សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន យុទ្ធ ឬ ភុន យុទ្ធ ហៅ ភាន

ព័ត៌មានជាតិ

តុលាការ​ចោទប្រកាន់​សកម្មជន​នយោបាយ​ពិការ ភុន យុទ្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍

By ឌឹ ខេមបូឌា ដេលី

November 03, 2025

តុលាការ​ខេត្ត​តាកែវ សម្រេច​ចោទប្រកាន់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន យុទ្ធ ឬ ភុន យុទ្ធ ហៅ ភាន អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

សាលាដំបូង​ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​តុលា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ តុលា ថា អយ្យការ​អម​សាលាដំបូង​តាកែវ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ហ៊ុន យុទ្ធ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់ពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​រួចរាល់។

ប្រភព​ដដែល អះអាង​ថា កាលពី​ថ្ងៃទី​២៩ ខែ​តុលា កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ បាន​បញ្ជូន​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នៃ​ជនសង្ស័យ​ឈ្មោះ ហ៊ុន យុទ្ធ ដែល​បាន​ប្រព្រឹត្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចំនួន ៣​លើក។

សាលាដំបូង​ខេត្ត​តាកែវ បញ្ជាក់​ថា តាមរយៈ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ តុលាការ​បាន​រក​ឃើញ​ថា ឈ្មោះ ហ៊ុន យុទ្ធ បាន​ប្រព្រឹត្ត​ល្មើស​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ថ្ងៃទី​២០ និង​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៥ នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ស្រុក​ទ្រាំង បាន​ចុះ​ទៅ​ព័ទ្ធ​ផ្ទះ និង​ចាប់​ខ្លួន​លោក ហ៊ុន យុទ្ធ កាលពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ។

ក្នុង​វីដេអូ​ឃ្លីប​ប្រវែង​ជិត​មួយ​នាទី ត្រូវ​បាន​លោក ហ៊ុន យុទ្ធ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​បញ្ជាក់​ថា នគរបាល​បាន​នាំគ្នា​មក​ចាប់​ខ្លួន​លោក​ហើយ ខណៈ​រូបលោក​មិន​ដឹង​ថា​ខ្លួនឯង​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ។

មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន លោក ហ៊ុន យុទ្ធ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ជាបន្តបន្ទាប់ ក្រោយពី​មាន​សេរីភាព​ឡើងវិញ​ប្រមាណ​ជា ១​ខែ ក្នុង​នោះ លោក ហ៊ុន យុទ្ធ បាន​រិះគន់​ពី​ចំនួន​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ចំនួន​ច្រើន​ហួសហេតុ និង​លើកឡើង​ពី​ការ​លុបបំបាត់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា ផង​ដែរ។

យោង​តាម​បទ​ចោទ​ដែល​តុលាការ​បាន​សម្រេច​នា​ពេលនេះ លោក ហ៊ុន យុទ្ធ ទំនង​ជា​ត្រូវ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ជា​លើក​ទី​៣ ដូច​ពេល​មុនៗ​ដែរ។

លោក ហ៊ុន យុទ្ធ ជា​ជនពិការ​ជើង​ពី​កំណើត រស់នៅ​ភូមិ​ត្រពាំងឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ចំនួន​ពីរ​លើក​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២៤។

យ៉ាងណាក៏ដោយ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ប្រទេស​ចំនួន ១៤៣ នៅ​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៥ នេះ ក្នុង​នោះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ដោយសារ​គេ​រក​ឃើញ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2025, . All rights reserved.