អតីតប្រធានគណបក្សកម្លាំងជាតិ ដែលកំពុងជាប់ឃុំ លោក ស៊ុន ចន្ធី ស្នើសុំឱ្យប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ជួយសម្រួលដកពាក្យបណ្ដឹងដែលសមាជិកបក្សភ្លើងទៀន ខេត្តកំពង់ធំ ទាំង ៧នាក់ ប្តឹងលោកពីបទឆបោកលុយជាង ១២លានរៀល កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។
លោក ស៊ុន ចន្ធី បានសរសេរលិខិតចេញពីពន្ធនាគារកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ វិច្ឆិកា នេះថា សកម្មជនគណបក្សភ្លើងទៀន នៅស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន ៧នាក់ បានប្តឹងលោកទៅតុលាការពីបទ ឆបោកលុយសមាជិកបក្សភ្លើងទៀន ទៅបង្កើតគណបក្សកម្លាំងជាតិ។
លោក ស៊ុន ចន្ធី អះអាងថា ពាក្យបណ្ដឹងនេះត្រូវបានតុលាការក្រុងភ្នំពេញធ្វើការចោទប្រកាន់ និងចេញដីកាឃុំខ្លួនលោកដាក់ពន្ធនាគារបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មក ដែលជាការផ្តល់ភាពអយុត្តិធម៌មួយករណីបន្ថែមទៀតមកលើរូបលោក ក្រៅពីបទញុះញង់ ដែលត្រូវបានតុលាការចោទប្រកាន់កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅនោះ។
អតីតប្រធានបក្សក្រៅរដ្ឋាភិបាលរូបនេះ រំឭកប្រធានគណបក្សភ្លើងទៀន ថា លោក ទាវ វណ្ណុល ខ្លួនឯងប្រាកដជាដឹងច្បាស់ហើយពីប្រព័ន្ធតុលាការនៅកម្ពុជា សព្វថ្ងៃនេះ ព្រោះទាំងរូបលោកផ្ទាល់ សុទ្ធតែកំពុងរងគ្រោះដោយអយុត្តិធម៌ពីប្រព័ន្ធតុលាការមិនឯករាជ្យមួយនេះ។
លោក ស៊ុន ចន្ធី ស្នើសុំឲ្យប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ធ្វើយ៉ាងណាជួយសម្រួលដកពាក្យបណ្ដឹងដែលសមាជិកបក្សភ្លើងទៀន ខេត្តកំពង់ធំ ទាំង ៧នាក់ប្តឹងលោកពីបទ ឆបោកលុយជាង ១២លានរៀល ដើម្បីឲ្យលោកអាចឆាប់មានសេរីភាព បានជួបជុំក្រុមគ្រួសារឡើងវិញផង។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានប្រតិបត្តិខេត្តកំពង់ធំ របស់គណបក្សភ្លើងទៀន លោក ស៊ន ស៊ុនហេង និងជាតំណាងឱ្យជនរងគ្រោះ ១៩នាក់ផ្សេងទៀត បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ធំ ប្តឹងប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពីបទឆបោក។
លោក ស៊ន ស៊ុនហេង ស្នើតុលាការបង្គាប់ឱ្យលោក ស៊ុន ចន្ធី សងលុយចំនួន ១២លាន ៨សែនរៀលដល់ពួកគេវិញ ជុំវិញការចំណាយលើការងារគណបក្សដែលដឹកនាំដោយលោក ស៊ុន ចន្ធី នាពេលកន្លងមក និងសងជំងឺចិត្តចំនួន ៥ពាន់ដុល្លារអាមេរិកថែមទៀត។
ប្រភពដដែល អះអាងថា មុននឹងក្លាយជាប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ ហើយបានប្រមូលថវិកាពីសមាជិកចំនួន ១៩នាក់ ក្នុងម្នាក់ៗចំនួន ១លាន ៦សែនរៀល (១៦០០០០០រៀល) សម្រាប់ប្រើការក្នុងការឃោសនាបោះឆ្នោតជាតិកាលពីឆ្នាំ២០២៣។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, . All rights reserved.