កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សេចក្តីរាយការណ៍មួយដែលថាសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅលើទឹកដីរុស្ស៊ី គឺជារឿងមិនពិតនោះទេ។
លោក ត្រាំ បានឆ្លើយដូចនេះ ពិតណាស់លោកឆ្លើយតបកាសែតអាមេរិក The Wall Street Journal ដែលធ្វើសេចក្ដីរាយការណ៍ថា រដ្ឋការលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ទាក់ទងនឹងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនរបស់អាមេរិក ដែលផ្តល់ឱ្យដោយសម្ពន្ធមិត្តលោកខាងលិច ដែលផ្ដល់ឱ្យអ៊ុយក្រែន អាចទិញបន្តបាន ហើយវាយប្រហារទៅលើប្រទេសរុស្ស៊ី ក្រោយពីលោក ត្រាំ ខកចិត្តម្ដងទៀតព្រោះរុស្ស៊ី មិនទទួលយកសំណើបទឈប់បាញ់របស់លោក។
សំណើរបស់លោក ត្រាំ ស្នើឱ្យមានបទឈប់បាញ់អនុវត្តនៅសមរភូមិជួរមុខ ដែលអ៊ុយក្រែន ប្រកាសយល់ព្រមភ្លាមៗ តែរុស្ស៊ី បដិសេធ។ តែលោក ត្រាំ ថា The Wall Street Journal ចុះផ្សាយដូចនេះជារឿងមិនពិតទេ។
លោក ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ដែលមានសេចក្ដីថា៖ «ការចុះផ្សាយរបស់ The Wall Street Journal ដែលអះអាងថាអាមេរិកផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅលើទឹកដីរុស្ស៊ី គឺមិនពិតឡើយ។»
តែលោក ត្រាំ បែរជាបញ្ជាក់ថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយមីស៊ីលទាំងនោះមិនថាមីស៊ីលមកពីប្រភពណា ឬក៏អ៊ុយក្រែន ប្រើប្រាស់វាយកទៅធ្វើអ្វីនោះទេ។
សម្ដីរបស់លោក ដូណាល់ ត្រាំ នៅឃ្លាចុងក្រោយដូចនេះ គេអាចបកស្រាយថា លោក ត្រាំ ចង់លែងមីស៊ីល Tomahawk ដែលអ៊ុយក្រែន បញ្ចេញសាច់ប្រាក់ពាន់លានដុល្លារទិញពីអាមេរិក តែសម្រាប់ទីក្រុងវ៉ាស៊ីនតោន មិនបានលក់អាវុធផ្ទាល់ទៅឱ្យទៅអ៊ុយក្រែន នោះទេ។ មានន័យថា អ៊ុយក្រែនត្រូវរង់ចាំរហូតមីស៊ីល Tomahawk អាចធ្លាក់ក្នុងដៃប្រទេសណាមួយនៃក្រុមប្រទេសអឺរ៉ុប ឬសមាជិកណាតូ (NATO) ទើបអាចធ្លាក់ទៅដល់អ៊ុយក្រែន។
មានន័យថា លោក ត្រាំ ពិតជាទទួលយកការព្រមានពីរុស្ស៊ី ដែលរុស្ស៊ី ព្រមានអាមេរិកកុំឱ្យលក់អាវុធមួយប្រភេទនេះទៅអ៊ុយក្រែន ហើយថាបើក្រុងវ៉ាស៊ីនតោន ព្រមលក់អាវុធនេះ និងបញ្ជូនអាវុធទៅអ៊ុយក្រែន វាដល់ពេលដែលក្រុងមូស្គូ ត្រូវទម្លាក់ទំនាក់ទំនងការទូតជាមួយអាមេរិកដល់កម្រិតសូន្យម្ដងទៀត។ ពេលនោះ ក្រុងវ៉ាស៊ីនតោន ក្លាយជាសត្រូវពិតប្រាកដរបស់ក្រុងមូស្គូ ហើយ។
នេះជាការព្រមានរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ហើយលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ក៏បានព្រមានដូចនេះដែរ។
តើត្រូវធ្វើដូចម្ដេចទើបអ៊ុយក្រែន ទទួលបាន Tomahawk ឬមីស៊ីលផ្សេងទៀតពីអាមេរិក យកមកប្រយុទ្ធវាយបកលើរុស្ស៊ី ?
