ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន

ព័ត៌មានអន្តរជាតិ

លោក ពូទីន សច្ចា​ធ្វើ​សង្គ្រាម​រហូត​អ៊ុយក្រែន ព្រម​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី ហើយ​លោក​ក៏​ឆ្លៀត​ព្រមាន​អឺរ៉ុប​ផង​ដែរ

By ឌឹ ខេមបូឌា ដេលី

December 01, 2025

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​វិច្ឆិកា បាន​និយាយ​ថា លោក​នឹង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន ប្រសិនបើ​ទីក្រុង​គៀវ យល់ព្រម​ដក​ទ័ព​ចេញពី​សមរភូមិ​ដែល​ទ័ព​អ៊ុយក្រែន កំពុង​ប្រយុទ្ធ​ដណ្ដើម​ពី​កងទ័ព​រុស្ស៊ី ដោយ​ព្រមាន​ថា កងកម្លាំង​រុស្ស៊ី នឹង​បន្ត​ធ្វើ​សង្គ្រាម​ដើម្បី​ដណ្ដើម​យក​ទឹកដី​ទាំងនោះ​ឱ្យ​ទាល់តែ​បាន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ុយក្រែន RBC។

កងទ័ព​រុស្ស៊ី កំពុង​មាន​ភាព​រីកចម្រើន​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​អ៊ុយក្រែន ដោយ​វាយ​ដណ្ដើម​បាន​ទឹកដី​អ៊ុយក្រែន ជាបន្តបន្ទាប់ បើ​ទោះជា​កងទ័ព​អ៊ុយក្រែន ព្យាយាម​វាយបក​យ៉ាងណាក៏ដោយ។

ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កៀហ្ស៉ីស៊ីស្ថាន (Kyrgyzstan) ជា​ថ្មី​ម្ដង​ទៀត លោក ពូទីន បាន​ទាមទារ​ថា ប្រសិនបើ​កងកម្លាំង​អ៊ុយក្រែន ដក​ចេញពី​ទឹកដី​ដែល​ទ័ព​រុស្ស៊ី កំពុង​ដណ្ដើម​បាន នោះ​រុស្ស៊ី នឹង​ព្រម​អនុវត្ត​បទ​ឈប់​បាញ់​ភ្លាម តែ​ប្រសិនបើ​អ៊ុយក្រែន មិន​ព្រម​ទេ រុស្ស៊ី​នឹង​បន្ត​សង្គ្រាម​លុះត្រាតែ​សម្រេច​គោលដៅ​របស់​ខ្លួន។

ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង ទ័ព​រុស្ស៊ី វាយ​កាន់កាប់​បាន​ផ្ទៃដី​ពី​អ៊ុយក្រែន ជិត ២០​ភាគរយ រាប់​ទាំង​តំបន់​គ្រីមៀរ ដែល​រុស្ស៊ី ឱបក្រសោប​យក​ពី​អ៊ុយក្រែន នៅ​ឆ្នាំ​២០១៤ តាមរយៈ​លោក Viktor Yanukovych ប្រធានាធិបតី​អ៊ុយក្រែន ដែល​ចុះហត្ថលេខា​កាត់​ដែនដី​ជ្រោយ​សមុទ្រ​ខ្មៅ​ទៅ​ឱ្យ​លោក​ពូទីន ជា​ថ្នូរ​នឹង​សន្តិភាព។ ប្រទេស​អ៊ុយក្រែន មាន​ផ្ទៃដី​សរុប ៦០៣៦២៨​គីឡូម៉ែត្រ​ការ៉េ។

បញ្ហា​ទឹកដី​នេះ​ដែរ ត្រូវ​បាន​ទីក្រុង​គៀវ ជាពិសេស​លោក ហ្សេឡេនស្គី សច្ចា​ថា​នឹង​មិន​បោះបង់​ចោល​ដាច់ខាត បើ​ទោះជា​វា​ក្លាយ​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព​ក៏ដោយ។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ថា សេចក្តី​ព្រាង​ផែនការ​សន្តិភាព​ដែល​បាន​ពិភាក្សា​ដោយ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន អាច​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម ប៉ុន្តែ​លោក ពូទីន បាន​ព្រមាន​ថា រុស្ស៊ី​នឹង​បន្ត​សង្គ្រាម ប្រសិនបើ​លក្ខខណ្ឌ​របស់​រុស្ស៊ី ដាក់​ទៅ​លើ​អ៊ុយក្រែន មិន​ត្រូវ​បាន​គាំទ្រ និង​ព្រមព្រៀង។

លោក ពូទីន ទទួលស្គាល់​ថា​វា​ជា​មូលដ្ឋាន​សម្រាប់​កិច្ចព្រមព្រៀង​នា​ពេល​អនាគត។ មេដឹកនាំ​វិមាន​ក្រឹមឡាំង ក៏បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​សន្យា​ថា​នឹង​មិន​វាយប្រហារ​អឺរ៉ុប ឱ្យ​តែ​អឺរ៉ុប គាប​អ៊ុយក្រែន ឱ្យ​ព្រម​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី។

