ប្រធានសមាគមខ្មែរប្រចាំរដ្ឋ North Carolina ច្រានចោលការចោទប្រកាន់របស់លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) លើសមាគមរបស់ខ្លួនថាធ្វើកិច្ចការគ្មានតម្លាភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។
លោក ថាច់ សីហា ប្រធានសមាគមខ្មែរប្រចាំរដ្ឋ North Carolina បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយអ្នកធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គម លោក មួង ណារ៉េត នៅថ្ងៃទី១៧ វិច្ឆិកា នេះថា ដើមហេតុដែលនាំឱ្យមានការចោទប្រកាន់របស់លោក ម៉ៃឃើល អាល់ហ្វារ៉ូ មកលើសមាគមខ្មែរប្រចាំរដ្ឋ North Carolina គឺផ្តើមចេញពីលុយ ៥០០០ដុល្លារ អំឡុងពេលដែលគាត់ធ្វើដំណើរទៅប្រទេសកម្ពុជា លើកទី២ កាលពីចុងខែកញ្ញា កន្លងទៅនោះ។
លោក ថាច់ សីហា រៀបរាប់ថា ក្នុងការធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាលើកទី២ លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានទទួលប្រាក់ពីអ្នកឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារអាមេរិក (១០០០០ដុល្លារ) តាមសំណើរបស់គាត់ ចំណែកមិត្រភក្ដិរបស់គាត់ម្នាក់ផ្សេងទៀតឈ្មោះ ដានីញ៉ែល ក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភក្នុងបេសកកម្មនេះចំនួន ៥ពាន់ដុល្លារ (៥០០០ដុល្លារ) តាមសំណើនេះដែរ។
លោកបន្តថា ក្រោយបញ្ចប់បេសកកម្ម លោក ដានីញ៉ែល បានបដិសេធមិនទទួលលុយ ៥ពាន់ដុល្លារនោះទេ ដោយសារគាត់មិនពេញចិត្តនឹងអ្នកឧបត្ថម្ភដែលបានបង្គាប់បញ្ជាលើរូបគាត់ហួសហេតុពេក ហើយក៏ដើម្បីកុំឱ្យខ្លួនគាត់ជាប់សម្ពាធចំពោះលុយឧបត្ថម្ភ ៥ពាន់ដុល្លារនេះដែរ ដូច្នេះចំនួនលុយទាំងអស់ គឺត្រូវបញ្ជូនត្រឡប់ទៅម្ចាស់ឧបត្ថម្ភវិញទាំងអស់។
លោកបន្ថែមថា ពេលត្រឡប់មកដល់សហរដ្ឋអាមេរិក វិញ លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានទាមទារឱ្យលោក សាងលី សារ៉ាក់ ម្ចាស់ទំព័រហ្វេសប៊ុក The Morning និងរូបលោកផ្ទាល់ ផ្ទេរលុយ ៥ពាន់ដុល្លារនោះទៅឱ្យលោក ដានីញ៉ែល ម្តងទៀត ព្រោះថាលោក ម៉ៃឃើល អាល់ហ្វារ៉ូ ខ្លាចក្រែងលោក ដានីញ៉ែល មិនចុះផ្សាយអំពីសកម្មភាពរបស់គាត់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែត្រូវលោក ដានីញ៉ែល បដិសេធជាលើកទីពីរ។
យ៉ាងណាក៏ដោយ លោក ម៉ៃឃើល អាល់ហ្វារ៉ូ នៅតែបន្តទាមទារឱ្យរូបលោកផ្ទាល់ទាក់ទងទៅម្ចាស់ជំនួយតាមរយៈលោក សាងលី សារ៉ាក់ ប៉ុន្តែត្រូវម្ចាស់ជំនួយបដិសេធផ្តល់លុយ ៥ពាន់ដុល្លារនេះទៅឱ្យលោក ដានីញ៉ែល ផងដែរ។
ក្រោយមក លោក ម៉ៃឃើល អាល់ហ្វារ៉ូ នៅតែបន្តទាមទារឱ្យផ្តល់លុយចំនួន ៥ពាន់ដុល្លារនោះទៅលោក ដានីញ៉ែល ទៀត ដោយស្នើឱ្យយកថវិកាដែលសមាគមខ្មែរប្រចាំរដ្ឋ North Carolina បានរៃអង្គាសសម្រាប់សាងសង់សាលានៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលរងការខូចខាតដោយសារសង្គ្រាម ៥ថ្ងៃនោះ ប៉ុន្តែសំណើនេះក៏ត្រូវបានបដិសេធទៀត។
លោក ថាច់ សីហា ពន្យល់ថា ថវិកាដែលទទួលបានពីគំនិតផ្ដួចផ្ដើមដែលមានការសហការគ្នារវាងសមាគមខ្មែរប្រចាំរដ្ឋ North Carolina រួមទាំងលោក ម៉ៃឃើល អាល់ហ្វារ៉ូ ផងនោះ បានឯកភាពគ្នាដាក់បញ្ចូលទៅក្នុងអង្គការ GoFunMe ដែលជាគណនីរួម ដូច្នេះថវិកាទាំងនេះមិនអាចដកយកមកប្រើក្នុងគោលដៅផ្សេងក្រៅពីការសាងសង់សាលារៀននៅតំបន់ព្រំដែនបានឡើយ។
ប្រធានសមាគមខ្មែរប្រចាំរដ្ឋ North Carolina រូបនេះបញ្ជាក់ថា ដោយសារតែបញ្ហានេះ ទើបលោក ម៉ៃឃើល អាល់ហ្វារ៉ូ ចោទសមាគមខ្មែរប្រចាំរដ្ឋ North Carolina ថាគ្មានតម្លាភាព ហើយក៏ជាដើមចមដែលនាំឱ្យលោក សាងលី សារ៉ាក់ មានទំនាស់ខ្វែងគំនិតគ្នាជាមួយលោក ម៉ៃឃើល អាល់ហ្វារ៉ូ ក្នុងពេលនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការបំភ្លឺពីលោក សាងលី សារ៉ាក់ និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ ជុំវិញរឿងនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, . All rights reserved.