លោក តាន់ គឹមសួរ ទម្លាយ​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

អ្នក​តាមដាន​ទម្លាយ​វីដេអូ​ឃ្លីប​ស្ដីពី​បទល្មើស​ព្រៃឈើ ក្រោយពី​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បដិសេធ

By ឌឹ ខេមបូឌា ដេលី

December 01, 2025

អ្នក​តាមដាន​បទល្មើស​ធនធាន​ធម្មជាតិ ទម្លាយ​វីដេអូ​ឃ្លីប​ស្ដីពី​បទល្មើស​ព្រៃឈើ​ជាបន្តបន្ទាប់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ក្រោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ចេញ​មុខ​បដិសេធ​មិន​ទទួលស្គាល់​នូវ​បទល្មើស​ព្រៃឈើ​ដែល​កើតមាន​ក្នុង​ខេត្ត​របស់​ខ្លួន។

អ្នក​តាមដាន​បទល្មើស​ព្រៃឈើ លោក តាន់ គឹមសួរ នៅ​ថ្ងៃទី​២៨ វិច្ឆិកា បាន​ទម្លាយ​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ជា​រូបថត​សន្លឹក​ផង និង​ជា​វីដេអូ​ឃ្លីប​ផង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ជាបន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​វីដេអូ​ឃ្លីប​ដែល​បាន​ថត​សកម្មភាព​ដឹក​ឈើ​តាម​គោយន្ត​នៅ​ក្នុង​ព្រៃ​សហគមន៍ និង​សកម្មភាព​ដឹក​ឈើ​លើ​ដងផ្លូវ​នៅ​ក្នុង​ខេត្ត​ក្រចេះ។

អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​រូប​នេះ​អះអាង​ថា វីដេអូ​ឃ្លីប​ដែល​ថត​ជាប់​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់ ត្រូវ​បាន​ថត​ទុក​ជា​ភស្តុតាង​ក្នុង​ព្រៃ​សហគមន៍​ត្រពាំងកណ្ដឹង ឃុំ​ស្រែជិះ ស្រុក​អូរគ្រៀង ខេត្ត​ក្រចេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មីៗ​នេះ។

លោក តាន់ គឹមសួរ ទាមទារ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក គា ប៊ូ ចេញ​មុខ​បំភ្លឺ​ចំពោះ​បទល្មើស​ព្រៃឈើ​ក្នុង​វីដេអូ​ឃ្លីប​ដែល​ថត​បាន​ទាំងនេះ ថា​តើ​ជា​រូបភាព និង​ជា​វីដេអូ​ពិត ឬ​ជា​រូបភាព និង​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្កើត​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក គា ប៊ូ បាន​ចេញ​លិខិត​បដិសេធ​មួយ​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ ដោយ​ចាត់ទុក​ការ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នា​ពេលនេះ ថា​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ជា​ការ​មួលបង្កាច់ និង​បង្ខូច​កិត្តិយស​ដល់​សមត្ថកិច្ច​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ុណ្ណោះ។

លិខិត​ដដែល បញ្ជាក់​ថា មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ តែងតែ​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ធនធាន​ធម្មជាតិ​រហូត​មក។

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្ដមសេនីយ៍ សៅ សុខា នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា នេះ បាន​ព្រមាន​ថា មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ដាច់ខាត​គឺ​ត្រូវតែ​បង្ក្រាប​ឱ្យ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​បំផុត​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ ក្នុង​នោះ កងកម្លាំង​អាច​ប្រើ​វិធានការ​ការពារ​ខ្លួន បើ​ក្រុម​ជនល្មើស​ព្រៃឈើ​ប្រើ​ហិង្សា។

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ក្រុម​ជនល្មើស​ព្រៃឈើ​កុំ​ចង់​សាក​ប្រើ​ហិង្សា​លើ​កងកម្លាំង​ដែល​ចុះ​បង្ក្រាប​ឱ្យ​សោះ ព្រោះ​លោក​គឺជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​កងកម្លាំង​ដែល​ប្រើ​វិធានការ​ការពារ​ខ្លួន​បាន​ពេល​ចុះ​បង្ក្រាប​ធនធាន​ធម្មជាតិ​ទាំងនេះ។

កាលពី​ចុង​ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា មិន​អាច​បង្ក្រាប​បាន​ទេ ដោយសារ​បទល្មើស​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច។

ប្រភព​ដដែល លាតត្រដាង​ថា លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​កំពូល ខណៈ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី គឺជា​អ្នក​គ្រប់គ្រង​បន្ទាប់​លើ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ជា​ថ្នាក់ក្រោម​របស់​ខ្លួន ដូចជា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា រហូត​មក​នោះ។ លើស​ពី​នេះ ក៏​មាន​ឧកញ៉ា​ផ្សេង​ទៀត​ដែរ ដូចជា ឧកញ៉ា ទ្រី ភាព ហៅ​ស្តេច​គ្រញូង និង​ឧកញ៉ា លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង ជាដើម៕

© 2025, . All rights reserved.