មេដឹកនាំ​រុស្ស៊ី រូប​នេះ​បាន​ដាក់​លក្ខខណ្ឌ​ថា កងទ័ព​អ៊ុយក្រែន ត្រូវតែ​ដក​ចេញពី​ទឹកដី​ដែល​ទ័ព​អ៊ុយក្រែន កាន់កាប់​នៅ​សមរភូមិ​ជួរមុខ ដូចជា​នៅ​តំបន់​ដូណែត។ ជាមួយ​គ្នា​នេះ លោក ពូទីន នៅតែ​បន្ត​ចាត់ទុក​លោក ហ្សេឡេនស្គី មិន​អាច​ក្លាយ​ជា​មេដឹកនាំ​អ៊ុយក្រែន ស្រប​ច្បាប់ ដែល​លោក ពូទីន ថា​លោក ហ្សេឡេនស្គី បាន​ខកខាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​កាលពី​ខែ​មេសា ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​លោក ហ្សេឡេនស្គី គឺជា​អំពើ​ខុស​ច្បាប់។

ជាមួយ​នឹង​ការ​សច្ចា​បន្ត​សង្គ្រាម​ជាមួយ​អ៊ុយក្រែន រហូត​ដល់​អ៊ុយក្រែន ព្រម​ចាញ់​សង្គ្រាម លោក ពូទីន អះអាង​ថា កងកម្លាំង​រុស្ស៊ី កំពុង​ឡោមព័ទ្ធ និង​គ្រប់គ្រង​បាន ៧០​ភាគរយ​នៃ​ទីក្រុង​យុទ្ធសាស្ត្រ Pokrovsk របស់​អ៊ុយក្រែន ប៉ុន្តែ​វា​ផ្ទុយ​នឹង​មេបញ្ជាការ​កំពូល​អ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrskyi ដែល​អះអាង​ថា កងទ័ព​អ៊ុយក្រែន កំពុង​វាយ​រុញច្រាន​ទៅវិញ​យ៉ាង​ខ្លាំងក្លា​ដោយ​កាន់កាប់​បាន​ផ្ទៃដី ៣​ភាគ​៤ នៃ​ផ្ទៃដី​របស់​តំបន់​ទីក្រុង Pokrovsk ៣០​គីឡូម៉ែត្រ​ការ៉េ។

កងទ័ព​រុស្ស៊ី បាន​ព្យាយាម​គ្រប់គ្រង​ទីក្រុង Pokrovsk ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២៤ មក ដែល​ទីក្រុង Pokrovsk ជា​តំបន់​ឧស្សាហកម្ម​ដ៏​សំខាន់​នៅ​ដូណែត នៃ​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន។

ក្រុង​មូស្គូ និយាយ​ថា ការ​ចាប់​យក​បាន​ទីក្រុង Pokrovsk នឹង​ផ្តល់​ច្រក​ផ្លូវ​មួយ​ឱ្យ​ពួកគេ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​អ៊ុយក្រែន ដែល​នៅ​សេសសល់​ក្នុង​តំបន់​ដូណែត ដូចជា​ទីក្រុង Kramatorsk និង Sloviansk។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​កៀហ្ស៉ីស៊ីស្ថាន លោក ពូទីន អះអាង​ថា តំបន់ Pokrovsk និង Myrnohrad កំពុង​ធ្លាក់​ក្នុង​ការ​ឡោមព័ទ្ធ​ទាំងស្រុង​របស់​កងទ័ព​រុស្ស៊ី។ តាម​លោក ពូទីន ៧០​ភាគរយ​នៃ​ទឹកដី Pokrovsk ស្ថិត​នៅ​ក្នុង​ដៃ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី។

តែ​បែប​នេះ​ក្ដី មេបញ្ជាការ​ទ័ព​អ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrskyi បាន​ឱ្យ​ដឹង​ថា កងទ័ព​របស់​លោក​កំពុង​វាយ​ខ្ទប់​ការ​វាយលុក​របស់​កងកម្លាំង​រុស្ស៊ី ជា​ការ​វាយប្រហារ​មក​លើ​ទីក្រុង Pokrovsk និង Myrnohrad ជា​ថ្មី​ទៀត។

តាម​ឧត្ដមសេនីយ៍ Oleksandr Syrskyi បញ្ជាការ​ទ័ព​ភូមិភាគ​ខាងកើត​អ៊ុយក្រែន ថា​កំពុង​បន្ត​ការ​វាយបក​វិញ​នៅ​ភាគ​ខាងត្បូង​ស្ថានីយ​រថភ្លើង Pokrovsk។ ឧត្ដមសេនីយ៍ Oleksandr Syrskyi បដិសេធ​ការ​អះអាង​របស់​លោក ពូទីន ដែល​ថា​ទ័ព​រុស្ស៊ី កំពុង​ឡោមព័ទ្ធ​ទីក្រុង Myrnohrad និង​ទីក្រុង Pokrovsk។

