ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ (រូបភាព៖ ក្រសួង​ព័ត៌មាន)

ព័ត៌មានជាតិ

ជនជាតិ​ចិន​និង​វៀតណាម ៦៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

By ឌឹ ខេមបូឌា ដេលី

October 31, 2025

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៦៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពត ក្រោម​រូបភាព​ប្រើប្រាស់​វិធីសាស្ត្រ​ឆបោក​លួងលោម​ស្នេហា (Romance scam) និង​មាន​គោលដៅ​ឆបោក​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត។

យោង​តាម​របាយការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ និង​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទីតាំង​បន្ទប់ B17-05 ស្ថិត​នៅ​អគារ​ខុនដូរ​វិមាន​កុលាប ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បាន​បុរស​ជនជាតិ​ចិន ជា​ជនសង្ស័យ​ចំនួន ៧​នាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​សម្ភារៈ​មួយ​ចំនួន​ដូចជា កុំព្យូទ័រ ៥​គ្រឿង ម៉ូនីទ័រ​ចំនួន ២​គ្រឿង CPU ចំនួន ២​គ្រឿង និង​ទូរសព្ទដៃ​ចំនួន ៣២​គ្រឿង។

សមត្ថកិច្ច​ជំនាញ​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ឆបោក​ក្រោម​រូបភាព​ជា​ការ​លួងលោម​ស្នេហា (Romance scam) និង​មាន​គោលដៅ​ឆបោក​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត។

ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ នៅ​ថ្ងៃទី​២៨ ខែ​តុលា ដដែល កម្លាំង​នគរបាល​ខេត្ត​កំពត ក៏​បាន​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ ស្ថិត​ក្នុង​ទីតាំង​ក្រោណ​៩៥ ភូមិ​រលួស សង្កាត់​បឹងឈូក ក្រុង​បូកគោ ខេត្ត​កំពត ដោយ​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ចំនួន ៥៨​នាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​មាន​មុខសញ្ញា​ក្នុង​ដីកា​តាម​ចាប់​ខ្លួន​ចំនួន ០៧​នាក់ និង​បាន​ដកហូត​សម្ភារៈ​ជា​វត្ថុតាង​រួម​មាន កុំព្យូទ័រ​ចំនួន ៦៣​គ្រឿង PC២​គ្រឿង ម៉ូនីទ័រ ៣​គ្រឿង និង​ទូរសព្ទដៃ​ចំនួន ៤៨​គ្រឿង។ ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​លើ​ឧបករណ៍​អេឡិចត្រូនិក និង​វត្ថុតាង​ដែល​ប្រមូល​បាន សមត្ថកិច្ច​រក​ឃើញ​ថា ទីតាំង​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​វិនិយោគ​ពាក់ព័ន្ធ​នឹង​រូបិយវត្ថុ​ឌីជីថល​លើ​គេហទំព័រ​ក្លែងក្លាយ និង​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​មាន​គោលដៅ​ទៅ​ប្រទេស​ផ្សេងៗ។

ជនសង្ស័យ និង​វត្ថុតាង​ដែល​រឹបអូស​បាន ត្រូវ​បាន​ប្រគល់​ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ សមត្ថកិច្ច​ជំនាញ កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត​ឈាន​ទៅ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្នុង​រយៈពេល ៤​ខែ​ចុងក្រោយ ឆ្នាំ​២០២៥ នេះ សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជាង ៣៤០០​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ដំណាលគ្នា​នេះ មេខ្លោង រួម​នឹង​បក្ខពួក​សរុប ៧៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។

យ៉ាងណាក៏ដោយ ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​សាធារណរដ្ឋ​កូរ៉េ អ្នកស្រី គីម ជីណា កាលពី​ថ្ងៃទី​១៧ ខែ​តុលា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ជំនួប​នេះ កម្ពុជា-កូរ៉េ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​រដ្ឋាភិបាល​កូរ៉េ ក៏បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​លើ​ការងារ​បណ្ដុះបណ្ដាល បំប៉ន​សមត្ថភាព ចែករំលែក​ព័ត៌មាន និង​ផ្លាស់ប្ដូរ​បទពិសោធ​ជាមួយ​កម្ពុជា​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៥ សភា​អាមេរិក បាន​ចេញ​សេចក្តី​ព្រាង​ច្បាប់​លេខ H.R 5490 ក្នុង​គោលបំណង​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​ឧកញ៉ា​ខ្មែរ​យ៉ាងតិច ៤៣​នាក់​ផង​ដែរ ដូចជា លោក ឌី វិជ្ជា លោក នេត សាវឿន លោក គួច ចំរើន លោក ស សុខា ឧកញ៉ា ហ៊ុន តូ អ្នកស្រី ជូ ប៊ុនអេង ឧកញ៉ា កុក អាន រួម​ទាំង​មនុស្ស​ជាង ៣០​នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​គេ​រក​ឃើញ​ថា​រួម​គំនិត​ជួយ​បិទបាំង ការពារ និង​បាន​ផលប្រយោជន៍​ពី​សហគ្រាស​ឧក្រិដ្ឋកម្ម​នេះ៕

© 2025, . All rights reserved.