ទិដ្ឋភាព​កសិករ​ក្នុង​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ លក់​ស្រូវ​ឱ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូបភាព​ពី​ហ្វេសប៊ុក)

កសិកម្ម

កសិករ​តាម​បណ្តា​ខេត្ត​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​ធានា​តម្លៃ​ស្រូវ

By ឌឹ ខេមបូឌា ដេលី

November 12, 2025

ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​គោលនយោបាយ​ច្បាស់លាស់ និង​ប្រាកដប្រជា​ក្នុង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម ជាពិសេស​ការ​ធានា​តម្លៃ​ស្រូវ​កុំ​ឱ្យ​ធ្លាក់​ចុះ​រាល់​ពេល​ប្រមូល​ផល​ម្តងៗ។

ប្រជាកសិករ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ជាដើម ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា ពិត​មែន​តែ​រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ដែល​ធ្លាក់​ថ្លៃ​នា​ពេលនេះ ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​មួយ​គ្រា ប៉ុន្តែ​គ្រាន់តែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ទាំងនេះ​ងឿងឆ្ងល់​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​មក​ហើយ ហេតុ​អ្វី​គ្រាន់តែ​កម្មវិធី​នយោបាយ​ធានា​ផលិតផល​កសិកម្ម​ដែល​ជា​វិស័យ​អាទិភាព​របស់​ខ្លួន រដ្ឋាភិបាល​ធ្វើ​មិន​បាន តើ​នឹង​ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ​២០៥០ ដូចម្តេច​ទៅ បើ​កសិករ​ប្រកប​របរ​កសិកម្ម​ខាត​រាល់​ឆ្នាំ​បែប​នេះ។

ប្រភព​ដដែល​បន្ទោស​ថា រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ កុំ​ថា​ឡើយ​អាច​ធានា​ដល់​តម្លៃ​ទីផ្សារ​កសិផល សូម្បី​បង្កើត​ផលិតផល​ក្នុង​ស្រុក​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិកម្ម ក៏​រដ្ឋាភិបាល​ធ្វើ​មិន​បាន​ដែរ ដូចជា ជី ថ្នាំ ពូជស្រូវ និង​ពូជ​ដំណាំ ជាដើម។ បន្ថែម​ពី​នេះ សូម្បីតែ​ទឹក​សម្រាប់​ធ្វើ​ស្រែ ក៏​រដ្ឋាភិបាល​មិន​អាច​រៀបចំ​ឱ្យ​កសិករ​ធ្វើ​ស្រែ​បាន​គ្រប់គ្រាន់​ដែរ​នោះ។

ពលរដ្ឋ​ទាំងនេះ​រិះគន់​ថា កម្ពុជា​មាន​បឹង​ទន្លេសាប តែ​ពលរដ្ឋ​គ្មាន​ទឹក​ធ្វើ​ស្រែ ដី​សម្បូរ​ជីជាតិ តែ​មិន​អាច​ផលិត​ជី​ស្រោចស្រព​ដំណាំ។ វិស័យ​អាទិភាព​របស់​ខ្មែរ គឺ​វិស័យ​កសិកម្ម តែ​ពូជ​ដំណាំ​ផលិត​ខ្លួនឯង​មិន​បាន។ សរុប​មក ទាក់ទង​នឹង​វិស័យ​កសិកម្ម កម្ពុជា​ត្រូវ​នាំចូល​ពី​ប្រទេស​ជិតខាង​រហូត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ចំណាយ​ខ្ពស់​ដែល​ជា​ហេតុ​មិន​បាន​ទទួល​ផល​ចំណេញ។

កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ចេញ​ទុន​បន្ថែម​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​សម្រាប់​ជួយ​ដល់​ការ​ប្រមូល​ទិញ​ស្រូវ​ក្នុង​រដូវ​ច្រូតកាត់​ចុង​ឆ្នាំ​២០២៥ និង​ដើម​ឆ្នាំ​២០២៦ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ។

ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បញ្ជាក់​ថា ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​នេះ គឺ​សម្រាប់​ផ្តល់​ឥណទាន ជា​ទុន​បង្វិល​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ដែល​ជា​ដៃគូ​ជាមួយ​នឹង​ធនាគារ ARDB រួម​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមូល​ទិញ​ស្រូវ​តាម​តម្លៃ​សមរម្យ​ពី​ប្រជាកសិករ​នា​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ​ពង្រាយ​អ្នកជំនាញ​កសិកម្ម​នៅ​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​របស់​កម្ពុជា ឲ្យ​លូតលាស់​រីកចម្រើន​ទៅ​មុខ។

យ៉ាងណាក៏ដោយ ចាប់តាំងពី​រាជរដ្ឋាភិបាល​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​ឃុំ-សង្កាត់​មក គេ​សង្កេត​ឃើញ​ថា​វិស័យ​មួយ​នេះ​មិន​មាន​ការ​ប្រែប្រួល​ទេ។ មាន​ន័យ​ថា តម្លៃ​ស្រូវ​នៅតែ​ធ្លាក់​ចុះ តម្លៃ​ផលិតផល​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិកម្ម​នៅតែ​ខ្ពស់​ដដែល ខណៈ​ទឹក​ស្រោចស្រព​នៅតែ​ពឹង​លើ​ធម្មជាតិ​ដូច​មុន។

ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ៧៩​ភាគរយ រស់នៅ​ដោយ​ពឹង​លើ​ការ​ធ្វើ​កសិកម្ម ក្នុង​នោះ កសិករ​កម្ពុជា ជិត ២​លាន​គ្រួសារ​នៅតែ​ប្រឈមមុខ​នឹង​ការ​ខ្វះ​គ្រាប់ពូជ​សម្រាប់​ធ្វើ​កសិកម្ម​តាម​រដូវកាល ហើយ ៣០​ភាគរយ​នៃ​គ្រួសារ​ទាំងនោះ ពឹង​លើ​ផល​កសិកម្ម​ទាំងស្រុង ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ៕

© 2025, . All rights reserved.