ក្រោយពី​ចាកចេញ​ពី​ប្រទេស​កៀហ្ស៉ីស៊ីស្ថាន ត្រឡប់​ទៅ​ទីក្រុង​មូស្គូ វិញ វិមាន​ក្រឹមឡាំង និង​ក្រសួង​ការបរទេស​ឥណ្ឌា បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​២៨ វិច្ឆិកា ថា លោក ពូទីន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា នា​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ ខែ​ធ្នូ ខាងមុខ តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី ដើម្បី​ពិភាក្សា​អំពី​ចំណង​ទាក់ទង​ទ្វេភាគី និង​បញ្ហា​អន្តរជាតិ។

វិមាន​ក្រឹមឡាំង បាន​និយាយ​ថា អំឡុង​ទស្សនកិច្ច​នេះ លោក ពូទីន នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​លោក ម៉ូឌី ហើយ​ក៏​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​ប្រធានាធិបតី​ឥណ្ឌា លោកស្រី Droupadi Murmu ផង​ដែរ។

បើ​លោក ពូទីន ទៅ​កាន់​ទីក្រុង​ញូដែលី តាម​ការ​គ្រោងទុក គឺជា​លើក​ទី​ពីរ​ ដែល​លោក ពូទីន បាន​ទៅ​ប្រទេស​ឥណ្ឌា កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១។

ទស្សនកិច្ច​របស់​លោក ពូទីន ទៅ​កាន់​ក្រុង​ញូដែលី ជា​ការ​គាប់ជួន​ដែល​លោក ពូទីន កំពុង​ពង្រឹង​សម្ពន្ធភាព​ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​អាមេរិក និង​អឺរ៉ុប។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទទូច​ឥណ្ឌា ឱ្យ​ឈប់​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី ខណៈ​ឥណ្ឌា គឺជា​អតិថិជន​ដ៏​ធំ​បំផុត​មួយ​នាំ​ប្រេង​ពី​រុស្ស៊ី បន្ទាប់ពី​ប្រទេស​ចិន។

នៅ​ក្រោម​ទណ្ឌកម្ម​ពី​សំណាក់​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​ប្រេង​ជាច្រើន​របស់​ឥណ្ឌា សម្រេច​ការ​នាំ​ប្រេង​ពី​រុស្ស៊ី។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Politico ការ​ចម្រាញ់​ប្រេង ការ​នាំចូល​ប្រេង​រុស្ស៊ី របស់​ឥណ្ឌា ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​នៅ​រយៈពេល ២​ខែ​ចុងក្រោយ​នេះ បើ​គិត​ក្នុង​ឆ្នាំ​២០២៤ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ជាច្រើន​បាន​ងាក​ទៅ​រក​ជម្រើស​ផ្សេង ដើម្បី​ចៀសវាង​បំពាន​ទណ្ឌកម្ម​របស់​លោក​ខាងលិច ជាពិសេស​ពី​សហរដ្ឋ​អាមេរិក។

អ្នកស្រី Diane Francis គឺជា​អ្នកវិភាគ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​ជនជាតិ​អាមេរិក សញ្ជាតិ​កាណាដា។ អ្នកស្រី​បាន​ចងក្រង​អត្ថបទ​វិភាគ​ស្រាវជ្រាវ​មួយ​ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​កម្លាំង​សេដ្ឋកិច្ច​របស់​រុស្ស៊ី។

អ្នកវិភាគ Diane Francis បាន​បង្ហាញ​ថា ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​អន្តរជាតិ គេ​សង្កេត​ឃើញ​ទីក្រុង​មូស្គូ បាន​កំពុង​ទាញ​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ​យ៉ាង​លំបាក ព្រោះតែ​កំពុង​ដាំ​ក្បាល​ចុះ​ទៅ​រក​ទីកន្លែង​មួយ គឺ​ក្រឡាប់។

អ្នកវិភាគ​រូប​នេះ​បាន​លើកឡើង​ថា វិបត្តិ​សេដ្ឋកិច្ច ការ​កំពុង​ដួល​រលំ​នៃ​ប្រាក់ចំណូល​ប្រេង និង​ការ​វាយប្រហារ​ក្រោម​យុទ្ធសាស្ត្រ​ថ្មី​របស់​អ៊ុយក្រែន ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេង បាន​ធ្វើ​ឲ្យ​គោលដៅ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី កាន់តែ​ច្របូកច្របល់។ អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា កត្តា​សេដ្ឋកិច្ច គឺជា​ចំណុច​ស្នូល​ដែល​កំណត់​សមត្ថភាព​របស់​រុស្ស៊ី ក្នុង​ការ​បន្ត​សង្គ្រាម។

អត្ថបទ​វិភាគ​របស់​អ្នកស្រី Diane Francis បាន​ឱ្យ​ដឹង​ថា ប្រាក់ចំណូល​ប្រេង​របស់​រុស្ស៊ី ធ្លាក់​ចុះ​ជិត ៣០% ដោយសារតែ​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម និង​ការ​ទម្លាក់​គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​អ៊ុយក្រែន ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី ដែល​បង្ហាញ​ថា​ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ី ដែល​ជា​ប្រភព​ផ្តល់​នូវ​ហិរញ្ញប្បទាន​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន កំពុងតែ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង៕

© 2025, . All rights reserved.