នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung)

ព័ត៌មានជាតិ

ប្រធានាធិបតី​កូរ៉េខាងត្បូង គ្រោង​ជួប​លោក ហ៊ុន ម៉ាណែត អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក

By ឌឹ ខេមបូឌា ដេលី

October 27, 2025

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) គ្រោង​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​កូឡាឡាំពួរ នៅ​អាទិត្យ​ក្រោយ​នេះ ជាពិសេស​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ។

សារព័ត៌មាន​កូរ៉េខាងត្បូង YONHAP NEWS AGENCY បាន​ស្រង់​សម្ដី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សាធារណរដ្ឋ​កូរ៉េ លោក វី ស៊ុងឡាក់ (Wi Sung-lac) នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ពិភាក្សា​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​កម្ពុជា និង​បញ្ហា​ដែល​មិន​ទាន់​ដោះស្រាយ ដូចជា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ជាដើម។

ប្រភព​ដដែល បញ្ជាក់​ថា លោក លី ជែម្យុង (Lee Jae Myung) គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ក្នុង​បំណង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​តំបន់​អាស៊ាន​ដែល​មាន​សមាជិក​ទាំង ១០ នេះ​ផង​ដែរ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ រូប​នេះ បញ្ជាក់​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​បង្ហាញ​អំពី​ចក្ខុវិស័យ​របស់​ខ្លួន​សម្រាប់​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​នេះ មុន​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​បូក​បី ដែល​មាន​ការ​ចូលរួម​ពី​កូរ៉េខាងត្បូង ជប៉ុន និង​ចិន នៅ​ពេល​នោះ។

កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៥ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បាន​បញ្ជា​ឱ្យ​ក្រសួង​ការបរទេស​កូរ៉េ ចាត់​វិធានការ​ការទូត​គ្រប់​សព្វ​បែប​យ៉ាង​ឆ្លើយតប​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​ជាបន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា លើ​ពលរដ្ឋ​កូរ៉េ កន្លង​មក។

បទបញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ស្លាប់​និស្សិត​កូរ៉េខាងត្បូង ម្នាក់​ឈ្មោះ Park Minho នៅ​កម្ពុជា ក្នុង​សំណុំរឿង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ខណៈ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង ក៏​ប្រកាស​វិធានការ​ចំពោះ​ឧក្រិដ្ឋកម្ម​នានា​នៅ​កម្ពុជា តាម​បទបញ្ជា​របស់​ប្រធានាធិបតី​របស់​ខ្លួន​ភ្លាមៗ​ដែរ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក ការងារ​ក្លែងក្លាយ និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ជាដើម ដែល​មាន​គោលដៅ​ចំពោះ​ជនជាតិ​កូរ៉េខាងត្បូង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សារព័ត៌មាន​ហុងកុង The South China Morning Post កាលពី​ថ្ងៃទី​១៦ ខែ​តុលា បាន​រាយការណ៍​ថា ពលរដ្ឋ​កូរ៉េខាងត្បូង ជាច្រើន បាន​លុបចោល​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​ចំនួន​ដែរ ក្រោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ដាក់​បម្រាម​កម្រិត​ខ្ពស់​មិន​ឱ្យ​ពលរដ្ឋ​កូរ៉េ ធ្វើ​ដំណើរ​ទៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ព្រមាន​ពី​ការ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​អំពើ​ឆបោក​អនឡាញ។

យ៉ាងណាក៏ដោយ ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​សាធារណរដ្ឋ​កូរ៉េ អ្នកស្រី គីម ជីណា កាលពី​ថ្ងៃទី​១៧ ខែ​តុលា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ជំនួប​នេះ កម្ពុជា-កូរ៉េ នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​រដ្ឋាភិបាល​កូរ៉េ ក៏​បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​លើ​ការងារ​បណ្ដុះបណ្ដាល បំប៉ន​សមត្ថភាព ចែករំលែក​ព័ត៌មាន និង​ផ្លាស់ប្ដូរ​បទពិសោធ​ជាមួយ​កម្ពុជា ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ មិនមែន​ជា​ការ​ស្ដីបន្ទោស​នោះ​ទេ ខណៈ​កម្ពុជា នឹង​បន្ត​ស្វែងរក​ឧក្រិដ្ឋជន ការពារ និង​សង្គ្រោះ​ជនរងគ្រោះ ព្រមទាំង​រក្សា​សុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់ៗ​គ្នា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៥ សភា​អាមេរិក បាន​ចេញ​សេចក្តី​ព្រាង​ច្បាប់​លេខ H.R 5490 ក្នុង​គោលបំណង​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន​ផង​ដែរ ដូចជា លោក ឌី វិជ្ជា លោក នេត សាវឿន លោក គួច ចំរើន លោក ស សុខា ឧកញ៉ា ហ៊ុន តូ និង​ឧកញ៉ា កុក អាន រួម​ទាំង​មនុស្ស​ជាង ៣០​នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន៕

© 2025, . All rights reserved.