យោធាថៃ អះអាងថា ការដោះលែងកងទ័ពកម្ពុជា ចំនួន ១៨នាក់ ឱ្យត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ គឺនៅតែស្ថិតក្នុងការពិចារណានៅឡើយ។
កាសែត ខៅស៊ុត របស់ថៃ ស្រង់សម្ដីអ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី នៅថ្ងៃទី៦ វិច្ឆិកា នេះថា ការពិចារណាលើការដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ គឺផ្អែកទៅលើលក្ខខណ្ឌចំនួនពីរ គឺការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងដល់ការដោះមីន។
ប្រភពដដែល បញ្ជាក់ថា ការដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែនបានផាកកាត ស្ថិតនៅស្រុកពង់ណាំរ៉ុន ក្នុងខេត្តចន្ទបុរី ប្រទេសថៃ ទល់មុខនឹងច្រកព្រំដែនខេត្តប៉ៃលិន របស់ប្រទេសកម្ពុជា ខណៈបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាត (CTBDC) កំពុងសម្របសម្រួលរៀបចំទីតាំង និងកន្លែងស្នាក់នៅសម្រាប់ការដោះលែងឈ្លើយសឹកកម្ពុជា ចំនួន ១៨នាក់នេះផងដែរ។
ការដោះលែងយោធាខ្មែរទាំង ១៨រូប គឺជាលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី។
យោធាខ្មែរទាំង ១៨នាក់ ត្រូវបានយោធាថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ ដែលផ្ដួចផ្ដើមដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
© 2025, . All rights reserved.