អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ លើកឡើងថា ថ្ងៃទី១៧ ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ជូរចត់មួយដែលកុលបុត្រខ្មែរគ្រប់រូបត្រូវចងចាំពីប្រវត្តិនៃទឹកដីខេត្តបាត់ដំបង និងខេត្តសៀមរាប មុននឹងថៃ ប្រគល់មកឱ្យខ្មែរវិញក្រោមគំនិតផ្ដួចផ្ដើមរបស់អាមេរិក។
លោក ខៀវ កាញារីទ្ធ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ វិច្ឆិកា នេះថា កុលបុត្រខ្មែរគ្រប់រូបត្រូវចងចាំប្រវត្តិសាស្ត្រជូរចត់ជាមួយថៃ ជាពិសេសប្រវត្តិនៃខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលត្រូវបានធានាដោយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងបារាំង-ថៃ ឆ្នាំ១៩៤៦ ក្រោមការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក។
លោករៀបរាប់ថា កាលណានិយាយអំពីប្រវត្តិសាស្ត្រខេត្តបាត់ដំបង និងខេត្តសៀមរាប គេមិនភ្លេចសន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងបារាំង-ថៃ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នោះទេ ដែលមានឈ្មោះពេញថា Franco-Thai Settlement Agreement ដែលបានចុះហត្ថលេខានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
លោក ខៀវ កាញារីទ្ធ រម្លឹកថា អំឡុងសម័យសង្គ្រាមលោកលើកទី២ កងទ័ពចក្រភពជប៉ុន បានវាតទីស្ទើរតែទាំងអស់លើតំបន់អាស៊ីអាគ្នេយ៍ ខណៈបារាំង ដែលជាអាណាព្យាបាលកម្ពុជា នាពេលនេះ ក៏បានចុះខ្សោយក្នុងភ្លើងសង្គ្រាមជាមួយអាល្លឺម៉ង់ ដែរ។ ដោយសារតែបែបនេះ ប្រទេសថៃ ក៏បានចងសម្ពន្ធភាពជាមួយជប៉ុន អំឡុងឆ្នាំ១៩៤១ ដើម្បីឲ្យជប៉ុន ជួយទាមទារយកដែនដីខ្មែរដែលខ្លួនធ្លាប់គ្រប់គ្រងមុនឆ្នាំ១៩០៧ ពីបារាំង មកវិញ។
លោកបន្ថែមថា នៅពេលនោះ ជប៉ុន បានបង្ខំឲ្យបារាំង ចុះហត្ថលេខាអនុសញ្ញាទីក្រុងតូក្យូ (Tokyo Convention) ឆ្នាំ១៩៤១ ដោយប្រគល់ទឹកដីខេត្តបាត់ដំបង ខេត្តសៀមរាប ទៅឲ្យប្រទេសថៃ វិញ។
យ៉ាងណាក៏ដោយ នៅពេលសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ ជប៉ុនក៏ត្រូវបរាជ័យ ខណៈថៃ នៅតែបដិសេធប្រគល់ខេត្តទាំងពីរនេះមកឱ្យបារាំង វិញ ដោយប្រើលេសគ្រប់បែបយ៉ាង ប៉ុន្តែដោយសារតែបែបនេះ បារាំងក៏បានជំទាស់មិនឱ្យថៃ ចូលជាសមាជិកអង្គការសហប្រជាជាតិដែរ ក្នុងនាមបារាំង ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិនោះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាម៉េរិក ក៏បានផ្ដួចផ្ដើមសន្ធិសញ្ញាថ្មីមួយរវាងបារាំង និងសៀម ក្នុងគោលបំណងដោះស្រាយផលវិបាកនៃសង្គ្រាមនៅចន្លោះឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤១ ដោយប្រកាសលុបអនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ របស់ជប៉ុន ចោលទាំងស្រុងតែម្តង។
លោកបញ្ជាក់ថា ជាលទ្ធផល កិច្ចព្រមព្រៀងដំណោះស្រាយបារាំង-សៀម នេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ខណៈភាគីសៀម ក៏បានយល់ព្រមប្រគល់ទឹកដីខ្មែរមកឲ្យបារាំង វិញដែរ ជាថ្នូរនឹងការបានចូលជាសមាជិករបស់អង្គការសហប្រជាជាតិ នៅពេលនោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ក្រៅពីសហរដ្ឋអាមេរិក គ្មានប្រទេសណាចេញមុខជួយកម្ពុជា ទេ នៅពេលដែលកម្ពុជាធ្លាក់ទៅក្នុងវិបត្តិ ជាពិសេសគឺសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។
ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញមុខអន្តរាគមន៍ឱ្យមានបទឈប់បាញ់ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់ថ្ងៃទី២៦ ខែតុលា លោក ដូណាល់ ត្រាំ បានចេញមុខធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ បន្ថែមទៀតដែរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានបញ្ជាក់ក្នុងខួបលើកទី៧២ឆ្នាំនៃបុណ្យឯករាជ្យជាតិកម្ពុជា កាលពីថ្ងៃទី២៩ ខែតុលា ថា រយៈពេលជាង ៧០ឆ្នាំនេះ អាមេរិក និងកម្ពុជា បានថែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍រួម៕
© 2025, . All rights reserved.