នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ថា​ថៃ​និយាយ​កុហក​រឿង​ថា​គ្មាន​សម្ពាធ​ពី​អាមេរិក​ឱ្យ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់

By ឌឹ ខេមបូឌា ដេលី

November 09, 2025

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដែល​ថា​គម្រោង​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នា​ពេល​ខាងមុខ​មិន​មាន​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក គឺជា​ការ​និយាយ​កុហក ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន​តែប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៧ វិច្ឆិកា ថា បើ​ថៃ ពិត​ជា​មាន​បំណង​ដោះលែង​ទាហាន​ខ្មែរ​ទាំងនោះ​មែន ពួកគេ​គួរ​បញ្ជូន​ទាហាន​ទាំងនោះ​មក​កម្ពុជា វិញ តាំងពី​យូរ​មក​ហើយ មិនមែន​រង់ចាំ​រហូត​មាន​កិច្ចព្រមព្រៀង​ទីក្រុង​កូឡាឡាំពួរ នោះ​ទេ។

លោក​បន្ត​ថា សូម្បី​មាន​កិច្ចព្រមព្រៀង​នេះ​ហើយ​ក្តី ក៏​ភាគី​ថៃ នៅតែ​បង្ហាញ​ជំហរ​មិន​ដោះលែង​ទាហាន​ខ្មែរ​ទាំងនោះ​ដែរ ដោយ​ប្រើ​ទាហាន​ទាំងនោះ​ជា​កូនសោ​ដណ្តើម​ទឹកដី​ខ្មែរ និង​ប្រាសាទ​នានា ជាដើម រួម​ទាំង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ថៃ ព្យាយាម​បង្កើត​ដោយ​ខ្លួនឯង​ជា​ហូរហែ​មក​នោះ។

លោក សេក សុជាតិ អះអាង​ថា តាម​អត្តចរិត​នយោបាយ​ថៃ កន្លង​មក ពួកគេ​ព្យាយាម​លេង​ល្បែង​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញ​ទៅមក​រវាង​រដ្ឋាភិបាល និង​ក្រុម​យោធា ដើម្បី​ប្រើ​លេស​បញ្ឆេះ​កំហឹង​កម្ពុជា ដោយ​ប្រើ​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ជា​ចំណាប់ខ្មាំង​កុំ​ឱ្យ​កម្ពុជា តដៃ ឬ​តវ៉ា​នូវ​លក្ខខណ្ឌ​ដែល​ពួកគេ​តថ្លៃ​គ្នា​នោះ។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ទោះ​យ៉ាងណា​ក៏ដោយ ក៏​ថៃ មិន​អាច​លេង​ល្បែង​បែប​នេះ​ជាមួយ​អាមេរិក​បាន​ដែរ ព្រោះ​ក្នុង​នាម​អាមេរិក​ជា​មហាអំណាច​ដែល​ប្រកាស​ពី​ការ​ស្វែងរក​សន្តិភាព​រវាង​កម្ពុជា-ថៃ អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​ថៃ បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ខ្លួន​ជា​ម្ចាស់​ហត្ថលេខា​បាន​នោះ​ទេ ព្រោះ​នោះ​គឺជា​ការ​មាក់ងាយ​ដល់​សហរដ្ឋ​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

កាសែត ខៅស៊ុត (Khaosod) របស់​ថៃ ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក សីហៈស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) នៅ​ថ្ងៃទី​០៧ វិច្ឆិកា ថា ការ​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ខាងមុខ​នេះ មិនមែន​ដោយសារតែ​ថៃ រង​សម្ពាធ​ពី​អាមេរិក​លើ​ពន្ធគយ​នាំចូល​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើឡើង​ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​ច្បាប់​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ការ​ដោះលែង​នេះ​មិន​មាន​ការ​ដោះដូរ ឬ​រង​សម្ពាធ​ពី​បរទេស​ដោយសារ​ហេតុផល​ផ្សេងៗ​នោះ​ទេ ជាពិសេស​ការ​ចែកចាយ​ព័ត៌មាន​ថា​ការ​ដោះលែង​យោធា​កម្ពុជា ទាំង ១៨​នាក់ គឺ​អាច​ដោយសារ​បញ្ហា​អាមេរិក​ដាក់​សម្ពាធ​លើ​ថៃ ពាក់ព័ន្ធ​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​របស់​ថៃ នោះ គឺជា​រឿង​មិន​ពិត​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​ថៃ រូប​នេះ​បញ្ជាក់​ថា គម្រោង​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ នឹង​ត្រូវ​ការ​បញ្ជាក់​ពី​ខាង​យោធា​ម្តង​ទៀត ព្រោះ​ការ​ដោះលែង​នេះ គឺ​ស្របតាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​អាជ្ញាធរ​ថៃ ដែល​ពាក់ព័ន្ធ​នឹង​ការ​ដក​អាវុធ​ធុន​ធ្ងន់ និង​ការ​បើក​តំបន់​សម្រាប់​ថៃ ចូល​សម្អាត​មីន ជាដើម៕

© 2025, . All rights reserved.