កាលពីថ្ងៃអង្គារ ទី២៨ តុលា ប្រទេសដែនកោះ Madagascar ស្ថិតក្នុងមហាសមុទ្រឥណ្ឌាបានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីពួកយោធាឆក់យកអំណាចពីរដ្ឋាភិបាលពុករលួយនៃប្រធានាធិបតី Andry Rajoelina ដែលរត់ចោលប្រទេស។
តាមការចុះផ្សាយរបស់សារព័ត៌មាននានានៃដែនកោះ Madagascar រដ្ឋាភិបាលថ្មីនៃប្រទេស Madagascar ជារដ្ឋាភិបាលចម្រុះ ក្នុងនោះបក្សនយោបាយប្រឆាំងទទួលបានឋានៈជារដ្ឋមន្ត្រីចំនួន ៣ស្ថាប័នសុទ្ធតែជាស្ថាប័នសំខាន់របស់ប្រទេស Madagascar។
ពិធីប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៃរដ្ឋាភិបាលលោកវរសេនីយ៍ឯក Michael Randrianirina ដែលដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Andry Rajoelina ដោយសហការជាមួយក្រុមយុវជន GenZ មានគម្រោងប្រកាសគណៈរដ្ឋមន្ត្រីរបស់ខ្លួនតាំងពីសប្ដាហ៍មុន តែត្រូវបានលើកពេល ២ដង ព្រោះតែសមាសភាពគណៈរដ្ឋមន្ត្រីខ្លះត្រូវបានជំទាស់ដោយក្រុមយុវជន GenZ ដែលជាអ្នកផ្ចុងផ្ដើមធ្វើបាតុកម្មដេញប្រធានាធិបតី Rajoelina ពីអំណាច។
សូមបញ្ជាក់ថា យុវជន GenZ ជាយុវជនកើតចន្លោះពីចុងឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០១០ គេច្រើនរាប់ជាពិសេសអ្នកកើតពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២។ បាតុកម្មផ្ទុះពាសពេញប្រទេសនៅថ្ងៃទី២៥ កញ្ញា ហើយបិទបញ្ចប់នៅថ្ងៃទី១៣ តុលា។ ការតវ៉ារបស់យុវជន GenZ ព្រោះតែរឿងពុករលួយ រឿងខ្វះទឹកស្អាតប្រើប្រាស់ និងការខ្វះភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវសាធារណៈ បែរជាភូមិគ្រឹះអ្នកមានអំណាចអ្នកមានប្រាក់ស្ដុកស្ដម្ភ មិនដែលដាច់ភ្លើងអគ្គិសនី។
គណៈរដ្ឋមន្ត្រីថ្មីមានសមាជិក ២៩រូប ក្នុងនោះមានស្ត្រី ១០រូប ដែលស្ត្រីទាំងនោះមានឋានៈជារដ្ឋមន្ត្រី និងជាអនុរដ្ឋមន្ត្រីដែលខុសពីគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលមុនៗកម្រមានស្ត្រីឡើងកាន់តំណែងរដ្ឋមន្ត្រី។
អាទិភាពនៃរដ្ឋាភិបាលផ្សះផ្សាជាតិនៃដែនកោះ Madagascar ក្នុងនោះការបំបាត់និទណ្ឌភាព ភាពគ្មានទោសពៃរ៍របស់ពួកមន្ត្រីណាដែលមានកំហុស ប្រព្រឹត្តអំពើពុករលួយ ឬប្រព្រឹត្តបទឧក្រិដ្ឋ គឺមិនអាចលើកលែងបានឡើយសម្រាប់ប្រព័ន្ធយុត្តិធម៌ថ្មីក្រោយរដ្ឋប្រហារ។
ការបង្កើតបរិយាកាសការងារដល់យុវជន និស្សិតចេញពីសាកលវិទ្យាល័យ គឺជាអាទិភាពដ៏ធំ ហើយគ្មានទេប្រព័ន្ធការិយាធិបតេយ្យបង្កការសូកប៉ាន់ និងពុករលួយ។ នេះជាការបញ្ជាក់របស់លោកវរសេនីយ៍ឯក Michael Randrianirina ដែលបានថ្លែងនៅឯពិធីប្រកាសគណៈរដ្ឋមន្ត្រី។
រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងប្រធានស្ថាប័នរដ្ឋ ត្រូវតែបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនដោយគ្មានលាក់បាំងឡើយ។ រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី និងប្រធានស្ថាប័នរដ្ឋនីមួយៗ ត្រូវធ្វើឱ្យមានលទ្ធផលជាវិជ្ជមានសម្រាប់ជាតិក្នុងរយៈពេល ២ខែ។ ការមិនស្រេចបានអ្វីមួយដើម្បីប្រយោជន៍ជាតិក្នុងរយៈពេល ២ខែ គឺជាការបរាជ័យក្នុងការកាន់មុខតំណែង ដែលប្រឈមមុខនឹងការដោះដូរ ឬស្នើឱ្យលាលែងពីតំណែង។
ប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថា គណៈរដ្ឋមន្ត្រីថ្មី ភាគច្រើនជាអ្នកនយោបាយមិនសូវលេចឈ្មោះ តែជាអ្នកនយោបាយស្អាតស្អំទោះជាបទពិសោធនៅមានកម្រិតក្ដី។
យ៉ាងតិចរដ្ឋមន្ត្រី ៣រូបមកពីបក្សនយោបាយប្រឆាំង ត្រូវបានស្នើកាន់កាប់ស្ថាប័នសំខាន់ៗ ក្នុងនោះមានក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនៃពិធីប្រកាសគណៈរដ្ឋមន្ត្រីថ្មី ប្រជាជនដែនកោះនៃប្រទេស Madagascar បានសម្ដែងការសាទរ ដោយក្ដីសង្ឃឹមថា៖ ផលប្រយោជន៍ជាតិ គឺជាអាទិភាពសម្រាប់ប្រជាជន។ ការគ្រប់គ្រងធនធានសម្បត្តិជាតិ ត្រូវមានតម្លាភាព គ្មានការកិបកេងឡើយ។ ជាមួយគ្នានេះ សង្គមត្រូវតែមានយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ។ សង្គមស្អាតស្អំគ្មានទេអយុត្តិធម៌។ អ្នកបង្កអំពើអយុត្តិធម៌ អ្នកមានអំណាចជិះជាន់គាបសង្កត់អ្នកទន់ខ្សោយដោយបំពានច្បាប់ ត្រូវតែមានទោស។
ហេតុអ្វីបានជាថ្នាក់ឧត្ដមសេនីយ៍ឯកមិនដឹកនាំធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Rajoelina ពីអំណាច ?
