រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា ការដកចេញអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេខាងប្រទេសកម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម ស្ដីពីសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍។
លោករដ្ឋមន្ត្រី ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៤ វិច្ឆិកា ថា ប្រទេសកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព។
លោក ទៀ សីហា អះអាងថា ការដកអាវុធធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ទីតាំងដើមវិញជិតក្រុងភ្នំពេញ នាថ្ងៃអង្គារនេះ គឺដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បញ្ជាក់ថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ដែលត្រូវបានដកចេញពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើឡើងស្របតាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ ត្រូវបានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យនៅថ្ងៃអង្គារនេះ។
ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៤ វិច្ឆិកា ថា នៅថ្ងៃទី៤ ខែវិច្ឆិកា នេះ ក្រុមការងារសម្របសម្រួលខាងខ្មែរបានធ្វើការសម្រួលកិច្ចការឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការដកអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា អាវុធ និងយុទ្ធោបករណ៍ទាំងនេះ បានដឹកជញ្ជូនចាកចេញពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជា និងថៃ ជាដំណាក់កាលៗ។
កាសែតថៃ The Nation វិញ បានរាយការណ៍កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនតំបន់ (RBC) បានយល់ព្រមដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែនដោយចាប់ផ្តើមនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ប្រភពដដែល បញ្ជាក់ថា ការដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែន ត្រូវបែងចែកជាបីដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែវិច្ឆិកា ដំណាក់កាលទីពីរ ចាប់ផ្តើមអនុវត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ដែលមានរយៈពេល ៣សប្ដាហ៍ និងដំណាក់កាលទី៣ ត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៣ ខែធ្នូ ដែលមានរយៈពេល ៦សប្ដាហ៍។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bermana បានស្រង់សម្ដីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី លោក Edgard D. Kagan កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកបានប្ដេជ្ញាធ្វើឲ្យការអនុវត្តសេចក្តីប្រកាសរួមព្រមព្រៀងសន្តិភាពក្រុងកូឡាឡាំពួរ ទទួលបានជោគជ័យ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពង្រឹងការចូលរួមក្នុងកិច្ចប្រឹងប្រែងរកសន្តិភាពកូឡាឡាំពួរ រវាងប្រទេសថៃ និងប្រទេសកម្ពុជា ក្នុងការអនុវត្តលក្ខខណ្ឌតាមការព្រមព្រៀងនេះឱ្យបានពេញលេញ ដើម្បីធានាថាជម្លោះបែបនេះនឹងមិនកើតឡើងម្ដងទៀតឡើយ។
សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្ដីពីការព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានកំណត់អំពីការដកយកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ដើម្បីបញ្ឈប់ភាពតានតឹងតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ដោះមីនតាមព្រំដែន បង្ក្រាបមណ្ឌលឆបោកឲ្យអស់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋតាមភូមិជាប់ព្រំដែន ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចូលរួមធ្វើជាសាក្សី៕
© 2025, . All rights reserved.