ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េខាងជើង និង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩។

ព័ត៌មានអន្តរជាតិ

លោក ត្រាំ និង​លោក គីម ជុងអ៊ុន អាច​ជួប​គ្នា​នៅ​តាម​ព្រំដែន​កូរ៉េ​ជា​ថ្មី​ម្ដង​ទៀត-នេះ​បើ​តាម​មន្ត្រី​កូរ៉េខាងត្បូង

By ឌឹ ខេមបូឌា ដេលី

October 26, 2025

រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​នៃ​ប្រទេស​កូរ៉េខាងត្បូង និយាយ​ថា លោក​ជឿជាក់​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​អាច​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុង​ទស្សនកិច្ច​របស់​លោក ត្រាំ ទៅ​កាន់​ឧបទ្វីប​កូរ៉េ នា​សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​បារាំង France 24 ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៤ តុលា។

លោក ត្រាំ ត្រូវ​បាន​រំពឹង​ថា​នឹង​ទៅ​ដល់​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែ​តុលា ដើម្បី​ចូលរួម​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក មន្ត្រី​រដ្ឋការ​លោក ត្រាំ បាន​ពិភាក្សា​ស្ងាត់ៗ​អំពី​ការ​រៀបចំ​ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក និង​លោក គីម ជុងអ៊ុន ជា​ថ្មី​ម្ដង​ទៀត។

មេដឹកនាំ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ៣​លើក​មក​ហើយ។ ជំនួប​ទី​មួយ​នៅ​ប្រទេស​សិង្ហបុរី។ ជំនួប​ទី​២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ចុងក្រោយ​នៅ​ភូមិ Panmunjom ក្នុង​តំបន់​គ្មាន​កងទ័ព​តាម​ព្រំដែន​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក្នុង​ឆ្នាំ​២០១៩។ ជំនួប​កំពូល​លោក គីម ជុងអ៊ុន និង​លោក ត្រាំ ផ្ដោត​លើ​ការ​កាត់បន្ថយ​ភាព​តានតឹង​លើ​ឧបទ្វីប និង​កាត់បន្ថយ​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។

លោក Chung Dong-young រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង ដែល​ទទួល​បន្ទុក​កិច្ចការ​អន្តរ​កូរ៉េ បាន​និយាយ​ថា កូរ៉េខាងជើង​កំពុង​យកចិត្ត​ទុកដាក់​ចំពោះ​សហរដ្ឋ​អាមេរិក ហើយ​សញ្ញា​ជាច្រើន​មក​ទល់​ពេលនេះ​បាន​បង្ហាញ​ថា មាន​លទ្ធភាព​ច្រើន​ដែល​ជំនួប​រវាង​លោក ត្រាំ និង​លោក ជុងអ៊ុន អាច​នឹង​កើតឡើង ប៉ុន្តែ​លោក Chung ទទូច​ដល់​មេដឹកនាំ​ទាំង​ពីរ​ឱ្យ​រក្សា​ឱកាស​នេះ​ដើម្បី​បាន​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត។

កាលពី​ពេល​ថ្មីៗ​នេះ លោក ត្រាំ និយាយ​ថា លោក​មាន​ក្ដី​រំពឹង​អាច​ជួប​លោក ជុងអ៊ុន ម្តង​ទៀត បើ​អាច​ទៅ​រួច គឺ​ក្នុង​ឆ្នាំ​២០២៥ នេះ។ ចំពោះ​លោក ជុងអ៊ុន វិញ កាលពី​ខែ​កញ្ញា ក៏​បាន​រំលឹក​ថា​លោក​ចងចាំ​រឿង​ល្អៗ​អំពី​លោក ត្រាំ ហើយ​ថា​ទីក្រុង​ព្យុងយ៉ាង បើក​ទ្វារ​ចំហ​ចំពោះ​កិច្ចពិភាក្សា ប្រសិនបើ​សហរដ្ឋ​អាមេរិក ទម្លាក់​ចោល​ការ​ទាមទារ​ដែល​ចង់​ឱ្យ​ទីក្រុង​ព្យុងយ៉ាង បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ព្រោះ​ថា​កូរ៉េខាងជើង មិន​ព្រម​ធ្វើ​សម្បទាន​អ្វី​ទាំងអស់​ទាក់ទង​នឹង​សំណើ​អាមេរិក​ដូចនេះ។

ក្នុង​ជំនួប​នៅ​សិង្ហបុរី កាលពី​ឆ្នាំ​២០១៨ និង​នៅ​វៀតណាម កាលពី​ឆ្នាំ​២០១៩ លោក គីម ជុងអ៊ុន បាន​អះអាង​ចង់​ភ្ជាប់​ចំណង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ដរាបណា​អាមេរិក​បញ្ឈប់​គំនិត​រុញ​កូរ៉េខាងជើង ឱ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

