(រូប​ឯកសារ)៖ លោក កឹម សុខា (ឆ្វេង) ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ (Photo AFP)

នយោបាយ

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ឡើងវិញ

By ឌឹ ខេមបូឌា ដេលី

October 29, 2025

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើងវិញ បន្ទាប់ពី​អាមេរិក បាន​ជួយ​កម្ពុជា ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ជុំវិញ​បញ្ហា​ព្រំដែន​នា​ពេលនេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ថា បើ​អាមេរិក ពិត​ជា​នៅ​ពីក្រោយ​លោក កឹម សុខា ដើម្បី​គប់គិត​គ្នា​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដូច​តុលាការ​កម្ពុជា ចោទប្រកាន់​មែន ពេលនេះ​អាមេរិក ក៏​មិន​ជួយ​កម្ពុជា ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ដែរ។

លោក ហ៊ីង សុខសាន្ត លើកឡើង​ថា ក្រៅពី​ការ​ជួយ​ធានា​កុំ​ឱ្យ​មាន​សង្គ្រាម​ជាមួយ​ថៃ អាមេរិក ក៏​បាន​ដក​បម្រាម​ហាមឃាត់​លក់​អាវុធ​ចេញពី​កម្ពុជា និង​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា រួម​ទាំង​បង្កើន​ចំនួន​មន្ត្រី​កម្ពុជា ឱ្យ​ទទួល​បាន​ការ​សិក្សា​នៅ​សាលា​យោធា​របស់​ខ្លួន​ថែមទៀត ដែល​នេះ​គឺ​បង្ហាញ​ពី​សមានចិត្ត​ល្អ​របស់​អាមេរិក​លើ​កម្ពុជា ដែល​ផ្ទុយ​ពី​ការ​ចោទ​របស់​កម្ពុជា លើ​អាមេរិក​រហូត​មក។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា អាមេរិក​តែង​បង្ហាញ​ជំហរ​ទៅ​កាន់​កម្ពុជា ជារឿយៗ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ រួម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ ព្រោះ​ទាំងអស់​នេះ​គឺជា​មូលដ្ឋាន​របស់​ប្រជាធិបតេយ្យ​ដែល​អាមេរិក​ចង់បាន ខណៈ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផលប្រយោជន៍​ជាបន្តបន្ទាប់​ពី​អាមេរិក ដែរ។

លោក​បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​ការ​អរគុណ​ដល់​អាមេរិក ដែល​បាន​ជួយ​កម្ពុជា លើ​បញ្ហា​ព្រំដែន និង​ផ្តល់​ឱកាស​ដល់​កម្ពុជា ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ការទូត​ឡើងវិញ កម្ពុជា​គួរតែ​ដោះលែង​លោក កឹម សុខា ដើម្បី​បញ្ជាក់​ថា​ខ្លួន​ក៏​បាន​បញ្ឈប់​ការ​ចោទប្រកាន់​លើ​អាមេរិក បន្ត​ទៀត​ដែរ រួម​ទាំង​ដោះលែង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​អាមេរិក ចង់​ឃើញ​រហូត​មក​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ នៅតែ​បន្ត​ចោទប្រកាន់​លោក កឹម សុខា ដោយ​ភ្ជាប់​ជាមួយ​អាមេរិក ពី​បទ​គប់គិត​គ្នា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ពី​បទ​ក្បត់​ជាតិ ដោយ​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក។

ជុំវិញ​បញ្ហា​នេះ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ០៨​ឆ្នាំ​ហើយ​ដែល​លោក កឹម សុខា ត្រូវ​បាត់បង់​នូវ​សេរីភាព​ដោយ​ការ​ចោទប្រកាន់​មួលបង្កាច់​ដែល​មាន​ចរិត​នយោបាយ និង​ការ​កាត់ទោស​ទាំង​អយុត្តិធម៌។

លោក មុត ចន្ថា លើកឡើង​ថា សហរដ្ឋ​អាមេរិក ត្រូវ​បាន​តំណាង​អយ្យការ និង​ក្រុម​មេធាវី​រដ្ឋាភិបាល ចោទប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ និង​រៀបចំ​ផែនការ ដើម្បី​ធ្វើ​បដិវត្ត​ដែល​បង្ក​ឱ្យ​មាន​ប្រទូសរ៉ាយ ឬ​ឈ្លានពាន​ប្រទេស​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត តំណាង​អយ្យការ និង​ក្រុម​មេធាវី​រដ្ឋាភិបាល​ទាំងនោះ ក៏​បាន​ចោទ​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក និង​អង្គការ​អាមេរិក​ចំនួន​ពីរ ព្រមទាំង​ឥស្សរជន​នៃ​រដ្ឋាភិបាល​អាមេរិក​មួយ​ចំនួន​ផង​ដែរ ដូចជា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) រួម​ទាំង​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ និង​សមាជិក​រដ្ឋសភា ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ថែមទៀត។

លោក មុត ចន្ថា លើក​ជា​សំណួរ​ថា តើ​សាធារណជន​ជាតិ និង​អន្តរជាតិ បាន​ឃើញ​សហរដ្ឋ​អាមេរិក ចូល​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន​កម្ពុជា ដូច​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ និង​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែរ​ឬ​ទេ ប៉ុន្តែ​គេ​បែរជា​ឃើញ​អាមេរិក​ចេញ​មុខ​ជួយ​កម្ពុជា ជុំវិញ​ការ​ឈ្លានពាន​របស់​ថៃ ក្នុង​ពេលនេះ​ទៅវិញ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​ជួយ​កម្ពុជា ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ថៃ ខណៈ​ថ្ងៃទី​២៦ ខែ​តុលា នេះ លោក ដូណាល់ ត្រាំ ក៏​បាន​ចេញ​មុខ​ធ្វើ​សាក្សី​ជួយ​កម្ពុជា ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ បន្ថែម​ទៀត​ដែរ៕

© 2025, . All rights reserved.