មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ព្រមានថា សង្គ្រាមរវាងកម្ពុជា និងថៃ ទំនងជានឹងផ្ទុះឡើងវិញសាជាថ្មី ព្រោះកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ប្រទេសទាំងពីរមិនអាចបញ្ចប់ជម្លោះប្រដាប់អាវុធ ឬអំពើឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា បានទេ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ វិច្ឆិកា ថា សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ វាងកម្ពុជា-ថៃ មិនមែនជា «សន្ធិសញ្ញា» ឬ «កិច្ចព្រមព្រៀង» ដែលជាមូលដ្ឋានច្បាប់មានអំណាចចាប់បង្ខំក្នុងការអនុវត្ត ឬជាយន្តការអន្តរជាតិ ដើម្បីតាមដានលើការអនុវត្ត និងដាក់ពិន័យលើការរំលោភបំពានពីសំណាក់ភាគីហត្ថលេខីនោះឡើយ។
លោកបន្តថា មូលហេតុដែលមិនមានមូលដ្ឋានច្បាប់អន្តរជាតិ ដោយសារសេចក្តីថ្លែងការណ៍រួមនេះមិនមានលក្ខណៈ ឬទម្រង់ជាកិច្ចព្រមព្រៀង ឬសន្ធិសញ្ញានោះទេ។ ជាងនេះទៀត ប្រទេសនីមួយៗមិនបានស្នើឱ្យស្ថាប័ននីតិប្បញ្ញត្តិផ្តល់សច្ចាប័ន ហើយសេចក្តីថ្លែងការណ៍រួមនេះក៏មិនត្រូវបានចុះបញ្ជីផ្លូវការជាមួយអង្គការសហប្រជាជាតិ ដោយអនុលោមតាមច្បាប់ស្ដីពីសន្ធិសញ្ញាដែរ។ ចំណែកកត្តានយោបាយវិញ រដ្ឋាភិបាលថៃ មិនមានអំណាចលើយោធា និងមានសិទ្ធិសម្រេចលើបញ្ហាព្រំដែនឡើយ ក្រៅពីស្តេចថៃ ខណៈក្រុមជាតិនិយមជ្រុលថៃ បានប្រើប្រាស់បញ្ហាព្រំដែនជាឧបករណ៍នយោបាយ ដើម្បីកម្ចាត់សត្រូវនយោបាយផ្ទៃក្នុងថែមទៀត ជាពិសេសគឺត្រកូល ស៊ីណាវ៉ាត់ តែម្តង។
លោក មុត ចន្ថា លើកឡើងថា ប្រទេសថៃ គឺជាសម្ពន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំណែកកម្ពុជា វិញ បែរជាចាត់ទុកអាមេរិកជាសត្រូវនៅពីក្រោយរបបសាធារណរដ្ឋ លន់ នល់ នៃការធ្វើរដ្ឋប្រហារផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ទៅវិញ។
កាសែតថៃ ខៅស៊ុត (Khaosod) បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅថ្ងៃទី១២ វិច្ឆិកា ថា ប្រទេសថៃ នឹងលែងគោរពតាមចំណុចទាំង ៤ នៅក្នុងសេចក្តីប្រកាសរួមនៅទីក្រុងកូឡាឡាំពួរ ទៀតហើយ ព្រោះថៃ នឹងកំណត់ដំណើរការសកម្មភាពរបស់ខ្លួនដោយខ្លួនឯងវិញ។
យ៉ាងណាក៏ដោយ កាសែត The Washington Post បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១២ វិច្ឆិកា ដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្ដេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ដោយរំពឹងថា កម្ពុជា-ថៃ នឹងគោរពយ៉ាងពេញលេញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ជម្លោះ និងគោរពកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាកាលពីពេលថ្មីៗនេះ៕
© 2025, . All rights reserved.