ក្រុម​មេ​បណ្ដាញ​ឆបោក​អនឡាញ​ដែល​អាជ្ញាធរ​សិង្ហបុរី កំពុង​តាម​ចាប់​ខ្លួន។

ព័ត៌មានជាតិ

អាជ្ញាធរ​សិង្ហបុរី កំពុង​សហការ​ជាមួយ​ប៉ូលិស​អាំងទែរប៉ូល​តាម​ចាប់​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ពី​ប្រទេស​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

October 31, 2025

សមត្ថកិច្ច​សិង្ហបុរី កំពុង​តាម​ចាប់​ខ្លួន​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​ជនជាតិ​សិង្ហបុរី និង​ជនជាតិ​ម៉ាឡេស៊ី ចំនួន ៣៤​នាក់ ដែល​មាន​បណ្ដាញ​ឆបោក​អនឡាញ​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​បាន​ឆបោក​យក​ប្រាក់​ពី​ជនរងគ្រោះ​ជា​ជនជាតិ​សិង្ហបុរី ប្រមាណ ៣១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តាមរយៈ​ការ​ក្លែង​បន្លំ​ធ្វើ​ជា​មន្ត្រី​រដ្ឋាភិបាល​សិង្ហបុរី។

យោង​តាម​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍​សិង្ហបុរី CNA កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ ក្រុម​ជនសង្ស័យ​ទាំង ៣៤​នាក់​ដែល​សមត្ថកិច្ច​សិង្ហបុរី កំពុង​តាម​ចាប់​ខ្លួន បច្ចុប្បន្ន​ពុំ​មាន​វត្តមាន​ក្នុង​ប្រទេស​សិង្ហបុរី នោះ​ទេ ខណៈ​ពួកគេ​មាន​បណ្ដាញ​ឆបោក​អនឡាញ​ចេញពី​ប្រទេស​កម្ពុជា។

ជនសង្ស័យ​ទាំង ៣៤​នាក់ មាន​ជនជាតិ​សិង្ហបុរី ចំនួន ២៧​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ចំនួន ៧​នាក់។ ពួកគេ​ពុំ​ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ប្រទេស​កម្ពុជា នោះ​ទេ សមត្ថកិច្ច​កំពុង​ធ្វើការ​ជាមួយ​ប៉ូលិស​អាំងទែរប៉ូល ដើម្បី​កំណត់​ទីតាំង​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ពួកគេ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ក្លែង​បន្លំ​ធ្វើ​ជា​មន្ត្រី​រដ្ឋាភិបាល​សិង្ហបុរី ហើយ​បាន​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ប្រមាណ ៣១,៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​បទល្មើស​ចំនួន ៤៣៨​ករណី។ តែ​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្រោយ​សមត្ថកិច្ច​សិង្ហបុរី បាន​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​ទាំងនោះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ដោយ​ពួកគេ​ពិត​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​បទពិសោធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​សម្អាត​សាច់ប្រាក់ នៅ​ថ្ងៃទី​៨ ខែ​តុលា លោក ស សុខា លើកឡើង​ថា រដ្ឋាភិបាល​កាលពី​អាណត្តិ​ទី​៦ បាន​បណ្ដេញ​ចេញ​ជនបរទេស​ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ​ជាង ២​ម៉ឺន ១​ពាន់​នាក់​ក្នុង​មួយ​អាណត្តិ។ នៅ​ក្នុង​នីតិកាល​ទី​៧ ប្រមាណ ២​ឆ្នាំ​នេះ រដ្ឋាភិបាល​ក៏​បាន​បណ្ដេញ​ចេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់​ផង​ដែរ។

លោក ស សុខា បន្ថែម​ទៀត​ថា ការ​បណ្ដេញ​ជនបរទេស​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​កិច្ចការងារ​បទល្មើស​អនឡាញ។ លោក​ថា ការ​បង្ក្រាប​បទល្មើស​អនឡាញ មិនមែន​មាន​តែ​កម្ពុជា នោះ​ទេ​ដែល​ទទួល​ខុសត្រូវ គឺ​បណ្ដា​ប្រទេស​នានា​ត្រូវ​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​រួម​គ្នា​បង្ក្រាប​បទល្មើស​អនឡាញ​នេះ។

គួរ​កត់សម្គាល់​ថា៖ ឧកញ៉ា​វ័យក្មេង​ជនជាតិ​ចិន សញ្ជាតិ​ខ្មែរ ឈ្មោះ ចេន ហ្ស៊ី ឈ្មោះ​អង់គ្លេស Vincent ថៅកែ​ក្រុមហ៊ុន Prince Group ដើមឡើយ​ជា​ទីប្រឹក្សា​លោក ស ខេង បន្ទាប់​មក​ទីប្រឹក្សា​លោក ស សុខា ដែល​មាន​ចំណែក​ក្នុង​ក្រុមហ៊ុន ជីនប៉ី (Jinbei) មួយ​រយៈ មុន​នឹង​លោក ហ៊ុន សែន យក​ទៅ​ធ្វើ​ទីប្រឹក្សា​លោក​ផ្ទាល់។

យោង​តាម​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​រយៈពេល ៤​ខែ​ចុងក្រោយ​ឆ្នាំ​២០២៥ នេះ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​បង្ក្រាប​ទីតាំង​ចំនួន ៩២​កន្លែង គ្របដណ្ដប់​លើ​១៨ រាជធានី និង​ខេត្ត។ លទ្ធផល​ចុងក្រោយ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​សរុប ៣៤៥៥​នាក់ មាន ២០​សញ្ជាតិ មាន​ជនបរទេស​ចំនួន ២៨២៥​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា៕

© 2025, . All rights reserved.