ក្រសួងមហាផ្ទៃ ចាត់ទុកសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNA ដែលបានផ្សាយថា អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាចនោះ ថាជាការផ្សាយមិនឆ្លុះបញ្ចាំងការពិត។
ក្រសួងមហាផ្ទៃ បានចេញលិខិតមួយនៅថ្ងៃទី២៦ វិច្ឆិកា នេះថា ប្រទេសកម្ពុជា ប្រកាន់គោលការណ៍ប្រឆាំងដាច់ខាតគ្រប់ឧក្រិដ្ឋកម្មឆ្លងដែនតាំងតែពីដើមរៀងមក ខណៈប្រទេសអភិវឌ្ឍន៍នានា ក៏កំពុងប្រឈមដោះស្រាយ និងបង្ក្រាបបទល្មើសនេះដូចគ្នាដែរ ព្រោះឧក្រិដ្ឋកម្មឆ្លងដែន គឺជាឧក្រិដ្ឋកម្មដែលគ្មានប្រទេសណាតែឯងអាចមានលទ្ធភាពលុបបំបាត់បានឡើយ។
ប្រភពដដែល លើកឡើងថា បច្ចុប្បន្ននេះ មិនត្រឹមតែកម្ពុជាទេដែលជាប្រទេសរងគ្រោះដោយបទល្មើសឆ្លងដែនគ្រប់ប្រភេទដែលកំពុងកើតមានពាសពេញតំបន់ និងសកលលោក សូម្បីប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក៏កំពុងប្រឈមនឹងបញ្ហានេះដែរ។ ហេតុនេះហើយ ទើបកម្ពុជាស្វាគមន៍នូវកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនៃបណ្តាប្រទេសជាមិត្តទាំងអស់។
ក្រសួងមហាផ្ទៃ អះអាងថា សេចក្តីរាយការណ៍របស់គេហទំព័រ CNA មិនត្រឹមតែប៉ះពាល់ដល់កម្ពុជា ទេ តែក៏ប៉ះពាល់ដល់ក្រុមការងារនៃប្រទេសជាដៃគូ (TASK FORCE) ថែមទៀត ដែលក្នុងនោះ កម្ពុជា បានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងជិតស្និទ្ធរហូតមក។
ប្រភពដដែលបញ្ជាក់ថា ថ្វីត្បិតតែទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះក្តី ប៉ុន្តែសមត្ថកិច្ចកម្ពុជានៅតែខិតខំបន្តប្រតិបត្តិការរបស់ខ្លួនជាប្រចាំ ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិខ្លួនផង និងសម្រាប់ប្រជាពលរដ្ឋរងគ្រោះនៃបណ្តាប្រទេសអន្តរជាតិជាមិត្ត ដែលកំពុងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចកម្ពុជា ផងដែរ។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មានដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី CNA បានធ្វើសេចក្តីរាយការណ៍មួយដោយដាក់ចំណងជើងថា «មជ្ឈមណ្ឌលឆបោកនៅកម្ពុជា មិនទៅណាទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច»។ ចំណែកឯប្រតិបត្តិការបង្ក្រាបអំពើឆបោកនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ពេលនេះប្រទេសកំពុងស្ថិតក្រោមការត្រួតពិនិត្យជាលក្ខណៈអន្តរជាតិយ៉ាងតឹងរ៉ឹង បន្ទាប់ពីមានការចោទប្រកាន់អំពីទំនាក់ទំនងបោកប្រាស់ជាមួយក្រុមហ៊ុន Prince Group និងការស្លាប់របស់និស្សិតកូរ៉េខាងត្បូង ម្នាក់ ក្នុងសំណុំរឿងឆបោកកាលពីពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយ យោងរបាយការណ៍ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ វិច្ឆិកា នេះ បានឱ្យដឹងថា កម្ពុជាបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២៤លើកក្នុងឆ្នាំ២០២៥ នេះ ក្នុងនោះតាមការស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន ១៣លើក និងតាមកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន ១១លើក។
របាយការណ៍ដដែល អះអាងថា ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនបរទេសជិត ២ពាន់នាក់ (១៨៥៩នាក់) និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខសញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតជាង ១០០នាក់ផងដែរ (១៤៨នាក់)៕
© 2025, . All rights reserved.