នៅថ្ងៃនេះ ទី២៣ តុលា លោក Mark Rute បានទៅទីក្រុងវ៉ាស៊ីនតោន ជាថ្មីម្ដងទៀត។ ក្នុងជំនួបនៅសេតវិមាន លោក Mark Rute អគ្គលេខាធិការយោធាណាតូ បានលើកឡើងអំពីមីស៊ីល Tomahawk ដែលអ៊ុយក្រែន ត្រូវការអាវុធមួយប្រភេទនេះដើម្បីវាយបករុស្ស៊ី វិញ ព្រោះណាតូជាអង្គការមួយដែលធ្លាប់បានបញ្ចេញអាវុធរបស់អាមេរិកទៅឱ្យអ៊ុយក្រែន។
ក្រៅពីនេះ លោកអគ្គលេខាធិការយោធាណាតូ ក៏លើកឡើងផងដែរចំពោះភាពក្រឡេចក្រឡុចរបស់លោក ពូទីន និងពួកវិមានក្រឹមឡាំង។ គេដឹងហើយថាលោក ពូទីន ពេលខ្លះសម្ដែងអារម្មណ៍ចង់បញ្ចប់សង្គ្រាមរហូតថាលោកចង់ឃើញសន្តិភាពពេញលេញនៅអឺរ៉ុប តែពេលខ្លះលោកថាសន្តិភាពនៅអឺរ៉ុប មិនមែនរុស្ស៊ី តែម្នាក់ឯងទេដែលត្រូវស្ដារឡើងវិញ ក្នុងនោះ ជាពិសេសអ៊ុយក្រែន ត្រូវឈប់ទទួលអាវុធពីអឺរ៉ុប ហើយអឺរ៉ុប ត្រូវបញ្ឈប់ការផ្ដល់អាវុធទៅឱ្យអ៊ុយក្រែន។
វិមានក្រឹមឡាំង និងលោក ពូទីន តែងតែចោទថាពួកបស្ចិមប្រទេសដែលនៅតែធ្វើឱ្យភ្លើងសង្គ្រាមមិនអាចរលត់បាននៅលើទឹកដីអ៊ុយក្រែន ព្រោះតែពួកបស្ចិមប្រទេសនៅតែផ្ដល់អាវុធជួយអ៊ុយក្រែន វាយប្រហាររុស្ស៊ី។
ដូចនេះ អ្វីដែលសំខាន់ រុស្ស៊ី ត្រូវការឱ្យសហរដ្ឋអាមេរិក ជាពិសេសលោក ដូណាល់ ត្រាំ មិនត្រូវលក់អាវុធទៅឱ្យអឺរ៉ុប ឬណាតូនោះទេ ព្រោះអាវុធទាំងនោះវាងាយធ្លាក់ក្នុងដៃអ៊ុយក្រែន។យ៉ាងណាក៏ដោយ មេដឹកនាំអឺរ៉ុប គេមិនដែលខ្វល់នឹងរុស្ស៊ី ជំទាស់ ឬក៏ព្រមានចំពោះការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន នោះទេ។
អ្វីដែលសំខាន់ គឺមេដឹកនាំអឺរ៉ុប នៅតែមើលឃើញថា បើអាវុធធុនធ្ងន់ និងមានប្រសិទ្ធភាពធ្លាក់ក្នុងដៃរបស់អ៊ុយក្រែន យ៉ាងហោចណាស់វាជួយទប់ស្កាត់ភ្លាមៗកម្លាំងរុលរបស់កងទ័ពរុស្ស៊ី ហើយចង់មិនចង់ អាវុធនោះវាអាចបាញ់ចំទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ី ទៀតផង។
កន្លងមក ទីតាំងយុទ្ធសាស្ត្រខាងក្នុងទឹកដីរុស្ស៊ី ដូចជាទីតាំងស្ដុកគ្រាប់ ទីតាំងភស្តុភារ និងទីតាំងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ត្រូវបានអាវុធរបស់អ៊ុយក្រែន បាញ់កម្ទេចរួចទៅហើយ។
ដូច្នេះគេឃើញរុស្ស៊ី យ៉ាងហោចណាស់ក៏ធ្លាក់ចុះភាពខ្លាំងរបស់ខ្លួនក្នុងការប្រើប្រាស់អាវុធនៅលើសមរភូមិជួរមុខ ព្រោះតែអាវុធទាំងនោះត្រូវបានកម្ទេច។
