ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣។ (រូប​ឯកសារ)

ព័ត៌មានអន្តរជាតិ

ប៉ូលិស​សិង្ហបុរី ចាប់​ខ្លួន​ជនសង្ស័យ​ជាង ៣៤២​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក និង​លាង​លុយ​កខ្វក់

By ឌឹ ខេមបូឌា ដេលី

November 11, 2025

មន្ត្រី​មកពី​នាយកដ្ឋាន​កិច្ចការ​ពាណិជ្ជកម្ម និង​កង​អង្គភាព​នគរបាល​នៃ​ប្រទេស​សិង្ហបុរី បាន​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​គ្រប់​ប្រភេទ​រយៈពេល​ពីរ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៤ ខែ​តុលា ដល់​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​នគរបាល​ចាប់​ខ្លួន​មនុស្ស​សរុប ៣៤២​នាក់ រួម​មាន​ស្ត្រី ១១៤​នាក់ និង​បុរស ២២៨​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៧៤​ឆ្នាំ ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​សកម្មភាព​បោកប្រាស់​គ្រប់​ប្រភេទ។

ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ទំនាក់ទំនង​នឹង​ករណី​ឆបោក​ចំនួន​ជាង ៨៧០​ករណី រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការ​ក្លែង​បន្លំ​ជា​មិត្តភ័ក្ដិ ការ​បោកប្រាស់​ការងារ ការ​ក្លែង​ជា​មន្ត្រី​រដ្ឋាភិបាល ការ​បោកប្រាស់​លើ​ការ​វិនិយោគ និង​ការ​បោកប្រាស់​ក្នុង​ការ​ជួល​ផ្ទះ។

អាជ្ញាធរ​បាន​រាយការណ៍​ថា ជនរងគ្រោះ​ក្នុង​ករណី​ទាំងនេះ​បាន​បាត់បង់​ទឹកប្រាក់​សរុប​ជាង ៦​លាន ៥៧​ម៉ឺន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន ការ​ស៊ើបអង្កេត​កំពុង​បន្ត ដើម្បី​កំណត់​មូលហេតុ និង​បណ្ដាញ​នៃ​សកម្មភាព​ឆបោក​ទាំងនេះ។

មន្ត្រី​អនុវត្ត​ច្បាប់​នៅ​សិង្ហបុរី កំពុង​បន្ត​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ចំនួន​ជាង ៣៤២​នាក់​នេះ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក ការ​លាង​លុយ​កខ្វក់ និង​ការ​ផ្តល់​សេវា​ទូទាត់​ដោយ​គ្មាន​អាជ្ញាបណ្ណ។ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​អនុវត្ត​រយៈពេល​ពីរ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៤ ខែ​តុលា ដល់​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដោយ​នាយកដ្ឋាន​កិច្ចការ​ពាណិជ្ជកម្ម​សហការ​ជាមួយ​កងកម្លាំង​នគរបាល​នៅ​ទូទាំង​ប្រទេស​សិង្ហបុរី។

ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ជាង ៨៧០​ករណី ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​បាត់បង់​ទឹកប្រាក់​ជាង ៦​លាន ៥៧​ម៉ឺន​ដុល្លារ​អាមេរិក។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ជន​ទាំងនោះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ក្រោម​ច្បាប់​ដោយ​កំណត់ ៣​ករណី៖

  1. បទល្មើស​ឆបោក​តាម​មាត្រា​៤២០ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៨៧១ ដែល​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់។
  2. បទល្មើស​លាង​លុយ​កខ្វក់ ក្រោម​ច្បាប់ Confiscation of Benefits Act 1992 ដែល​អនុវត្ត​ចំពោះ​ករណី​ពុករលួយ ការ​ជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ផ្សេងៗ។ បទល្មើស​នេះ​អាច​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ការ​ផាកពិន័យ​រហូត​ដល់ ៥០​ម៉ឺន​ដុល្លារ។
  3. បទល្មើស​ផ្តល់​សេវា​ទូទាត់​ដោយ​គ្មាន​អាជ្ញាបណ្ណ ក្រោម​ផ្នែក​ទី​៥ នៃ​ច្បាប់ Payment Services Act 2019 ដែល​អាច​ផាកពិន័យ​រហូត​ដល់ ១២​ម៉ឺន ៥០០០​ដុល្លារ ជាប់​ពន្ធនាគារ ៣​ឆ្នាំ។

ប៉ូលិស​សិង្ហបុរី បាន​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា អ្នក​ណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក នឹង​ត្រូវ​ទទួល​ការ​ពិន័យ​តាម​ច្បាប់។ សាធារណជន​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន មិន​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់​គណនី​ធនាគារ ឬ​លេខ​ទូរសព្ទ​របស់​ខ្លួន ព្រោះ​វា​អាច​នាំ​ឲ្យ​ជាប់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដោយ​មិន​ដឹង​ខ្លួន។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ប៉ូលិស​ប្រទេស​សិង្ហបុរី ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ វិច្ឆិកា៕

© 2025, . All rights reserved.