អ្នកតាមដានស្ថានការណ៍កម្ពុជា លើកឡើងថា ថៃបានប្រើល្បិចនយោបាយស្វាស៊ីបាយ តែយកមកលាបមាត់ពពែ លើកម្ពុជា ដោយកុហកសហរដ្ឋអាមេរិកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ខណៈបន្ទាត់ភូមិសាស្ត្រនយោបាយអន្តរជាតិដោយទុកចិនជាបងបង្កើតនាពេលនេះ ក៏ទំនងជាថៃ ចង់ប្រើល្បិចកលបិទមាត់កម្ពុជាដូចពេលមុនដែរ។
អ្នកធ្វើអត្ថាធិប្បាយបញ្ហាសង្គម ឈ្មោះ ឡាំ ឡាយ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ ធ្នូ នេះថា ថៃបានរៀបចំក្រុមអ្នកសារព័ត៌មានបំភ្លៃពីកម្ពុជាគ្រប់បែបយ៉ាងរហូតមក ដើម្បីទប់ស្កាត់កុំឱ្យសហរដ្ឋអាមេរិកធ្វើពាណិជ្ជកម្មជាមួយនឹងកម្ពុជា សូម្បីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជារបស់សហគមន៍អឺរ៉ុប ក្រោមហេតុផលកម្ពុជាមិនគោរពសិទ្ធិមនុស្ស ក៏ស្ថិតក្រោមវាំងននរបស់ថៃ ដែរ។
ប្រភពដដែល លើកឡើងថា ល្បែងថ្ពិនភ្នែករបស់ថៃ បានបង្កើតបញ្ហាយ៉ាងច្រើនដើម្បីយកកម្ពុជា ធ្វើជានុយនយោបាយរបស់ខ្លួន។ ជាក់ស្តែង ថ្មីៗនេះ ថៃបានយកកម្ពុជាជាឈ្នាន់នយោបាយថៃ ម្តងទៀត ដោយប្រើករណីមេឧក្រិដ្ឋជនអនឡាញជនជាតិចិន លោក ចេន ហ្ស៊ី ជាលេសបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីបើកផ្លូវឱ្យស្តេចថៃ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងបំណងបញ្ចុះបញ្ចូលចិន ដើម្បីយកឈ្នះកម្ពុជាលើជម្លោះព្រំដែនជាមួយខ្លួន។
អ្នកធ្វើអត្ថាធិប្បាយបញ្ហាសង្គមរូបនេះ បញ្ជាក់ថា ភាពឈឺចាប់ដែលថៃ បានធ្វើមកលើកម្ពុជារាប់សិបឆ្នាំកន្លងមក រហូតដល់ជម្លោះព្រំដែននាពេលនេះ បានប្រែក្លាយជាភាពរឹងមាំរបស់កម្ពុជាទៅវិញ ដោយសារតែអាមេរិកបានផ្ដល់សេចក្ដីទុកចិត្តមកលើកម្ពុជា ទាំងផ្នែកយោធា ផ្នែកពាណិជ្ជកម្ម ផ្នែកនយោបាយជាងពេលមុន។
ជុំវិញបញ្ហានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ធ្នូ នេះថា បើពិនិត្យលើអត្តចរិតអ្នកនយោបាយថៃ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជារយៈពេលកន្លងមកនេះ ថៃមិនសក្ដិសមជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ដែលគួរឱ្យគោរពរាប់អានឡើយ។
លោក សេក សុជាតិ លើកឡើងថា ក្នុងជម្លោះនេះ កម្ពុជាគឺជាជនរងគ្រោះសុទ្ធសាធ ព្រោះកងទ័ពរបស់ខ្លួនទាំង ១៨នាក់ ក៏ត្រូវថៃ ចាប់ខ្លួនដោយខុសច្បាប់ ចំណែកខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក៏រងគ្រោះដោយសារសំណល់គ្រាប់បែកចង្កោម និងផ្សែងពុល ខណៈសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទព្រះវិហារ ក៏រងការខូចខាតដោយការបាញ់ផ្លោងរបស់ថៃ ផងដែរ។
លើសពីនេះ កងទ័ពថៃ បានរាយលួសបន្លាដាក់សម្បកកង់ឡាន ឈូសឆាយដីធ្លី ផលដំណាំ ផ្ទះសម្បែងពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យ តំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ និងបានប្រើអំពើហិង្សាធ្វើឱ្យពលរដ្ឋខ្មែរនៅភូមិទាំងពីរនេះរងរបួស រហូតដល់បាត់បង់ជីវិតថែមទៀត។
ចំណែកឯពលការិនីខ្មែរដែលត្រូវកងទ័ពថៃ ចាប់រំលោភបូក អំឡុងពេលយុវតីរងគ្រោះវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជា ក៏អង្គភាពយោធាថៃ មិនទទួលខុសត្រូវលើអំពើស្មោកគ្រោកកងទ័ពរបស់ពួកគេដែលបានប្រព្រឹត្តដែរ ប៉ុន្តែថៃ ប្រឹងដើរតួធ្វើជាកម្សត់កុហកអន្តរជាតិដោយទម្លាក់កំហុសលើកម្ពុជា ថាកម្ពុជាជាអ្នកឈ្លានពានខ្លួនទៅវិញ៕
© 2025, . All rights reserved.