ឥឡូវនេះ អ៊ុយក្រែនកំពុងតែពឹងពាក់ខ្លាំងទៅលើអឺរ៉ុប និងណាតូ ដែលធ្វើយ៉ាងណា ណាតូត្រូវបញ្ចុះបញ្ចូលឱ្យលោក ដូណាល់ ត្រាំ ព្រមលក់អាវុធរយៈចម្ងាយឆ្ងាយដែលអាមេរិកមានក្នុងដៃ ក្នុងនោះមានទាំងមីស៊ីល tomahawk មួយផងដែរទៅឱ្យអ៊ុយក្រែន។
លោក Mark Rutte ពិតណាស់នឹងបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យព្រមបញ្ជូនអាវុធ Tomahawk ឬអាវុធរយៈចម្ងាយឆ្ងាយផ្សេងៗទៀតប្រហាក់ប្រហែលនឹង Tomahawk ទៅឱ្យអ៊ុយក្រែន។
ការដែលលោក ដូណាល់ ត្រាំ ទុកចិត្តថាការបញ្ជូនអាវុធទៅឱ្យណាតូ លុះត្រាតែណាតូសន្យាថាខ្លួនទទួលខុសត្រូវចំពោះអាវុធទាំងនេះមិនឱ្យអ៊ុយក្រែន ប្រើប្រាស់បាញ់ទៅលើជនស៊ីវិលរុស្ស៊ី នោះទេ ហើយថាការផ្ទេរអាវុធនេះទៅឱ្យអ៊ុយក្រែន គឺមានកម្រិតមិនច្រើនហួសហេតុដែលទុកឱកាសឱ្យអ៊ុយក្រែន ប្រើប្រាស់ពេញទំហឹងវាយលើរុស្ស៊ី នោះទេ។
ម្យ៉ាងទៀត គេថាលោក Mark Rutte អាចនឹងទទួលខុសត្រូវខ្លាំងថាណាតូជាអ្នកការពារការគំរាមកំហែងរបស់រុស្ស៊ី ជាជាងសហរដ្ឋអាមេរិក បើទោះជាអាមេរិកជាម្ចាស់របស់អាវុធ Tomahawk ក៏ដោយ។
ហេតុអ្វីបានជារុស្ស៊ី ខ្លាចមីស៊ីល Tomahawk អាមេរិក ?
Tomahawk ជាមីស៊ីលដ៏មានអានុភាពបំផុតរបស់អាមេរិក។ មីស៊ីលនេះវារត់បានរយៈចម្ងាយពី ១៦០០គីឡូម៉ែត្រទៅ ២៥០០គីឡូម៉ែត្រ។ វាអាចបាញ់ពីដីទៅលើគោលដៅក៏បាន ហើយវាអាចបាញ់ចេញពីយន្តហោះក៏បាន ពិសេសបំផុតនោះ វាអាចរត់រយៈកម្ពស់ ៥០ម៉ែត្រឡើងទៅ ដែលមិនអាចធ្វើឱ្យរ៉ាដារបស់ S-400 ឬ S-500 របស់រុស្ស៊ី ចាប់សញ្ញាបានងាយៗឡើយ។ ដូច្នេះ វារត់ដោយមានភាពសេរីរបស់វាលើគោលដៅដែលត្រូវហោះទៅកម្ទេច។
បើអ៊ុយក្រែន បាញ់ទៅលើទីក្រុងមូស្គូ គឺទីក្រុងមូស្គូ អាចនឹងត្រូវឆេះខ្លោច ហើយចង់មិនចង់ វិមានក្រឹមឡាំងរបស់លោក ពូទីន នឹងអាចត្រូវកម្ទេចផងដែរ។
នេះគឺជាការព្រមានរបស់លោក ហ្សេឡេនស្គី ដែលលោកបានព្រមានដូចនេះម្ដងរួចទៅហើយនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ កញ្ញា នៅពេលលោក ហ្សេឡេនស្គី ស្ថិតនៅទីក្រុងញ៉ូវយ៉ក ហើយខណៈនោះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Larov ក៏ស្ថិតនៅទីនោះផងដែរ។
