មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើសមាជិកព្រឹទ្ធសភាខ្មែរ លោក កុក អាន និងលោក លី យ៉ុងផាត់ ពីសំណាក់អាជ្ញាធរថៃ គឺមានចេតនាមួលបង្កាច់ និងប្រឌិតរឿងដើម្បីទម្លាក់កំហុសដោយគ្មានការពិត។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ វិច្ឆិកា ថា បន្ទាប់ពីអាជ្ញាធរថៃ ព្យាយាមមួលបង្កាច់ឧកញ៉ា កុក អាន និងសាច់ញាតិរបស់គាត់រួចមក ពេលនេះពួកគេចេញបញ្ជាឱ្យចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត និងកូនប្រុសរបស់គាត់ គឺលោក ឈូក សុផាផា (Chokchai Suphapa) តែម្តង។
លោកបន្តថា លើសពីនេះ អាជ្ញាធរថៃ ក៏បានរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត់ មាននៅប្រទេសថៃ ផងដែរ ក្រោមបទចោទប្រកាន់ជាច្រើនករណី។
លោក ខៀវ កាញារីទ្ធ លើកឡើងថា នៅពេលអាជ្ញាធរថៃ បន្តបង្ករឿងទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជា បែបនេះ ធ្វើឱ្យលោកនឹកឃើញពីគំនិតអាក្រក់របស់ពួកគេកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលអាជ្ញាធរថៃ បានធ្វើរឿងដ៏អាក្រក់មកលើអ្នកដែលគាំទ្ររបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដូចពេលនេះដែរ។
លោកបន្តថា នៅពេលនោះ អ្នកដែលចេញមុខគាំទ្ររបបសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្រនឹងធ្វើដំណើរតាមយន្តហោះឆ្លងកាត់ប្រទេសថៃ ណាស់ គឺពួកគេធ្វើដំណើរទៅចុះចតនៅអាកាសយានដ្ឋានតាន់សឺនញ៉ិត នៅក្រុងព្រៃនគរ រួចទើបបន្តជើងយន្តហោះមកកាន់ប្រទេសកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា រូបនេះបញ្ជាក់ថា ពេលដែលលោកសាកសួរអ្នកទាំងនោះ ទើបដឹងថាពួកគេមិនហ៊ានឆ្លងកាត់ប្រទេសថៃ ទេ ព្រោះគ្មានសុវត្ថិភាព ព្រោះថាអ្នកណាដែលវាយប្រហារថៃ ពីបញ្ហាផ្សេងៗ នឹងក្លាយជាមុខសញ្ញាដែលថៃ អាចប្រើល្បិចលួចបង្កប់គ្រឿងញៀនពេលពួកគេឆ្លងកាត់អាកាសយានដ្ឋាន ដនមឿង ក្នុងទីក្រុងបាងកក ដើម្បីមានលេសចាប់ខ្លួនអ្នកទាំងនោះតែម្តង។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កាសែតថៃ ខៅស៊ុត (Khaosod) ចុះផ្សាយថា តុលាការប្រទេសថៃ បានចេញដីកាចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាកម្ពុជា និងបក្ខពួកចំនួន ៥នាក់ ក្រោមការចោទប្រកាន់ពីបទឃុបឃិតគ្នា និងលាងលុយកខ្វក់។
ប្រភពដដែលបញ្ជាក់ថា ភស្តុតាងដែលបានរកឃើញបង្ហាញយ៉ាងច្បាស់ថា អ្នកទាំងនោះមានការជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ខណៈទ្រព្យសម្បត្តិចំនួន ៣៦ទីតាំង ត្រូវបានរឹបអូស រួមទាំងអាផាតមិន ខុនដូរ ចំនួន៣ នៅក្នុងរាជធានីបាងកក និងដីដែលមានតម្លៃជាង ៤០០លានបាតផងដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ចាត់ទុកដីការបស់តុលាការថៃ ដែលបង្គាប់ឱ្យចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត ថាជាល្បែងនយោបាយប្រជាភិថុតិ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អង្គភាពប្រឆាំងការលាងលុយថៃ (AMLO) បានបង្កកទ្រព្យសកម្មរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាម្ចាស់ក្រុមហ៊ុន L.Y.P Group ចំនួន ៧០លានបាត ដែលស្មើនឹងប្រមាណជិត ២លានដុល្លារអាមេរិក (១ ៩១៥ ០០០ដុល្លារ) ពាក់ព័ន្ធនឹងក្រុមក្លែងបន្លំឆបោក (Scammer Gang)។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអះអាងថា ប្រតិបត្តិការរបស់អាជ្ញាធរថៃ ក្នុងការបំបែកសម្បុកឧក្រិដ្ឋជនអនឡាញ គឺជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញដែលបានហូរចូលទឹកដីកម្ពុជា រហូតមកនោះ៕
© 2025, . All rights reserved.