នៅប្រទេសណាក៏មានដែរ ឧត្ដមសេនីយ៍ផ្កាយ១ ផ្កាយ២ ផ្កាយ៣ ហើយប្រទេសខ្លះមានរហូតផ្កាយ៤។ ចុះហេតុអ្វីបានជាវរសេនីយ៍ឯកម្នាក់ឋានន្តរស័ក្ដិត្រឹមស័ក្ដិ៥ បែរជាមានភាពក្លាហានដឹកនាំរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់ខ្លួន ដែលជាកំពូលរដ្ឋបុរសរបស់ប្រទេស។ តើរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស Madagascar នៅឯណា? តើអគ្គមេបញ្ជាការកងទ័ពនៅឯណា? បែរជាវរសេនីយ៍ឯកម្នាក់ឋានន្តរស័ក្ដិត្រឹមស័ក្ដិ៥ ចេញមុខធ្វើរដ្ឋប្រហារ។ គេថាព្រោះតែលោកវរសេនីយ៍ឯក Michael Randrianirina ជាមេអង្គភាពកងទ័ព ដែលមានបន្ទាយនៅជាយរដ្ឋធានី Antananarivo។ គាត់នៅជាប់នឹងបាតុករក្រុមយុវជន Gen Z ប៉ុន្តែការពិត គេថាឧត្ដមសេនីយ៍របស់គាត់ជាក្រុមមនុស្សចាក់ខ្សែ មិនចង់ផ្ដួលប្រធានាធិបតី Andry Rajoelina ព្រោះតែមនោសញ្ចេតនា និងការយោគយល់។
ដូច្នេះ បើមានមេទ័ពណា ទោះឋានៈនាទីតូចតាចក្ដីដឹកនាំរដ្ឋប្រហារឱ្យតែបានជោគជ័យ យើងក៏ជោគជ័យដែរ។ គេថា អ្នកបានជ័យជម្នះ យើងក៏បានផលប្រយោជន៍ពីអ្នកដែរ។ តែបើអ្នកស្លាប់ ឬគ្រោះថ្នាក់ យើងឈរមើលអ្នក។
តើប្រធានាធិបតីថ្មីប្រទេស Madagascar មានជីវប្រវត្តិដូចម្ដេច ?
វរសេនីយ៍ឯក Michael Randrianirina កើតនៅក្នុងឆ្នាំ១៩៧៤។ គាត់ធ្លាប់ជាមន្ត្រីជាន់ខ្ពស់យោធា និងជាអ្នកនយោបាយ។ គាត់ជានិស្សិតយោធារៀននៅសាលាយោធាជាន់ខ្ពស់កម្រិត Academy។
គាត់ធ្លាប់ជាអភិបាលក្រុង Androy ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ហើយក្រោយមកគាត់ឡើងឋានៈជាវរសេនីយ៍ឯក ជាមេអង្គភាពកងទ័ពមួយមានបន្ទាយនៅជាប់នឹងរដ្ឋធានី Antananarivo។
វរសេនីយ៍ឯក Michael Randrianirina ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ២០២៣ ដោយសារតែគាត់ប្រឆាំងការដឹកនាំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Andry Rajoelina។ គាត់ជាប់ទោសពីបទញុះញង់ឱ្យមានចលនាប្រឆាំងរបបលោកប្រធានាធិបតី Andry Rajoelina។
វរសេនីយ៍ឯក Michael Randrianirina ត្រូវបានតុលាការរដ្ឋធម្មនុញ្ញប្រកាសទទួលស្គាល់ជាផ្លូវការជាប្រធានាធិបតីដែនកោះនៃប្រទេស Madagascar។ ឥឡូវនេះ វរសេនីយ៍ឯក Michael Randrianirina បានក្លាយជាប្រធានាធិបតីទី៩ របស់ដែនកោះដ៏ធំទី៤ នៃពិភពលោក ដែលមានប្រជាជនជាង ៣១លាននាក់ ស្ថិតនៅតំបន់កោះនៃមហាសមុទ្រឥណ្ឌា។ គាត់សន្យាថាដឹកនាំប្រទេស Madagascar ឋានៈជាប្រធានាធិបតីតែ ២ឆ្នាំប៉ុណ្ណោះ នឹងផ្ទេរអំណាចទៅឱ្យប្រធានាធិបតីដែលជាប់ឆ្នោត៕
© 2025, . All rights reserved.