នេះជាចំណុចមួយដែលវិមានក្រឹមឡាំង បារម្ភពី Tomahawk អាចបាញ់ដល់ទីក្រុងមូស្គូ។ ចំណុចមួយទៀតដែលរុស្ស៊ី បារម្ភ ដោយសារតែ Tomahawk អាចបាញ់រីករាលដាលគ្រប់ទឹកដីរុស្ស៊ីទាំងអស់ ដែលវាអាចធ្វើឱ្យប្រជាជនរុស្ស៊ី ចលាចល និងអាចធ្វើឱ្យពួកគេបះបោរ ហើយចោទថាបុរសខ្លាំងវិមានក្រឹមឡាំង លោក ពូទីន បញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន វានាំឱ្យធ្លាក់ភ្លើងសង្គ្រាមដល់ទីក្រុងមូស្គូ ប៉ះពាល់ខ្លាំងណាស់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរុស្ស៊ី។
ដោយសារតែដូចនេះហើយបានជាមេដឹកនាំអឺរ៉ុប គេចង់បាន Tomahawk ដើម្បីបន្សាបឥទ្ធិពលអាវុធទាំងអស់របស់រុស្ស៊ី និងទាញសង្គមនៅក្រុងមូស្គូ ធ្លាក់ក្នុងស្ថានភាពអាសន្នគ្រោះថ្នាក់បំផុត ហើយដាក់សម្ពាធលើលោក ពូទីន ឱ្យជ្រើសរើសផ្លូវដើរចំនួនពីរ គឺទីមួយ ចង់បញ្ចប់សង្គ្រាម ឬក៏បន្តសង្គ្រាមទ្រង់ទ្រាយធំដែលអាចឈានដល់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
បើមីស៊ីល Tomahawk ធ្លាក់ក្នុងដៃអ៊ុយក្រែន វាអាចធ្វើឱ្យសង្គ្រាមរុស្ស៊ី – អ៊ុយក្រែន ប្រែប្រួលឬទេ ?
និយាយទៅ Tomahawk បើអាចធ្លាក់ក្នុងដៃរបស់អ៊ុយក្រែន វាអាស្រ័យទៅលើណាតូ និងមេដឹកនាំអឺរ៉ុប ដែលត្រូវតែទិញអាវុធនេះឱ្យបានពីលោក ដូណាល់ ត្រាំ។ អាវុធនេះវាច្បាស់ណាស់ទាញភូមិសាស្ត្រសង្គ្រាមត្រឡប់ក្រោយទៅរកការបិទបញ្ចប់ ឬក៏ផ្ទុយទៅវិញ សង្គ្រាមកាន់តែអាក្រក់ និងធ្ងន់ធ្ងរថែមទៀត។
បើវាកាន់តែអាក្រក់ និងរឹតតែធ្ងន់ធ្ងរ ហើយបែរជាអ៊ុយក្រែន មិនចាញ់សង្គ្រាមរបស់រុស្ស៊ី ទោះជារុស្ស៊ី បាញ់មីស៊ីលផ្លោងប៉ាលិស្ទីក ICBM គឺពេលនោះហើយដែលលោក ពូទីន អាចនឹងដឹងខ្លួនច្បាស់ថារុស្ស៊ី អស់សមត្ថភាពប្រយុទ្ធលេបទឹកដីអ៊ុយក្រែន។
អ៊ុយក្រែន ឈ្នះសង្គ្រាមរុស្ស៊ី រុស្ស៊ីព្រមបញ្ចប់សង្គ្រាម ឥទ្ធិពលរបស់អឺរ៉ុបឡើងដល់កម្រិតខ្ពស់បំផុត។ រុស្ស៊ី អស់ឥទ្ធិពល បុរសខ្លាំង វ៉្លាឌីមៀ ពូទីន នឹងគ្មានន័យអ្វីសម្រាប់យុវជនរុស្ស៊ី ជំនាន់ក្រោយឡើយ។
បុរសខ្លាំងរូបនេះជាមេដឹកនាំដែលបញ្ឆេះសង្គ្រាមធ្វើឱ្យហិនហោចសេដ្ឋកិច្ចរុស្ស៊ី នាំឱ្យឥទ្ធិពលរបស់រុស្ស៊ី នៅលើវេទិកាអន្តរជាតិរងភាពអាម៉ាស់ខ្លាំងណាស់។ វាប៉ះពាល់ខ្លាំងដល់យុវជនរុស្ស៊ី ជំនាន់ក្រោយ ដែលចង់រស់នៅក្រោមដំបូលមេឃសន្តិភាពជាមួយនឹងប្រទេសជិតខាងទាំងអស់៕
© 2025, . All rights reserved.