មន្ត្រី​ជំនាញ​កម្ពុជា-ថៃ បន្ត​ចុះ​វាស់វែង និង​បោះ​បង្គោល​បណ្ដោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៤២ និង​លេខ​៤៧ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​វាស់វែង​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ថា​គ្រាន់តែ​បែងចែក​ទឹកដី​ដែល​ចាញ់​ប្រៀប​សត្រូវ​ប៉ុណ្ណោះ

By ឌឹ ខេមបូឌា ដេលី

November 25, 2025

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​វាស់វែង​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ក្នុង​ពេល​ដែល​ថៃ មិន​គោរព​បទ​ឈប់​បាញ់​គ្នា មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព មិន​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ គ្មាន​ការ​ចរចា​បញ្ចប់​ជម្លោះ គ្មាន​ការ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ និង​ទាហាន​ខ្មែរ​រងគ្រោះ គ្រាន់តែ​ជា​ការ​វាស់វែង​ខណ្ឌ​ចែក​ទឹកដី​ដែល​ចាញ់​ប្រៀប​សត្រូវ​ឈ្លានពាន​ប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា ការ​វាស់វែង​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​លើ​ដី​ជាក់ស្តែង​រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ តាម​រូបមន្ត​ដេហ្វាក់តូ (defacto) នៅ​តំបន់​ភូមិ​ព្រៃចាន់ នា​ពេលនេះ ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ថែមទៀត ព្រោះ​ការ​ប្រើ​រូបមន្ត​វាស់វែង​លើ​ដី​ជាក់ស្តែង​នេះ គឺ​មិន​ស្រប​ទៅ​នឹង​សន្ធិសញ្ញា​បារាំង-សៀម ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ លើកឡើង​ថា រូបមន្ត​ប្រើ​វាស់វែង​ដោយ​អនុវត្ត​លើ​ដី​ជាក់ស្តែង ឬ​ដេហ្វាក់តូ (defacto) គឺជា​រូបមន្ត​ដែល​ភាគី​ថៃ ចង់បាន ព្រោះ​វា​មាន​ន័យ​ថា ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ ត្រូវ​ឯកភាព​គ្នា​វាស់វែង​ដី​ជាក់ស្តែង​ចាប់ពី​តំបន់​ដែល​មាន​ពលរដ្ឋ ឬ​ទាហាន​ថៃ ឈរជើង​សព្វថ្ងៃ មិនមែន​វាស់វែង​តាម​ផែនទី​កំណត់​ពី​សម័យ​បារាំង នោះ​ទេ។

លោក​បន្ត​ថា ការ​វាស់វែង​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​រវាង​កម្ពុជា-ថៃ នា​ពេលនេះ គឺ​ស្រប​ទៅ​នឹង​ផែនទី​ខ្នាត ១/៥០០០០ របស់​ថៃ ទើប​ភាគី​ថៃ យល់ព្រម​វាស់វែង​បោះ​បង្គោល​បណ្ដោះអាសន្ន​នេះ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​មិន​បាន​អនុវត្ត​ទៅ​តាម​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ នោះ​ឡើយ។

លោក ម៉ែន ណាត ព្រមាន​ថា ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ភាគី​ថៃ នា​ពេលនេះ គឺជា​ការ​បើក​ផ្លូវ​ឱ្យ​ភាគី​ថៃ បោះ​បង្គោល​ព្រំដែន​ជាក់លាក់​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​ទង្វើ​បែប​នេះ​ធ្លាប់​កើតមាន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ម្តង​រួច​មក​ហើយ ដែល​មុនដំបូង គេ​ហៅថា​បោះ​តម្រុយ​បង្គោល​ព្រំដែន ហើយ​ក្រោយ​មក វៀតណាម​ក៏​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​តែម្តង។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ កំពុងតែ​មាន​ដំណើរការ​ការងារ​បោះ​បង្គោល​បណ្ដោះអាសន្ន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២ ដល់​បង្គោល​ព្រំដែន​លេខ​៤៧ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ខាង​ប្រទេស​ថៃ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ កំពុង​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង ដោយ​ប្រើប្រាស់​ដ្រូន​ដើម្បី​ថត​រូបភាព​ពី​លើ​អាកាស បន្ទាប់​មក ភាគី​ទាំង​ពីរ​នឹង​ដំណើរការ​ការងារ​បោះ​បង្គោល​បណ្ដោះអាសន្ន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២ ដល់​បង្គោល​ព្រំដែន​លេខ​៤៧ ដោយ​អនុវត្ត​ការងារ​តាម​ស្មារតី បែបបទ​ណែនាំ បច្ចេកទេស​ដែល​ភាគី​ទាំង​ពីរ​មាន​ការ​ឯកភាព​គ្នា។

ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ​ថា ការ​វាស់វែង​បោះ​បង្គោល​បណ្ដោះអាសន្ន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២ ដល់​បង្គោល​ព្រំដែន​លេខ​៤៧ ត្រូវ​បាន​ធ្វើឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ឯកសារ​បន្សល់ទុក​ពី​បារាំង។

គួរ​កត់សម្គាល់​ថា៖ សន្ធិសញ្ញា​កំណត់ ឬ​ទទួលស្គាល់​អធិបតេយ្យ​ជាតិ​នីមួយៗ មាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​តាំងតែ​ឆ្នាំ​១៦៤៨ ឈ្មោះ​ថា សន្ធិសញ្ញា Westphalia ធ្វើ​ឡើង​រវាង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អេស្ប៉ាញ ក្រោយ​ធ្វើ​សង្គ្រាម​រវាង​គ្នា​នឹង​គ្នា​រយៈពេល ៨០​ឆ្នាំ។ សម័យ​នោះ ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មិន​បាន​យល់ស្រប​ផ្តើម​គំនិត​នាំគ្នា​គោរព​គោលការណ៍​សកល​ទទួលស្គាល់​អធិបតេយ្យ​ជាតិ​នីមួយៗ​អ្វី​នោះ​ទេ។ ស្មារតី​នៃ​ការ​គោរព​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ប្រជាជាតិ​នីមួយៗ​តាម​ធម្មនុញ្ញ​សហប្រជាជាតិ ទើប​តែ​ផ្តើម​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ដោយ​ប្រជាជាតិ​ចំនួន ៥១​ប្រទេស​ដែល​ប្រវត្តិវិទូ​ចាត់ទុក​ថា​ជា​យុគសម័យ​នៃ​សណ្ដាប់ធ្នាប់​ពិភពលោក។

មក​ទល់​បច្ចុប្បន្ន​នេះ ក៏​នៅតែ​មាន​ប្រទេស​ជាច្រើន​មិន​គោរព​ដែរ ជាពិសេស​ការ​រំលោភ​ឈ្លានពាន​ពី​ប្រទេស​ធំ​ទៅ​លើ​ប្រទេស​តូចតាច ទោះជា​សមាជិក​អង្គការ​សហប្រជាជាតិ​យ៉ាងណា​ក៏ដោយ។ ករណី​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បារាំង ដែល​ជា​អ្នក​អាណាព្យាបាល​លើ​រាជាណាចក្រ​ខ្មែរ ជា​អ្នក​កំណត់​អធិបតេយ្យ បូរណភាព​ទឹកដី​ប្រជាជាតិ​ខ្មែរ​ជាមួយ​នឹង​ប្រទេស​យៀកណាម និង​ប្រទេស​សៀម។

លោក ម៉ែន ណាត បញ្ជាក់​ទៀត​ថា ការ​វាស់វែង​នេះ​គឺ​ដើម្បី​ស្វែងរក​ទីតាំង​ពិតប្រាកដ​ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ឥណ្ឌូចិន-សៀម​ឆ្នាំ​១៩០៨ ដល់​ឆ្នាំ​១៩០៩ និង​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន-សៀម​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២០៕

© 2025, . All rights reserved.