ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់ថា អ្នកតម្រៀបលុយថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកសម្រាប់ជួយទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ ទាំងដែលខ្លួនគ្មានបទពិសោធ និងបច្ចេកទេសលើមុខរបរខាងវិស័យកសិកម្មផងនោះ។
ឧកញ៉ា ម៉ុង ឫទ្ធី ដែលប្រកបមុខរបរលើវិស័យកសិកម្មធំបំផុតនៅកម្ពុជា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ វិច្ឆិកា នេះថា រឿងកសិផលឡើងថ្លៃ ឬចុះថ្លៃ វាជារឿងធម្មតារបស់ពិភពលោកទៅហើយ ព្រោះលោកធ្លាប់មានបទពិសោធធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម និងកសិឧស្សាហកម្មអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកហើយថាបញ្ហាបែបនេះគឺតែងតែកើតមានជាធម្មតា។
ឧកញ៉ា ម៉ុង ឫទ្ធី លើកឡើងថា រយៈពេលជាង ៣០ឆ្នាំមកនេះ លោកបន្តប្រកបមុខរបរនេះរហូត បើទោះបីជាត្រូវជួបឧបសគ្គតូចធំយ៉ាងណាក៏ដោយ ក្នុងនោះ លោកតែងតែចំណាយលុយជាង ៤០លានដុល្លារអាមេរិកដើម្បីជួយប្រមូលទិញកសិផលពីប្រជាកសិករជារៀងរាល់ឆ្នាំ។
លោកបន្តថា កសិផលដែលលោកបានទិញ ដូចជា ពោត ដំឡូងមី កន្ទក់ ចុងអង្ករ ពេលខ្លះជួយទិញស្រូវស្រាលយកមកកិនជាអង្ករសម្រូបថែមទៀត សម្រាប់កែច្នៃធ្វើជាចំណីសត្វ ដោយមានសាយឡូ និងឃ្លាំងសម្រាប់ស្តុកគ្រាប់ធញ្ញជាតិដែលមានទំហំប្រមាណជា ១០ម៉ឺនតោនឯណោះ (១០០០០០តោន)។
មហាសេដ្ឋីខ្មែររូបនេះងឿងឆ្ងល់ថា អ្នកតម្រៀបលុយថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកសម្រាប់ជួយទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ ទាំងដែលខ្លួនគ្មានបទពិសោធ និងបច្ចេកទេសលើវិស័យកសិកម្ម និងគ្មានមូលដ្ឋានគ្រឹះ ដូចជា ឡសម្ងួត សាយឡូ ឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងមិនមានទីផ្សារផងនោះ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ឧកញ៉ា និងអ្នកមានទ្រព្យមួយចំនួន បានចេញមុខប្រកាសទិញស្រូវពីកសិករព្រោងព្រាត បន្ទាប់ពីតម្លៃស្រូវបានធ្លាក់ចុះក្នុងពេលប្រមូលផល ក្នុងនោះ ប្រភេទស្រូវខ្លះបានធ្លាក់តម្លៃរហូតដល់ទៅ ៥០០រៀលឯណោះក្នុង ១គីឡូក្រាម។
ជាក់ស្តែង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានប្រកាសទិញស្រូវពីកសិករប្រមាណ ៣ម៉ឺនតោន ក្នុងតម្លៃ ៩៥០រៀលក្នុងមួយគីឡូក្រាម ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះនាពេលនេះ។
ចំណែកឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ដែលត្រូវជាក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន ក៏បានប្រកាសប្រមូលទិញស្រូវពីកសិករដែរ ដូចជា ប្រភេទស្រូវ O-M-54-51 និងស្រូវស្រង៉ែ ចំនួន ១០០តោនក្នុងតម្លៃ ១គីឡូ ៨០០រៀលសម្រាប់ស្រូវសើម និងស្រូវស្ងួតក្នុងតម្លៃ ១ពាន់រៀលក្នុងមួយគីឡូក្រាម ដើម្បីយកទៅចែកជូនកងទ័ពនៅជួរមុខក្នុងម្នាក់ ២៥គីឡូក្រាម។
រីឯក្រុមហ៊ុន ស្រាបៀរ GANZBERG ក៏បានប្រកាសទិញស្រូវពីកសិករចំនួន ១០០តោនដែរ ក្នុងតម្លៃ ១ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈឧកញ៉ា ទ្រី ដាណា អ្នកប្រកបមុខរបរអនឡាញ ក៏បានប្រកាសទិញស្រូវពីកសិករដែរ ដោយផ្តល់តម្លៃចន្លោះពី ៨០០រៀលទៅ ១ពាន់រៀលក្នុងមួយគីឡូក្រាមទៅតាមប្រភេទស្រូវ។
ជុំវិញបញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា អះអាងថា តម្លៃស្រូវបច្ចុប្បន្ននេះបានធ្វើឱ្យកសិកររងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយដើមហេតុចម្បងដែលនាំឱ្យតម្លៃស្រូវក្នុងឆ្នាំ២០២៥ ធ្លាក់យ៉ាងគំហុកបែបនេះ គឺដោយសារការកើនឡើងនៃផលិតកម្មស្រូវរបស់បណ្តាប្រទេសផលិតស្រូវធំៗ។
ជុំវិញបញ្ហានេះ កសិករមួយក្រុមក្នុងខេត្តសៀមរាប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៦ វិច្ឆិកា នេះថា ពួកគាត់ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរសម្រាប់ការប្រមូលផលស្រូវវស្សាក្នុងឆ្នាំនេះ ព្រោះឈ្មួញបានទម្លាក់តម្លៃរហូតដល់ ៥០០រៀលក្នុងមួយគីឡូក្រាមជាប្រភេទស្រូវសើម និងត្រូវដឹកជញ្ជូនទៅរោងម៉ាស៊ីនដោយខ្លួនឯងថែមទៀត៕
© 2025, . All rights reserved.