រូបភាព​ពី​ហ្វេសប៊ុក​លោក តាន់ គឹមសួរ កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ បង្ហាញ​ពី​សកម្មភាព​មន្ត្រី​ចុះ​ពិនិត្យ​កំណាត់​ឈើ។

ព័ត៌មានជាតិ

បណ្ឌិត ឥន សុផល ថា​បទល្មើស​ព្រៃឈើ​មិន​ពិបាក​បង្ក្រាប​ដូច​គ្រឿងញៀន​ទេ ប៉ុន្តែ​ដោយសារ​មន្ត្រី​ទុច្ចរិត​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន

By ឌឹ ខេមបូឌា ដេលី

November 28, 2025

អ្នក​ឃ្លាំមើល​លើកឡើង​ថា បទល្មើស​ព្រៃឈើ​មិន​ពិបាក​បង្ក្រាប​ដូច​គ្រឿងញៀន​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ ឬ​ក្នុង​ស្បែកជើង​នោះ​ទេ ប៉ុន្តែ​ដោយសារ​សព្វថ្ងៃ​នេះ​មាន​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​មិនមែន​ធ្វើការ​ដើម្បី​ជាតិ និង​ប្រជាជន​ឡើយ ប៉ុន្តែ​ពួកគេ​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា​៥០២ ហាម​ជេរប្រមាថ​អ្នករាជការ​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ប៉ុន្តែ​ជាក់ស្តែង មន្ត្រី​ទុច្ចរិត​គ្មាន​ភាព​ថ្លៃថ្នូរ​ទេ ព្រោះ​ពួកគេ​បាន​ក្លាយ​ជា​ជន​ទុច្ចរិត​ទៅ​ហើយ។

បណ្ឌិត ឥន សុផល និយាយ​បែប​បញ្ឈឺ​ថា លោក​មិន​គាំទ្រ​ការ​ជេរប្រមាថ​លើ​មន្ត្រី​ទុច្ចរិត​ទេ ប៉ុន្តែ​ច្បាប់​ផ្ដន្ទាទោស​ទៅ​លើ​អ្នក​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​គ្រាន់តែ​ដាក់​គុក ៦​ថ្ងៃ និង​ពិន័យ​ទឹកប្រាក់ ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ខឹងសម្បា​នឹង​មន្ត្រី​ទុច្ចរិត​ខ្លាំង​ណាស់ ហើយ​បើ​ពួកគេ​មាន​សិទ្ធិ​ចាប់​មន្ត្រី​ទាំងនោះ​វិញ សឹងតែ​ចិញ្ច្រាំ​ឱ្យ​ដូច​សាច់​ប្រហិត​ទៅ​ហើយ ព្រោះ​មន្ត្រី​ទុច្ចរិត​ទាំងនេះ​ហើយ​ដែល​ជា​ជំងឺ​មហារីក​ធ្វើ​ឱ្យ​សង្គម​មិន​រីកចម្រើន​រុងរឿង​នោះ។

នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្ដមសេនីយ៍ សៅ សុខា បាន​ចេញ​សេចក្តី​សម្រេច​មួយ ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច ដើម្បី​ធ្វើ​អធិការកិច្ច និង​ត្រួតពិនិត្យ​នូវ​សកម្មភាព​មិន​ប្រក្រតី​នៃ​ការ​ប្រតិបត្តិ​តួនាទី ភារកិច្ច​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ។

សេចក្តី​សម្រេច​ដដែល​នេះ បញ្ជាក់​ថា ក្រុម​ការងារ​មាន​សិទ្ធិ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ ស្ថាប័ន និង​អង្គភាព​ដែល​មាន​ការ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​របាយការណ៍​ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពិនិត្យ និង​សម្រេច។

កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​ឈ្មោះ តាន់ គឹមសួរ (Tan Kimsour) បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ជុំវិញ​ការ​ប៉ះ​សម្ដី​គ្នា​ជាមួយ​មន្ត្រី​កងកម្លាំង​កងរាជអាវុធហត្ថ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដោយសារ​មន្ត្រី​ប៉េអឹម ទាមទារ​រក​លិខិត​បេសកកម្ម និង​តម្រូវ​ឱ្យ​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​រូប​នេះ​ទៅ​ជួប​ជាមួយ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោក សាក់ សារាំង ក្រោយ​លោក តាន់ គឹមសួរ ស្នើ​ឱ្យ​មាន​ការ​អន្តរាគមន៍​ជុំវិញ​បទល្មើស​ព្រៃឈើ​ដែល​ខ្លួន​កំពុង​ឃ្លាំមើល​នា​ពេល​នោះ។

ជុំវិញ​បញ្ហា​នេះ លោក តាន់ គឹមសួរ បាន​លាតត្រដាង​លិខិត​មួយ​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា នេះ ដែល​លោក​បាន​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ ដោយ​សុំ​ឱ្យ​បើក​ការ​ស៊ើបអង្កេត​លើ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ លោក សាក់ សារាំង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ កន្លង​មក។

ក្នុង​លិខិត​ដដែល​នេះ បញ្ជាក់​ថា លោក សាក់ សារាំង មាន​ទំនាក់ទំនង​ជាមួយ​មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ម្នាក់​ឈ្មោះ ហាច ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​ហាន ស្រុក​ឆ្លូង ខេត្ត​ក្រចេះ រហូត​ឈាន​ដល់​សហការ​គ្នា​ចរាចរ​ឈើ​ខុស​ច្បាប់​ថែមទៀត ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅឡើយ។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បញ្ជាក់​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា កងរាជអាវុធហត្ថ​កំពុង​បន្ត​ធ្វើ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជុំវិញ​ករណី​នេះ ដើម្បី​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន៕

© 2025, . All rights reserved.