កូរ៉េខាងជើង បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ជា​ញឹកញាប់ ហើយ​បាន​ជោគជ័យ​ទៀត​ផង។ នៅ​ខែ​តុលា ឆ្នាំ​២០២៥ នេះ​ទៀត ក្រុង​ព្យុងយ៉ាង បាន​បង្ហាញ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ICBM ដែល​អាច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ពិធី​ហែ​ក្បួន​ព្យុហយាត្រា​នា​ឱកាស​ខួប ៨០​ឆ្នាំ​នៃ​កំណើត​បក្ស​កុម្មុយនីស្ត។ ប្រទេស​កូរ៉េខាងជើង អាច​មាន​គ្រាប់​នុយក្លេអ៊ែរ​ពី ៤០​គ្រាប់​ទៅ ៥០​គ្រាប់។ នេះ​បើ​តាម​គេហទំព័រ Global Firepower។

នៅ​មុន​ពេល​លោក ត្រាំ ទៅ​ដល់​ទីក្រុង​ប៊ូសាន ដែនដី​កូរ៉េខាងត្បូង កូរ៉េខាងជើង​កាលពី​ថ្ងៃ​ពុធ ទី​២២ តុលា បាន​បាញ់​បង្ហោះ​មីស៊ីល​បាលីស្ទិក​ជាច្រើន​គ្រាប់។ បើ​តាម​ប្រភព​យោធា​កូរ៉េខាងត្បូង ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​មីស៊ីល​បាលីស្ទិក​រយៈ​ខ្លី​ជាច្រើន​គ្រាប់ ចេញពី​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

ការ​បាញ់​មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង ជា​ថ្មី​ម្ដង​ទៀត​នេះ ប្រព្រឹត្ត​ទៅ​មួយ​សប្តាហ៍​មុន​ដំណើរ​ទៅ​ដល់​របស់​លោក ដូណាល់ ត្រាំ។ លោក​ប្រធានាធិបតី​អាមេរិក ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ តុលា បន្ទាប់​មក​លោក​នឹង​ទៅ​ចូលរួម​ក្នុង​ជំនួប​កំពូល APEC ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣១ តុលា និង​ថ្ងៃទី​១ វិច្ឆិកា។

នៅ​ខាង​ក្រៅ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក នៅ​កូរ៉េខាងត្បូង សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​តុលា បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ជួប​សមភាគី​ចិន លោក ស៊ី ជីនពីង។ ជំនួប​នេះ ត្រូវ​បាន​រំពឹង​ទុក​ជា​យូរ​មក​ហើយ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​រវាង​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ។

អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt បាន​និយាយ​ថា លោក ត្រាំ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី នៅ​យប់​ថ្ងៃ​សុក្រ ទី​២៤ តុលា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ហើយ​ក្រោយ​មក ទើប​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជប៉ុន និង​កូរ៉េខាងត្បូង។

តាម​អ្នកស្រី Karoline Leavitt លោក ត្រាំ នឹង​ត្រូវ​ជួប​លោក ស៊ី ជីនពីង នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ បន្ទាប់ពី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កិច្ចប្រជុំ​កំពូល​កម្រិត CEO នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី-ប៉ាស៊ីហ្វិក ក្នុង​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង។

អ្នកស្រី Karoline Leavitt បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ​នេះ លោក​ប្រធានាធិបតី ត្រាំ នឹង​ត្រូវ​ចូលរួម​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង មុន​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។

គម្រោង​នៃ​ជំនួប​រវាង​លោក ត្រាំ និង​លោក ស៊ី ជីនពីង ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​អស់​ជាច្រើន​សប្ដាហ៍​មក​នេះ ថា​តើ​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​អាច​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ឬ​ក៏​យ៉ាងណា ស្រប​ពេល​សហរដ្ឋ​អាមេរិក និង​ចិន កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​នឹង​គ្នា​យ៉ាង​ខ្លាំង។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ក្នុង​ខែ​តុលា នេះ ក្រោយពី​ចិន ប្រកាស​ដាក់​ចេញ​វិធានការ​រឹតត្បិត​លើ​ការ​នាំចេញ​រ៉ែ​កម្រ។ ករណី​នេះ ជំរុញ​ឱ្យ​លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ១០០​ភាគរយ។

ប៉ុន្តែ​ប្រសិនបើ​មាន​ជំនួប​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន អាច​មាន​ជា​ថ្មី​ម្ដង​ទៀត វា​កើតឡើង​ក្រោយពី​លោក ជុងអ៊ុន បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន និង​លោក ស៊ី ជីនពីង នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៥ ដែល​ប្រទេស​ចិន បាន​រៀបចំ​មហា​ព្រឹត្តិការណ៍​រំលឹក​ខួប ៨០​ឆ្នាំ​ទិវា​ជ័យជម្នះ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ លើ​កងទ័ព​ជប៉ុន។

ក្នុង​ជំនួប​នោះ មេដឹកនាំ​មហាមិត្ត​បី​ប្រទេស​នេះ បាន​បង្ហាញ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ស៊ីជម្រៅ ដែល​មិន​អាច​បំបែក​បំបាក់​បាន​ឡើយ។ ទាំង​ចិន និង​រុស្ស៊ី សុទ្ធតែ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។ ប្រទេស​ពីរ​នេះ​មិន​ដែល​ជួយ​ទប់ស្កាត់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ម្ដង​ណា​ឡើយ៕

© 2025, . All rights reserved.