ក្រសួងការពារជាតិប្រទេសកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ ឱ្យដោះលែងវីរកងទ័ពខ្មែរទាំង ១៨នាក់ឱ្យត្រឡប់មកប្រទេសកំណើតវិញឱ្យបានឆាប់ជាទីបំផុត ដើម្បីឱ្យពួកគេអាចជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ តុលា នេះថា គិតត្រឹមថ្ងៃទី៣០ ខែតុលា នេះ គឺមានរយៈពេល ៣ខែ និង ៣ថ្ងៃហើយ (៩៣ថ្ងៃ) ដែលវីរយុទ្ធជនទាំង ១៨នាក់ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយយោធាថៃ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ មក។
ក្រសួងការពារជាតិ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តធ្វើការឥតឈប់ឈរដោយប្រើគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងជាតិខ្មែរទាំង ១៨នាក់ឱ្យអាចវិលត្រឡប់មកទឹកដីកំណើតវិញឱ្យបានឆាប់រហ័ស និងដោយសុខសុវត្ថិភាព ព្រោះរាជរដ្ឋាភិបាលមិនដែលបោះបង់កងកម្លាំងជាតិរបស់ខ្លួនចោលឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។
មានការបកស្រាយថា សេចក្តីប្រកាសរួមកម្ពុជា-ថៃ (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាឯកភាពគ្នាឱ្យមានការដោះលែងឈ្លើយសង្គ្រាម រួមទាំងលក្ខខណ្ឌមួយចំនួនទៀតផងដែរ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ជម្លោះព្រំដែន។
អំឡុងពេលចុះហត្ថលេខាជាផ្លូវការលើសេចក្តីប្រកាសសន្តិភាពរួមរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានថ្លែងគាំទ្រការព្រមព្រៀងគ្នានាទីក្រុងកូឡាឡាំពួរ នេះ រួមទាំងការដោះលែងទាហានខ្មែរទាំង ១៨នាក់ដែលទាហានថៃ បានចាប់ខ្លួននាពេលកន្លងមកថែមទៀត។
ប៉ុន្តែក្នុងសេចក្តីប្រកាសរួមជាផ្លូវការនោះ មិនបានចែងអំពីលក្ខខណ្ឌនៃការដោះលែងយុទ្ធជនខ្មែរទាំង ១៨នាក់នោះទេ។
៤ចំណុចសំខាន់ៗដែលភាគីខ្មែរសន្យាជាផ្លូវការថានឹងអនុវត្តតាមសំណើភាគីថៃ គឺ៖
- ផ្តើមពីការដកអាវុធយុទ្ធភណ្ឌធុនធ្ងន់ពីតំបន់ព្រំដែនទាំងសងខាង
- ដោះមីនតាមព្រំដែន (ភាគីថៃ កំណត់ ១៣ទីតាំង)
- បង្ក្រាបសកម្មភាពឆបោកក្នុងស្រុកខ្មែរ
- រៀបចំកំណត់ព្រំប្រទល់ដែនរវាងប្រទេសទាំងពីរជាថ្មី។
ភាគីថៃ បានផ្តល់ព័ត៌មានឲ្យភាគីខ្មែររួចហើយអំពីទីតាំងដែលដកអាវុធយកទៅទុកតាមខេត្ត ដើម្បីឲ្យក្រុម AOT ត្រួតពិនិត្យ ដោយដាក់នៅខេត្តសុរិន្ទ រួចផ្ទេរទៅឃ្លាំងនៅខេត្តនគររាជ និងលប់បុរី។
គេថារឿងដឹកអាវុធទៅដាក់ឯណា ខាងភាគីខ្មែរមិនមែនសម្រេចលើនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទេ គឺលើលោក ហ៊ុន សែន។
បន្ថែមពីនេះ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) បានរាយការណ៍កាលពីថ្ងៃទី២៨ តុលា ថា សហរដ្ឋអាមេរិក ចង់ឃើញប្រទេសថៃ ធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ភ្លាមៗ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមចំពោះវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ជុំវិញបញ្ហានេះ កាសែត The Nation របស់ថៃ រាយការណ៍សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល កាលពីថ្ងៃទី២៨ តុលា ថា ថៃបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ជូនទាហានកម្ពុជាចំនួន ១៨នាក់ដែលកំពុងស្ថិតក្រោមការឃុំខ្លួន ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលដែលយោធាបញ្ជាក់ពីភាពរួចរាល់នៃការពិនិត្យសុខភាពមុនធ្វើមាតុភូមិនិវត្តន៍ ដើម្បីធានាបាននូវតម្លាភាព និងក្រោមកាយវិការមនុស្សធម៌។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា អះអាងថា ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃ បានប្រើល្បិចកលចាប់ទាហានកម្ពុជាចំនួន ២២នាក់ ដោយទាហានថៃ ទាំងនោះធ្វើជាដើរមកស្វាគមន៍ទាហានកម្ពុជា និងសម្ដែងធ្វើជាសុំទាហានកម្ពុជា ថតរូបជាមួយផងដែរ។ ត្រង់ចំណុចអះអាងនេះ សារព័ត៌មានបរទេសដូចជា The Diplomat និង Asia News Network ជាដើម គេមិនប្រើពាក្យខុសច្បាប់ទម្លាប់ថា ចំណាប់ខ្មាំង hostage នោះទេ គេប្រើពាក្យ prisoners of war (POWs) ពីព្រោះវាស្ថិតក្នុងស្ថានការណ៍ច្បាំងគ្នារវាងទាហាន និងទាហាន។
លោកបន្តថា ប៉ុន្តែពេលកំពុងថតរូប ក្រុមទាហានថៃ ដែលបង្កប់ខ្លួននៅក្នុងព្រៃ ក៏ចេញមកភ្ជង់កាំភ្លើងចាប់ខ្លួនទាហានខ្មែរទាំងនោះតែម្តង ប៉ុន្តែមានទាហានខ្មែរម្នាក់បានរត់រួចខ្លួនក្រោយពីធ្វើពុតជាស្លាប់។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ថា ក្រោយចាប់ខ្លួនទាហានខ្មែរបាន ៣ថ្ងៃ ថៃបានបញ្ជូនសាកសពទាហានខ្មែរម្នាក់នៅថ្ងៃទី៣១ ខែកក្កដា ខណៈទាហានខ្មែរ ២នាក់ទៀត ត្រូវទាហានថៃ បញ្ជូនមកនៅថ្ងៃទី១ ខែសីហា ប៉ុន្តែទាហានម្នាក់មានរបួសធ្ងន់ និងបាក់ដៃ និងទាហានម្នាក់ទៀតមានស្មារតីមិនគ្រប់គ្រាន់៕
© 2025, . All rights reserved.