ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ហ្វីលីពីន សន្យា​ចាប់​ខ្លួន​បុគ្គល​ពុករលួយ​ក្នុង​គម្រោង​ការពារ​គ្រោះ​ទឹកជំនន់​គ្មាន​ករណី​លើកលែង

By ឌឹ ខេមបូឌា ដេលី

November 14, 2025

ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr ព្រមាន​ថា ជន​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹកជំនន់ នឹង​ត្រូវ​ចាប់​ខ្លួន។

តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការ​ព្រមាន​របស់​លោក Marcos Jr បន្ទាប់ពី​ប្រទេស​ដែន​កោះ​មួយ​នេះ​ទើប​ទទួល​រងគ្រោះ​សាជាថ្មី​ដោយសារ​ព្យុះ​ទីហ្វុង​ធំៗ​ចំនួន​ពីរ បណ្ដាល​ឱ្យ​ជន់​លិច​យ៉ាង​ធ្ងន់ធ្ងរ។ ម្ចាស់​ក្រុមហ៊ុន​សំណង់ មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​សភា​ជាច្រើន​នាក់​ដែល​រួម​មាន​ទាំង​បងប្អូន​ជីដូនមួយ​លោក Macros ផ្ទាល់​ផង ត្រូវ​បាន​ចោទប្រកាន់​ថា​លួច​កិបកេង​មូលនិធិ​សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​គ្រោះ​ទឹកជំនន់។

ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ហ្វីលីពីន ប្រកាស​ថា សេដ្ឋកិច្ច​ក្នុង​ប្រទេស​បាន​រង​ការ​ខាតបង់​ខ្ទង់ ២​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ ដោយសារតែ​អំពើពុករលួយ​ដ៏​អសោច​ក្នុង​គម្រោង​នេះ។

លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​ដើម្បី​ចោទ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ពុករលួយ​នេះ នឹង​ត្រូវ​បញ្ចប់​ឆាប់ៗ​នេះ ដែល​បុគ្គល​ទាំងនោះ​នឹង​មិន​មាន​ឱកាស​នៅ​ប្រារព្ធ​ថ្ងៃ​បុណ្យ​កំណើត​ព្រះយេស៊ូ Christmas ឬ​ណូអែល (Noel) ខាងមុខ​នេះ​ទេ។

កាលពី​ខែ​កក្កដា លោក Marcos បាន​លើក​បញ្ហា​នេះ​ឡើង ខណៈ​សាធារណជន​ហ្វីលីពីន បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។ ពួកគេ​ចេញ​តវ៉ា​ដើរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​ម៉ានីល រាប់​ពាន់​នាក់។

ជាមួយ​គ្នា​នេះ អ្នក​សារព័ត៌មាន​បាន​ចោទ​សួរ​អំពី​ករណី​លោក Martin Romualdez ជា​បងជីដូនមួយ​របស់​លោក ដែល​មាន​មុខនាទី​ជា​ប្រធាន​រដ្ឋសភា​ហ្វីលីពីន ក្នុង​សំណុំរឿង​ពុករលួយ​នេះ។ លោក Marcos បាន​ឆ្លើយតប​ថា រដ្ឋអាជ្ញា​កំពុងតែ​ពិនិត្យ​ភស្តុតាង។ លោក Marcos ព្រមាន​ថា​នឹង​ពុំ​មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​លើកលែង​ពី​ការ​ស៊ើបអង្កេត​ឡើយ រួម​ទាំង​លោក Martin Romualdez ផង៕

© 2025, . All rights reserved.