កងទ័ពជើងគោកថៃ ច្រានចោលសេចក្តីថ្លែងការណ៍ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងសារព័ត៌មានស្រុកខ្មែរ ដែលបានអះអាងថាគ្រាប់ដែលផ្ទុះបណ្ដាលឱ្យកូនប្រុសអាយុ ១០ឆ្នាំស្លាប់ និងឪពុករបស់គេរបួសធ្ងន់ថាជាគ្រាប់បាញ់ដោយយោធាថៃ ថាជាការផ្សាយសេចក្តីរាយការណ៍មិនត្រឹមត្រូវ ប្រាសចាកការពិត។
កាសែត The Nation របស់ថៃ បានរាយការណ៍អំពីការអះអាងរបស់អ្នកនាំពាក្យកងទ័ពថៃ លោក វិនធ័យ សុវារី (Winthai Suvaree) នៅថ្ងៃទី៣១ តុលា ថា កងទ័ពជើងគោកថៃ (Royal Thai Army) មានការព្រួយបារម្ភចំពោះរបាយការណ៍ព័ត៌មានខ្លះរបស់កម្ពុជា ពាក់ព័ន្ធការផ្ទុះគ្រាប់បែកនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្លាប់កុមារអាយុ ១០ឆ្នាំម្នាក់ និងបង្កឲ្យឪពុករងរបួស ថាបណ្តាលមកពីគ្រាប់បែកប្រភេទ M-85 របស់ថៃ នោះ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់បែកមួយ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឲ្យក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់បាត់បង់ជីវិត ខណៈឪពុកដែលមានអាយុ ៤៣ឆ្នាំត្រូវរងរបួសធ្ងន់។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ថា អង្គភាព CMAC បានសន្និដ្ឋានថាគ្រាប់ដែលបានផ្ទុះបង្កឱ្យមានការស្លាប់ និងរបួសនេះ គឺជាគ្រាប់បែកចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំទំហំ ១៥៥មិល្លីម៉ែត្រ។
CMAC សន្និដ្ឋានថា គ្រាប់បែកនេះគឺជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃ បានបាញ់មកលើទឹកដីកម្ពុជា ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។
ប្រភពដដែល បន្តថា ការសន្និដ្ឋាននេះ គឺផ្អែកទៅលើលទ្ធផលនៃការធ្វើវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ការចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងផ្អែកតាមសម្ដីរបស់សាច់ញាតិជនរងគ្រោះ អំពីភិនភាគគ្រាប់បែកដែលពួកគេបានយកគ្រាប់នោះមកទុកក្បែរផ្ទះនោះ។
អង្គភាពកម្ចាត់មីនកម្ពុជា បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញរបស់អង្គភាព CMAC បានស្រាវជ្រាវ និងកំណត់ទីតាំងភូមិសាស្ត្រចំណុចដែលបានផ្ទុះគ្រាប់បែកនេះថាជាចម្ការគ្រាប់បែកចង្កោមផងដែរ ដែលមានលេខកំណត់សម្គាល់ច្បាស់លាស់ “BS18134_B1.2+”។
យ៉ាងណាមិញ តាមការអះ អាងពីអ្នកជំនាញគ្រាប់កាំភ្លើងយោធាថៃ គ្រាប់ M-85 ជាប្រភេទគ្រាប់តូចបញ្ចូលក្នុងគ្រាប់ធំ បណ្តាលឲ្យផ្ទុះបែកពេលធ្លាក់ដល់ដី ហើយឆេះគ្មានបំណែក ឬអំបែងទេ។
ជុំវិញបញ្ហានេះ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣១ តុលា នេះថា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងអង្គភាព CMAC បានបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមកម្ពុជា-ថៃ ដែលជាគ្រាប់ប្លោងធ្លាក់ចំផ្លូវក្រាលក្រួសក្រហមមានជម្រៅប្រមាណជា ៥ម៉ែត្រ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអះអាងថារយៈពេលសង្គ្រាម ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃ បានប្រើប្រាស់កាំភ្លើងធំទំហំ ១១៥មិល្លីម៉ែត្រ និងគ្រាប់បែកចង្កោមផ្លោងចូលទឹកដីកម្ពុជា។
គួរបញ្ជាក់ថា ក្នុងសង្គ្រាមបាញ់ផ្លោងដាក់គ្នាឆ្លងដែនរវាងកងទ័ពថៃ និងកងទ័ពខ្មែរ កងយោធពលខេមរភូមិន្ទ ក៏មានកាំភ្លើងធំគ្រាប់ ១៥៥មិល្លីម៉ែត្រដែរប្រភេទ SH-1 ដឹកមកពីប្រទេសចិន នាខែឧសភា ឆ្នាំ២០២២ រួមទាំងរ៉ុក្កែតបាញ់ផ្គួប BM-21 Grad។
ប្រភពដដែលបញ្ជាក់ថា គ្រាប់បែកទាំងនេះអាចស្ថិតនៅលើដើមឈើ លើដំបូលផ្ទះ លើដី ក្នុងដី ឬក្នុងទឹក ជាដើម ដែលកំពុងបង្កហានិភ័យខ្ពស់ដល់កងទ័ព និងប្រជាពលរដ្ឋខ្មែរ ព្រោះគ្រាប់បែកទាំងនោះអាចនឹងផ្ទុះឡើងគ្រប់ពេល៕
© 2025, . All rights reserved.