ប៉ូលិស​កូរ៉េខាងត្បូង នាំ​ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ (online scams) ទៅ​ប្រទេស​កូរ៉េខាងត្បូង វិញ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៥។ (រូបថត៖ REUTERS)

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ៣​ថ្ងៃ​ដើម្បី​ពិភាក្សា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ

By ឌឹ ខេមបូឌា ដេលី

November 09, 2025

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង លោក Cho Hyun នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ។

យោង​តាម​ការ​ជូនដំណឹង​របស់​ការិយាល័យ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក Cho Hyun នឹង​ត្រៀម​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដូចជា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ជជែក​អំពី​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

ប្រភព​ដដែល​បាន​លើកឡើង​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក Cho Hyun នៅ​កម្ពុជា បញ្ហា​ឆបោក​អនឡាញ​នៅ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ក្នុង​តំបន់​អាស៊ាន នឹង​អាច​ដោះស្រាយ​បាន និង​អាច​ជួយ​សង្គ្រោះ​ពលរដ្ឋ​កូរ៉េខាងត្បូង ដែល​ធ្លាក់​ចូល​ក្នុង​សកម្មភាព​ខុស​ច្បាប់​ទាំងនោះ។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី គីម ជីណា អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង។ ក្នុង​ជំនួប​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​ទាំង​ពីរ​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​កិច្ចសហការ​ទ្វេភាគី ដើម្បី​ដោះស្រាយ​បញ្ហា​ឆបោក​អនឡាញ ជាពិសេស​ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េ នៅ​កម្ពុជា។

ទាក់ទង​ទៅ​នឹង​បទល្មើស​ឆបោក​អនឡាញ (online scams) នេះ កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៥ ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាង​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ ចំនួន ៥៧​នាក់ និង​ជនជាតិ​ចិន ចំនួន ២៩​នាក់។

បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៥ ឲ្យ​ដឹង​ថា រយៈពេល ៤​ខែ​ចុងក្រោយ​ឆ្នាំ​២០២៥ នេះ គឺ​ចាប់ពី​ថ្ងៃទី​២៧ ខែ​មិថុនា ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនបរទេស​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ​សរុប​ចំនួន ៣៤៥៥​នាក់។

របាយការណ៍​ដដែល​បង្ហាញ​ថា ជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២០​សញ្ជាតិ​នេះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​តាម​បណ្តា​រាជធានី-ខេត្ត ចំនួន​១៨ ហើយ​សមត្ថកិច្ច​ក៏បាន​បញ្ជូន​មុខសញ្ញា​មេខ្លោង និង​បក្ខពួក​ចំនួន ៧៥​នាក់​ទៅ​តុលាការ​ផង​ដែរ៕

© 2025, . All rights reserved.