លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា អនុញ្ញាត​ឱ្យ​លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូល​ជួប​នៅ​វិមាន​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

លោក ហ៊ុន សែន សង្ឃឹម​ថា​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នឹង​ឈាន​ដល់ ២០​ពាន់​លាន​ដុល្លារ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

December 01, 2025

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សង្ឃឹម​ថា​គោលដៅ​ពាណិជ្ជកម្ម ២០​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាច​សម្រេច​បាន​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ការ​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា-វៀតណាម គឺ​អំណោយផល​ដល់​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ក្រោយពី​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Bui Thanh Son នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា កម្ពុជា-វៀតណាម គ្រោង​នឹង​សម្ពោធ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ ជាមួយ​គ្នា​នៅ​ដើម​ខែ​ធ្នូ ខាងមុខ​នេះ។

លោក ហ៊ុន សែន អះអាង​ថា គម្រោង​នេះ​គឺជា​សញ្ញា​បង្ហាញ​យ៉ាង​វិជ្ជមាន​ចំពោះ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ការ​ដឹកជញ្ជូន​ទំនិញ ផលិតផល​ទៅវិញ​ទៅមក និង​កាន់តែ​មាន​ភាព​រីកចម្រើន ព្រមទាំង​ធ្វើ​ឱ្យ​វិស័យ​ផ្សេងៗ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​ឯកភាព​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​វៀតណាម ក្នុង​ការ​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​តាម​ព្រំដែន ដើម្បី​ឱ្យ​ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​ដើម្បី​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ ដែល​នេះ​ក៏​ជា​បំណង​ប្រាថ្នា​ផ្ទាល់​របស់​លោក​ដែរ ដើម្បី​ឱ្យ​ប្រជាជន​រស់នៅ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ។

ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥ លោក ហ៊ុន សែន បាន​ព្រមព្រៀង​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ២០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ពេល​ខាងមុខ ដើម្បី​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​រីកចម្រើន និង​កើន​ឡើង​ជាបន្តបន្ទាប់​ទៀត។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បាន​បង្ហាញ​របាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល ៣​ត្រីមាស (៩​ខែ) ដំបូង​នៃ​ឆ្នាំ​២០២៥ ការ​នាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-វៀតណាម ឈាន​ដល់​ទំហំ​ទឹកប្រាក់​សរុប​ជាង ៦,០៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម ជិត ៣​ពាន់​លាន​ដុល្លារ (២,៩៤​ពាន់​លាន​ដុល្លារ) ខណៈ​វៀតណាម ក៏បាន​នាំមក​កម្ពុជា វិញ​ជាង ៣​ពាន់​លាន​ដុល្លារ (៣,១១​ពាន់​លាន​ដុល្លារ​អាមេរិក) ដែរ។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​សមាគម​មិត្តភាព​វៀតណាម-កម្ពុជា អ្នកស្រី ង្វៀន ធីថាញ បាន​លើកឡើង​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​វិនិយោគិន​វៀតណាម ចូលចិត្ត​មក​បណ្ដាក់ទុន ព្រោះ​ពេល​បច្ចុប្បន្ន​នេះ​មាន​គម្រោង​វិនិយោគ​របស់​វៀតណាម ជាង ២០០​គម្រោង​ហើយ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា។

ប្រធាន​សមាគម​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​គឺជា​ទីតាំង​សំខាន់​មួយ​ក្នុង​ចំណោម​ទីតាំង​សំខាន់ៗ​ដែល​មាន​ការ​វិនិយោគ​មុន​គេ​នៅ​ក្នុង​យុទ្ធសាស្ត្រ​វិនិយោគ​ក្រៅ​ប្រទេស​របស់​វៀតណាម ដូចជា សេដ្ឋកិច្ច​បៃតង ថាមពល​កកើត​ឡើងវិញ កសិកម្ម បច្ចេកវិទ្យា ទេសចរណ៍ និង​ពាណិជ្ជកម្ម ជាដើម។

ចំណែក​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ង្វៀន មិញវូ បាន​អះអាង​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៥ នេះ​ថា វៀតណាម​មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា សរុប​ចំនួន ២១៥​គម្រោង ដោយ​មាន​ទុន​ចុះបញ្ជី​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក (២,៩៤​ពាន់​លាន​ដុល្លារ)៕

© 2025, . All rights reserved.