អតីតអ្នកទោសដែលធ្លាប់ត្រូវបានឃុំខ្លួនក្នុងប្រទេសកម្ពុជា លោក វីរៈ ស៊ុមខ្វាមឃីត និងជាសកម្មជននយោបាយរបស់ក្រុមអាវលឿងថៃ ប្រមូលផ្ដុំបក្ខពួកប្រមាណជា ៦០នាក់ សម្រុកចូលទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ប៉ុនប៉ងអុកឡុកដើម្បីបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីតំបន់នោះ។
សារព័ត៌មានក្នុងស្រុកជាច្រើន នៅថ្ងៃសុក្រ ទី៣១ តុលា បានចុះផ្សាយព្រោងព្រាតនូវសកម្មភាពរបស់ជនជាតិថៃ មួយក្រុមដែលមានគ្នាប្រមាណជា ៦០នាក់ ដឹកនាំដោយសកម្មជននយោបាយក្រុមអាវលឿងថៃ លោក វីរៈ ស៊ុមខ្វាមឃីត ដែលមានទាំងត្រាក់ទ័រ និងអេស្កាវាទ័រ បានលើកគ្នាបម្រុងចូលទៅភូមិព្រៃចាន់ ក្នុងបំណងបណ្តេញពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់នោះ។
ប្រភពដដែល បង្ហាញថា កងកម្លាំងថៃ បានចេញមកទប់ស្កាត់មិនឲ្យក្រុមរបស់លោក វីរៈ ស៊ុមខ្វាមឃីត និងបក្ខពួកចូលទៅបង្កភាពអនាធិបតេយ្យ និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ ឡើយ ខណៈក្រុមពលរដ្ឋថៃ ទាំងនេះ នាំគ្នាស្រែកទាមទារឱ្យកងទ័ពថៃ ត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឱ្យបាន។
ពលរដ្ឋថៃ ទាំងនោះ ព្រមានទៅកាន់ក្រុមយោធាថៃ ថា បើកងទ័ពថៃ ទាំងនោះ មិនធ្វើតាមបំណងរបស់ពួកគេទេ ពួកគេនឹងចូលទៅបណ្តេញពលរដ្ឋខ្មែរនៅតំបន់ភូមិព្រៃចាន់ នេះដោយខ្លួនឯង មិនចាំបាច់ពឹងលើកងកម្លាំងយោធានោះទេ។
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ រាប់រយនាក់ បានធ្វើសកម្មភាពលបចូលទៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុនប៉ងរាយលួសបន្លាសាជាថ្មី ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ប្រមូលផ្ដុំគ្នារារាំង និងបណ្តេញពួកគេត្រឡប់ទៅវិញ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កាសែត ខៅស៊ុត (Khaosod) របស់ថៃ បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ថា នៅក្នុងតំបន់ត្រួតស៊ីគ្នា កម្ពុជាបានរំលោភចូលដីថៃ ចំណែកឯថៃ ក៏បានរំលោភចូលដីកម្ពុជា ដែរ ក្នុងខេត្តស្រះកែវ ដែលជាប់នឹងខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយបញ្ហានេះ ត្រូវតែមានការគ្រប់គ្រងដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
ប្រភពដដែលអះអាងថា ការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នាក្នុងពេលបច្ចុប្បន្ននេះ គឺថៃ កំពុងផ្ដោតលើតំបន់បានណងចាន់ (Ban Nong Chan) និងបានណងយ៉ាកែវ (Ban Nong Ya Kaew) បានកំណានលី ស្រុកគោកស៊ូង ខេត្តស្រះកែវ (Sa Kaeo) ព្រោះមានផ្នែកខ្លះរបស់កម្ពុជា បានរំលោភចូលមកលើថៃ ប៉ុន្តែក៏មានផ្នែកខ្លះរបស់ថៃ បានរំលោភចូលទៅលើកម្ពុជាដូចគ្នាដែរ។
លោក អនុធីន ឆានវីរៈគុល លើកឡើងថា ប្រសិនបើប្រជាជនថៃ បានរំលោភចូលទឹកដីប្រទេសកម្ពុជា ថៃត្រូវតែប្រគល់ឲ្យប្រទេសកម្ពុជាវិញ ខណៈរដ្ឋាភិបាលត្រូវតែរកកន្លែងស្នាក់នៅថ្មីសម្រាប់ពលរដ្ឋដែលបានរំលោភលើដីប្រទេសកម្ពុជា ហើយការអនុវត្តដូចគ្នានេះ ក៏ត្រូវធ្វើឡើងដោយភាគីខ្មែរដែលបានរំលោភលើដីថៃ ដែរ ក្នុងករណីដែលភាគីទាំងពីរមានការព្រមព្រៀងគ្នានោះ។
គួររំឭកថា លោក វីរៈ ស៊ុមខ្វាមឃីត ដែលជាសកម្មជនអាវលឿងថៃ ធ្លាប់ត្រូវបានតុលាការកម្ពុជា ចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ កាលពីឆ្នាំ២០១១ ក្រោមបទឆ្លងដែនខុសច្បាប់ចូលទឹកដីប្រទេសកម្ពុជា និងចូលយកការណ៍នៅក្នុងបន្ទាយយោធាខ្មែរក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្រោយមានអន្តរាគមន៍ពីរដ្ឋាភិបាលថៃ៕
© 2025, . All rights reserved.