ជនស៊ីវិលខ្មែរម្នាក់ស្លាប់ និងរបួស ៣នាក់ នៅម៉ោងជិត ៤រសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ បន្ទាប់ពីកម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតឡើងនៅម៉ោងប្រមាណ ៤រសៀល ដោយទាហានថៃ បានបាញ់កាំភ្លើងគ្រាប់ពិតលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ដែលកំពុងស្នាក់នៅក្នុងតង់។
តាមរបាយការណ៍បឋមគិតត្រឹមល្ងាចថ្ងៃពុធនេះ គឺមានប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរបួស ៣នាក់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃ មកលើជនស៊ីវិលខ្មែរនារសៀលថ្ងៃដដែលនេះ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តថាទង្វើអមនុស្សធម៌របស់យោធាថៃ នាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ថាភាគីថៃ បានរំលោភបំពានលើ «សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេនធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះព្រំដែន (JBC)៕
© 2025, . All rights reserved.