ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លើកឡើងថា ប្រទេសកម្ពុជា មានសក្ដានុពលខ្លាំងសម្រាប់ការនាំចេញផលិតផល ប៉ុន្តែលក្ខខណ្ឌសម្រាប់ការនាំចេញជាច្រើនទៅកាន់សហរដ្ឋអាមេរិក នៅតែទាបជាងប្រទេសវៀតណាម រាប់ចាប់តាំងពីទំនុកចិត្តក្នុងការបើករោងចក្រកែច្នៃឡើងទៅ។
ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Casey Barnett បានលើកឡើងកាលពីពេលថ្មីៗនេះថា បើពិនិត្យលើសេចក្តីរាយការណ៍នាំចេញពីនាយកដ្ឋានគយប្រទេសវៀតណាម គឺវាបង្ហាញថាប្រទេសកម្ពុជា មានសក្ដានុពលក្នុងការនាំចេញមិនចាញ់ប្រទេសដទៃឡើយ ប៉ុន្តែបញ្ហាស្ថិតត្រង់លក្ខខណ្ឌមួយចំនួនដែលក្លាយជាឧបសគ្គរារាំងដល់កំណើននាំចេញផលិតផល។
ប្រភពដដែលលើកឡើងថា តម្លៃអគ្គិសនី និងកត្តាទំនុកចិត្ត គឺជាបញ្ហាដែលប្រទេសកម្ពុជា ត្រូវដោះស្រាយ ព្រោះថាបើប្រៀបធៀបនឹងប្រទេសវៀតណាម ប្រទេសកម្ពុជា មានតម្លៃអគ្គិសនីខ្ពស់ជាងពាក់កណ្តាល ក្នុងនោះសូម្បីតែតម្លៃអគ្គិសនីប្រទេសចិន ក៏ទាបជាងប្រទេសកម្ពុជា ពាក់កណ្តាលដែរ។
លោកថា ដោយសារតែបែបនេះហើយទើបប្រទេសផ្សេងៗនាំគ្នាទៅបើករោងចក្រកែច្នៃនៅប្រទេសវៀតណាម ព្រោះថាសូម្បីតែថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ក៏រដ្ឋតម្រូវឱ្យបង់លុយដែរនោះ ដែលបញ្ហានេះគួរតែលុបចោលដើម្បីបង្កើនសក្ដានុពលនាំចេញរបស់ខ្លួនឱ្យកាន់តែកើនខ្លាំងជាងមុន។
លោក Casey Barnett បញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជាអាចកែសម្រួលលក្ខខណ្ឌទាំងនេះបានល្អប្រសើរ នោះប្រទេសជាតិនឹងមានឱកាសនាំចេញនាំចូលរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយត្រង់លើវិស័យកសិកម្មក្នុងប្រទេស ដូចជាការនាំចេញផ្លែស្វាយ ការនាំចេញគ្រាប់ស្វាយចន្ទី និងកាហ្វេ ជាដើម។
លោកគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ពិតមែនតែនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា កន្លងមក ប៉ុន្តែការនាំចូលទាំងនេះត្រូវឆ្លងកាត់ប្រទេសវៀតណាម ទាំងអស់ ដែលនេះគឺជាការខាតបង់ដ៏ធំមួយសម្រាប់សក្ដានុពលក្នុងការនាំចេញពីប្រទេសកម្ពុជាដែលខ្លួនមាន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញសេចក្តីរាយការណ៍កាលពីចុងខែសីហា ឆ្នាំ២០២៥ ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទំហំជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក (៥,៥៨ពាន់លានដុល្លារ)។ ប្រភពដដែល បញ្ជាក់ថា ប្រទេសកម្ពុជា នាំទំនិញចេញទៅប្រទេសវៀតណាម មានទំហំទឹកប្រាក់ជិត ៣ពាន់លានដុល្លារអាមេរិក (២,៧៤ពាន់លានដុល្លារ) ចំណែកឯប្រទេសវៀតណាម នាំចូលមកវិញមានតម្លៃជិត ៣ពាន់លានដុល្លារអាមេរិកដែរ (២,៨៤ពាន់លានដុល្លារ)។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំហេង បូរ៉ា បានអះអាងកាលពីពេលកន្លងទៅថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ (៧,៧៨ពាន់លានដុល្លារ) កាលពីឆ្នាំ២០២៤ កន្លងទៅ។ គេអាចចាត់ទុកជំនួញនេះមានតុល្យភាព។
ប្រភពដដែល បញ្ជាក់ថា ប្រទេសកម្ពុជា នាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ប្រមាណជិត ៤ពាន់លានដុល្លារ (៣,៦១ពាន់លានដុល្លារ) ខណៈប្រទេសវៀតណាម នាំចូលមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារផងដែរ (៤,១៦ពាន់លានដុល្លារ)។ គេចាត់ទុកជំនួញនេះមានអតុល្យភាព។
ចំណែកឯសេចក្តីរាយការណ៍ពីគយវៀតណាម គេបានបង្ហាញថា ក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា ជិត ៥ពាន់លានដុល្លារអាមេរិក (៤៧៨២លានដុល្លារ) ក្នុងនោះ គ្រាប់ស្វាយចន្ទី គឺមានចំនួនជាង ១ពាន់លានដុល្លារ (១,៤៧ពាន់លានដុល្លារ) ផងដែរ។
ជុំវិញការនាំចេញពីកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត បានអះអាងថា ប្រទេសកម្ពុជានឹងមិនពឹងច្រមុះវៀតណាម ដកដង្ហើមទៀតឡើយសម្រាប់ការនាំចេញផលិតផលរបស់ខ្លួន នៅពេលដែលប្រទេសកម្ពុជា អាចសាងសង់គម្រោងនាវាចរណ៍ព្រែកជីកហ្វូណន បានសម្រេចជាស្ថាពរ៕
© 2025, . All rights reserved.