ក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) សម្រេចផ្អាកដំណើរចុះផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយធ្វើដំណើរត្រឡប់ក្រោយវិញ ក្រោយពីមានស្នូរផ្ទុះអាវុធនៅខាងភាគីថៃ ក្បែរតំបន់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិ នៅថ្ងៃទី១៩ វិច្ឆិកា ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ វិច្ឆិកា នេះ។
ប្រភពដដែល បញ្ជាក់ថា អំឡុងពេលចុះពិនិត្យនោះ ស្រាប់តែមានឮស្នូរផ្ទុះអាវុធនៅខាងភាគីថៃ យ៉ាងខ្លាំង ដូច្នេះដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏សម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញភ្លាមៗតែម្តង។
ជុំវិញបញ្ហានេះ កាសែតថៃ ខៅស៊ុត (Khaosod) រាយការណ៍នៅថ្ងៃទី១៩ វិច្ឆិកា ដែរថា មេបញ្ជាការកងម៉ារីនថៃ នៅខេត្តត្រាត លោក ថាម៉ានូន វ៉ាន់ណា (Thammanoon Wanna) បានចាត់ទុកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលភាគីកម្ពុជា នាំចុះទៅពិនិត្យតំបន់ព្រំដែននោះ គឺជាក្រុមអ្នកសង្កេតការណ៍អាស៊ានក្លែងក្លាយប៉ុណ្ណោះ ដើម្បីប្រើលេសចោទប្រកាន់លើយោធាថៃ។
មេបញ្ជាការយោធាថៃ រូបនេះបានចោទកម្ពុជា ថាយកក្រុមសង្កេតការណ៍អាស៊ានក្លែងក្លាយទៅខេត្តពោធិ៍សាត់ ហើយដុតកាំជ្រួចដើម្បីចោទថាថៃ ជាអ្នកបំផ្ទុះអាវុធ។
ប្រភពដដែលអះអាងថា ពេលកើតហេតុ ខ្លួនកំពុងត្រួតពិនិត្យតំបន់នោះសម្រាប់ប្រតិបត្តិការបោសសម្អាតមីននៅខេត្តត្រាត។ ក្នុងអំឡុងពេលត្រួតពិនិត្យ មានប្រជាពលរដ្ឋខ្មែរប្រហែល ៣០នាក់បានប្រមូលផ្ដុំគ្នានៅមូលដ្ឋានរបស់ពួកគេនៅក្នុងតំបន់នោះ ដោយពាក់មួកពណ៌ខៀវ។ លោកបានប្រើកែវយឹតដើម្បីសង្កេតមើល ហើយបានបង្ហោះដ្រូនដើម្បីថតរូបពីប្រទេសថៃ។ បន្ទាប់មកក៏មានសំឡេងខ្លាំងមួយបានផ្ទុះឡើងតែម្តង ដែលនេះគឺជាយុទ្ធសាស្ត្រភេរវករប្រើដើម្បីបង្កព័ត៌មានបោកបញ្ឆោត និងបង្ខូចឈ្មោះប្រទេសថៃ ប៉ុណ្ណោះ។
មេបញ្ជាការកងម៉ារីនថៃ ដដែលនេះ បញ្ជាក់ថា ប្រសិនបើអ្នកទាំងនោះគឺជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពិតប្រាកដ ពួកគេគួរតែមកក្បែរខ្សែព្រំដែន និងស្នើសុំពិនិត្យស្ថានការណ៍នោះឱ្យបានច្បាស់លាស់។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ វិច្ឆិកា ថា ការផ្ទុះអាវុធខាងភាគីថៃ ចំពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យបទឈប់បាញ់នេះ គឺមានន័យថាថៃ កំពុងបង្ហាញព័ស្តុតាងពិតប្រាកដអំពីទង្វើរំលោភបទឈប់បាញ់ដល់អ្នកសង្កេតការណ៍អាស៊ានដោយខ្លួនឯង។
បណ្ឌិត យង់ ពៅ លើកឡើងថា ជម្លោះកម្ពុជា-ថៃ ជាច្រើនខែមកនេះ ភាគីថៃ បានប្រមាថលើកម្ពុជា យ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមិនធ្លាប់មានក្នុងជម្លោះរវាងរដ្ឋ និងរដ្ឋនាពេលកន្លងមក ក្នុងនោះ ថៃ បានប្រមាថខ្មែរដូចជាទាហានឈុតខ្មៅថៃ ចាប់ខ្លួនស្ត្រីខ្មែររំលោភបូក និងបញ្ឆេះឱ្យសកម្មជនថៃ ប្រើទឹកលាមកបាញ់ស្រោចលើពលរដ្ឋខ្មែរ ជាដើម។
ទាក់ទងនឹងការចោទប្រកាន់នេះ ក្រសួងការបរទេស និងមេបញ្ជាការកងទ័ពជើងគោកថៃ បានបដិសេធថាគឺជាការផ្សាយបំផ្លើសការពិតទាំងស្រុង (fake news) ក្នុងបំណងចង់ព្យាបាទថៃ។ មន្ត្រីថៃ អះអាងថា ទាហានថៃ មិនបានរំលោភស្ត្រីខ្មែរដែលចូលស្រុកថៃ ខុសច្បាប់នោះទេ ហើយម្យ៉ាង ប្រភពព័ត៌មានបរទេសក៏ផ្សាយថាគ្មានការបាញ់ស្រោចលាមកទៅអ្នកភូមិខ្មែរដែរ គឺគ្រាន់តែជាការប្រមាថពីក្រុមពលរដ្ឋថៃជាតិនិយមហួសហេតុប៉ុណ្ណោះ។
ភាគីខ្មែរកំពុងធ្វើការស៊ើបអង្កេតអំពីករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ រួមទាំងប្រើប្រាស់ព័ត៌មានក្លែងក្លាយចោទបំពានមកលើកម្ពុជា ទាំងដែលថៃខ្លួនឯងបានចាប់កងទ័ពកម្ពុជាដោយខុសច្បាប់ថែមទៀតនោះ។ ភាគីថៃ តបវិញថា ទាហានខ្មែរ ១៨នាក់ក្នុងដៃទាហានថៃ ជាឈ្លើយសឹក ហើយថាគេមិនចង់ត្រឡប់ទៅស្រុកខ្មែរវិញទេ៕
© 2025, . All rights reserved.