ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ជំរុញឱ្យប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងទីក្រុងហ្សឺណែវ លោក Rory Mongoven ជួយអន្តរាគមន៍ដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសថៃ អស់រយៈពេលជាង ១០០ថ្ងៃ (១០៥ថ្ងៃ) មកនេះ។
លោក កែវ រ៉េមី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ វិច្ឆិកា ថា លោកជំរុញឱ្យលោក Rory Mongoven ជួយអន្តរាគមន៍ដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ និងមានវិធានការហាមឃាត់ការប្រើប្រាស់សព្វាវុធដែលខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះផងដែរ ដូចជា ការប្រើផ្សែងពុល និងគ្រាប់បែកចង្កោម ជាដើម។
ប្រភពខាងលើបញ្ជាក់ថា លោកបានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងទៅលើប្រទេសស៊ុយអែត ដែលជាប់ជាជើងឯកខាងសិទ្ធិមនុស្ស ប៉ុន្តែបែរជាលក់យន្តហោះចម្បាំងសម្លាប់មនុស្សម៉ាក Griphen ឲ្យទៅប្រទេសថៃ នៅក្នុងពេលដែលប្រទេសទាំងពីរកំពុងមានជម្លោះជាមួយគ្នាទៅវិញ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃ ដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ ប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យពួកគេត្រឡប់មកប្រទេសកម្ពុជា វិញ ព្រោះថាបើគិតមកដល់ថ្ងៃទី១១ វិច្ឆិកា នេះ គឺមានរយៈពេល ១០៥ថ្ងៃហើយដែលពួកគេត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបោះបង់កងកម្លាំងណាម្នាក់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងបានប្រើនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងទាំង ១៨នាក់នោះវិលត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អះអាងថា ថៃគ្រោងនឹងដោះលែងកងទ័ពកម្ពុជា ចំនួន ១៨នាក់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញនៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ប៉ុន្តែត្រូវផ្អែកទៅលើលក្ខខណ្ឌចំនួនពីរ គឺការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងដល់ការដោះមីន។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា នេះ កាសែតថៃ ខៅស៊ុត (Khaosod) បានស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាថាផន ណាក់ផានិត (Nattapon Nakpanit) ថា គម្រោងដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នេះ នឹងត្រូវបានពន្យារពេលវិញ បន្ទាប់ពីទាហានថៃ ២នាក់បានរងរបួសដោយសារគ្រាប់មីនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕
© 2025, . All rights reserved.