អង្គការអន្តរជាតិ ថ្កោលទោសដាច់អហង្ការចំពោះការវាយប្រហារដោយគ្មានហេតុផល និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធពីសំណាក់កងទ័ពថៃ ជុំវិញជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ជាពិសេសការបាញ់ប្រហារពីកងទ័ពថៃ លើជនស៊ីវិលគ្មានអាវុធនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅ។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្ដីសម្រេចចិត្តស្តីអំពីបទឈប់បាញ់គ្នា និងសេចក្តីប្រកាសអំពីការព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ កាលពីថ្ងៃទី២២ វិច្ឆិកា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ វិច្ឆិកា ថា បទឈប់បាញ់គ្នា និងសេចក្តីប្រកាសសន្តិភាពនៅតែផុយស្រួយ ដែលស្តែងចេញតាមរយៈការវាយប្រហាររបស់កងទ័ពថៃ លើជនស៊ីវិលដែលគ្មានអាវុធនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និងរងរបួស ៣នាក់។
ប្រភពដដែលប្រកាសជំហរគាំទ្រការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី និងអំពាវនាវឱ្យរដ្ឋាភិបាល រួមទាំងទាហានថៃ គោរពនូវកិច្ចព្រមព្រៀងសន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ព្រមទាំងដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ដោយឥតលក្ខខណ្ឌផងដែរ។
អង្គការអន្តរជាតិដដែលនេះ អំពាវនាវឱ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតដោយហ្មត់ចត់ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ ដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់លើតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ផ្សេងទៀត។
ក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៣ វិច្ឆិកា ថា វេលាម៉ោង ០៣ និង ៥០នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ចំនួនពីរលើក គឺលើកទីមួយនៅវេលាម៉ោងប្រហែលជា ០៣ និង ៥០នាទីរសៀល និងលើកទីពីរ នៅវេលាម៉ោង ០៥ និង ៥៤នាទីល្ងាច។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការបាញ់ប្រហារដ៏ព្រៃផ្សៃរបស់ទាហានថៃ មកលើជនស៊ីវិលកម្ពុជាទាំងពីរលើកនេះ បានបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់រងរបួសចំនួន ០៣នាក់ និងបាត់បង់ជីវិតម្នាក់នៅនឹងកន្លែងផងដែរ។
យ៉ាងណាក៏ដោយ កាសែត The Nation របស់ថៃ បានរាយការណ៍ថា កាលពីថ្ងៃទី១២ វិច្ឆិកា ការបាញ់ប្រហារបានបន្លឺឡើងរយៈពេលជាង ១០នាទីនៅក្នុងសង្កាត់ណងយ៉ាកែវ ស្រុកខៅស៊ុង ខេត្តស្រះកែវ ប៉ុន្តែការបាញ់ប្រហារនេះមានប្រភពចេញពីទាហានខ្មែរដែលបានបាញ់កាំភ្លើង AK-47 សំដៅលើលេណដ្ឋានកងកម្លាំងថៃ។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ទោះថៃ បានឯកភាពឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានអាមេរិកជាសាក្សីក៏ដោយ ក៏ពួកគេមិនបានបង្ហាញពីស្មារតីគោរពលើកិច្ចព្រមព្រៀងដែលខ្លួនបានសន្យាដែរ។ ជាក់ស្តែង ទាហានខ្មែរទាំង ១៨នាក់មិនត្រូវបានដោះលែង ការបាញ់ប្រហារ និងការផ្ទុះអាវុធចេះតែបន្តកើតមានមកលើជនស៊ីវិលខ្មែរជាបន្តបន្ទាប់។
ទាក់ទិននឹងរឿងទាហានខ្មែរ ១៨នាក់នៅក្នុងការឃុំគ្រងរបស់យោធាថៃ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្ដមសេនីយ៍ឯក អឌន់ បុណ្យថាំ ចរើន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ប្រាប់កាសែតថា ទាហានខ្មែរទាំង ១៨នាក់មិនចង់វិលទៅស្រុកវិញទេ គេចង់នៅប្រទេសថៃឡង់ដ៍។
កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា កន្លងទៅនេះ កាសែត The Nation ផ្សាយអំពីការរកឃើញថ្មីទៀត ដែលបញ្ជាក់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានថាគ្រាប់មីនប្លាស្ទិកដែលទាហានថៃ ជាន់ផ្ទុះ ជាគ្រាប់មីនមានព័ស្តុតាងក្នុងទូរសព្ទដៃបោះចោលដោយទាហានខ្មែរ បញ្ជាក់ថាជាគ្រាប់មីនទាហានខ្មែរលួចដាក់ក្នុងដីថៃ៕
© 2025, . All rights reserved.