុជា ផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។
កាលពីថ្ងៃទី១៦ ខែតុលា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង។ ក្នុងជំនួបនោះ ប្រមុខរាជរដ្ឋាភិបាលអះអាងថា ប្រទេសទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាឆបោកអនឡាញ ពិសេសពាក់ព័ន្ធនឹងជនជាតិកូរ៉េ នៅកម្ពុជា។
តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា រយៈពេល ៤ខែចុងក្រោយឆ្នាំ២០២៥ នេះ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញសរុបចំនួន ៣៤៥៥នាក់។
របាយការណ៍ដដែលបង្ហាញថា ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន ២០សញ្ជាតិនេះ ត្រូវបានឃាត់ខ្លួននៅតាមបណ្តារាជធានី-ខេត្ត ចំនួន១៨ ហើយសមត្ថកិច្ចក៏បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកចំនួន ៧៥នាក់ទៅតុលាការផងដែរ។
រយៈពេលជាង ២ឆ្នាំមកនេះ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺន ៥ពាន់នាក់៕
© 2025, . All rights reserved.