ការិយាល័យប៉ូលិសចរាចរណ៍នៃនគរបាលជាតិ ផ្សាយស្ថិតិអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល ៩ខែក្នុងឆ្នាំ២០២៥ ថាបានធ្លាក់ចុះ ៨% មកនៅត្រឹមចំនួន ១០៦២នាក់ ពីចំនួន ១១៥៨នាក់ក្នុងឆ្នាំ២០២៤។
គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស ភាគច្រើនអ្នកជិះទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាព គឺស្មើនឹងជាង ៨០០នាក់ ឬ ៧៨%។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ ឲ្យដឹងថ្ងៃទី៣ វិច្ឆិកា ថា ដើមហេតុដែលនាំឲ្យគ្រោះថ្នាក់ គឺអ្នកបើកបរបើកហួសល្បឿនកំណត់ មិនគោរពច្បាប់បញ្ញត្តិចរាចរណ៍ មិនគោរពសិទ្ធិអ្នកថ្មើរជើង បត់មិនប្រយ័ត្នប្រយែង បើកបរប្រជែងឥតគិតក្រែង បរិភោគគ្រឿងស្រវឹង និងបើកបរទាំងងងុយដេក។
សេចក្តីរាយការណ៍ស្រាវជ្រាវធ្វើឡើងរួមគ្នាមួយរវាងគណៈកម្មាធិការជាតិខាងសុវត្ថិភាពផ្លូវថ្នល់ និងភ្នាក់ងារអង្គការសហប្រជាជាតិ UNDP ថាមរណភាព និងរបួសស្នាមពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា តម្រូវឲ្យរាជរដ្ឋាភិបាលចំណាយថវិកាយ៉ាងតិចជិត ៥០០លានដុល្លារក្នុងមួយឆ្នាំ៕
© 2025, . All rights reserved.