ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

នយោបាយ

រដ្ឋាភិបាល​បារាំង រំលឹក​ពី​តម្លៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​លោក ហ៊ុន សែន លើក​សរសេរ​ពី​នយោបាយ​ឈ្នះ​ឈ្នះ

By ឌឹ ខេមបូឌា ដេលី

October 24, 2025

រដ្ឋាភិបាល​បារាំង បញ្ជាក់​ថា គោលការណ៍​ទាំងឡាយ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា នៅតែ​ជា​តម្លៃ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព ចីរភាព ការ​គោរព​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​ដដែល។

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កាលពី ៣៤​ឆ្នាំ​មុន កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ចុះហត្ថលេខា​បង្កើត​ឡើង​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ដែល​កើតមាន​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា និង​បាន​បើក​ផ្លូវ​ទៅ​កាន់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា ឡើងវិញ។

ស្ថានទូត​ដដែល​នេះ អះអាង​ថា ប្រទេស​បារាំង ដែល​បាន​ធ្វើ​ជា​សហប្រធាន​ក្នុង​ការ​នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នៅតែ​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​ចំពោះ​មរតក​នៃ​គោលការណ៍​នានា​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ ការ​គោរព​សិទ្ធិមនុស្ស ការ​ធានា​ឯករាជភាព ការពារ​បូរណភាព​ទឹកដី និង​ការ​ការពារ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា។

កិច្ចព្រមព្រៀង​នេះ មាន​កិច្ចព្រមព្រៀង​ពីរ និង​សេចក្តី​ថ្លែងការណ៍​មួយ ក្នុង​នោះ កិច្ចព្រមព្រៀង​ទី​១ គឺ​ស្តីអំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា ខណៈ​កិច្ចព្រមព្រៀង​ទី​២ គឺ​ស្តីអំពី​ការ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹត្យ​របស់​កម្ពុជា ដោយឡែក​សេចក្តី​ថ្លែងការណ៍ គឺ​ស្តីអំពី​ការ​កសាង​កម្ពុជា ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ខួប​លើក​ទី​៣៤ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ គឺ ប៉ុល ពត។

លោក ហ៊ុន សែន បញ្ជាក់​ថា រហូត​ដល់​ចុង​ឆ្នាំ​១៩៩៨ ក្រោយ​លេច​ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ទើប​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​បាន​បញ្ចប់​ទាំងស្រុង ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទេ នោះ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ក៏​គ្មាន​រូបរាង​ដែរ។ ពួកគេ​និយាយ​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នេះ​ហើយ​ដែល​កំពុង​ទាញ​ទម្លាក់​នាវា​កម្ពុជា ឲ្យ​ដាំ​ក្បាល​ចូល​បាត​សមុទ្រ​កាន់តែ​ជ្រៅ​ទៅៗ តាមរយៈ​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ញាំញី​ទៅ​ដោយ​អំពើពុករលួយ​ជា​ប្រព័ន្ធ ការ​រំលោភ​អំណាច ការ​រំលោភ​សិទ្ធិមនុស្ស ការ​សម្លាប់​គោលការណ៍​ប្រជាធិបតេយ្យ ការ​បើក​ដៃ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ពេញ​ផ្ទៃ​ប្រទេស ការ​ធ្វើ​ឲ្យ​របង​ព្រំដែន​មាន​ភាព​រខិករខក់ និង​ការ​បណ្តែតបណ្តោយ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ងើប​មុខ​មិន​រួច ជាដើម៕

© 2025, . All rights reserved.