កងទ័ពប្រទេសកម្ពុជា និងកងទ័ពប្រទេសថៃ ឯកភាពគ្នាកំណត់យកផែនការដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែន ដោយចាប់ផ្តើមនៅដើមខែវិច្ឆិកា ខាងមុខនេះ ខណៈផែនការពីរផ្សេងទៀត នឹងត្រូវបន្តធ្វើនៅចុងខែវិច្ឆិកា និងអំឡុងខែធ្នូ។
កាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំលេខាធិការដ្ឋាន (RBC) ដែលធ្វើឡើងនៅថ្ងៃពុធនេះ គឺជាកិច្ចប្រជុំពិភាក្សាអំពីផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចក្នុងកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលភាគីទាំងពីរបានយល់ព្រមដកកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែននោះ។
ប្រភពដដែល អះអាងថា លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនតំបន់ (RBC) ប្រទេសថៃ និងប្រទេសកម្ពុជា បានព្រមព្រៀងគ្នាកំណត់យកដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមអនុវត្តដំណើរការដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែន ដោយបែងចែកជាបីដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ត្រូវដកអាវុធប្រភេទ A គឺប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត (multiple rockets) ដោយចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។
ចំណែកឯដំណាក់កាលទី២ ត្រូវដកអាវុធប្រភេទ B ដូចជាប្រភេទកាំភ្លើងធំទំហំ ១៥៥មិល្លីម៉ែត្រ និងប្រភេទអាវុធដែលមានសមត្ថភាពក្រោមពីនេះ ចាប់ផ្តើមពីថ្ងៃទី២២ ខែវិច្ឆិកា ផងដែរ ខណៈដំណើរការនេះ ត្រូវប្រើរយៈពេល ៣សប្ដាហ៍។ ដោយឡែកអាវុធប្រភេទ C ដូចជា រថក្រោះ និងរថពាសដែក ត្រូវដកចេញនៅថ្ងៃទី១៣ ខែធ្នូ ដោយប្រើរយៈពេលរហូតដល់ ៦សប្ដាហ៍ឯណោះ។
កាសែតថៃ ដដែលនេះ បញ្ជាក់ថា គណៈកម្មាធិការព្រំដែនតំបន់ នឹងមានកិច្ចប្រជុំនៅថ្ងៃទី១៥ ខែវិច្ឆិកា ម្តងទៀត ដើម្បីពិនិត្យលទ្ធផលនៃដំណាក់កាលទី១ និងពិភាក្សាបញ្ហា ឬឧបសគ្គណាមួយដែលអាចកើតមាន ដើម្បីអាចដោះស្រាយផែនការដកអាវុធនៅដំណាក់កាលទី២ និងទី៣ បន្តទៀត។
កាលពីថ្ងៃទី២៣ ខែតុលា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបញ្ជាក់ជំហររួមក្រោយបញ្ចប់កិច្ចប្រជុំរវាងគណៈកម្មាធិការនៃប្រទេសទាំងពីរ ដោយឯកភាពគ្នាសម្រួលអាវុធធុនធ្ងន់ និងយុទ្ធោបករណ៍ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ។
ជាងនេះទៀត ក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក៏បានកំណត់ពីការដកយកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនផងដែរ។ បន្ថែមពីនេះ ក៏មានការកំណត់ឱ្យដោះលែងឈ្លើយសឹកថែមទៀត។
គួរបញ្ជាក់ថា ទោះជាមានការផ្តើមដកអាវុធយុទ្ធភណ្ឌបន្ធូរបន្ថយស្ថានភាពតានតឹងតាមតំបន់ព្រំដែនក៏ដោយ ក៏ភាគីថៃ មិនទាន់បង្ហាញសញ្ញាណាមួយថានឹងបើកច្រកព្រំដែនតាមសំណូមពរលោក ហ៊ុន សែន ដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ តុលា ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះត្រួតពិនិត្យរថពាសដែកខាងភាគីកម្ពុជា ដែលបានត្រឡប់ទៅកាន់បន្ទាយវិញ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចំណែកកាសែតថៃ បានរាយការណ៍នៅថ្ងៃទី២៩ តុលា នេះដែរថា ទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ បានបញ្ចេញវីដេអូអំពីការផ្លាស់ប្ដូររថក្រោះចំនួនពីរគ្រឿងត្រឡប់ទៅមូលដ្ឋានដើមវិញ ស្ថិតក្នុងខេត្តសារ៉ាប៊ូរី (Saraburi) ទៅតាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕
© 2025, . All rights reserved.