មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សម្ដែងការខកចិត្ត ហើយចោទថានាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ហ៊ានប្រើជីវិតកងទ័ព និងប្រជាជន ដោយប្រកាសធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា ដើម្បីសន្លឹកឆ្នោត។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហោះរូបភាព និងវីដេអូឃ្លីបបង្ហាញអំពីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ក្នុងទំនាក់ទំនងឯកជនជាមួយមន្ត្រីខ្មែរនៅប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយនឹងការសរសេររៀបរាប់បែបខកចិត្តនៅថ្ងៃទី៨ ធ្នូ នេះថា លោកពិតជាមិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ដើម្បីតែសន្លឹកឆ្នោតនាពេលខាងមុខ ហ៊ានប្រើជីវិតកងទ័ព និងប្រជាជន ដោយប្រកាសធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា ក្នុងពេលដែលកងទ័ពខ្មែរមិនតបតវិញនោះ។
ខ្លឹមសារនៃការរៀបរាប់នេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយខ្មែរខ្លះនិយាយចំអកវិញថា លោក ហ៊ុន សែន ផ្ទាល់ក៏ធ្លាប់ហ៊ានធ្វើពលិកម្មជីវិតពលរដ្ឋខ្មែរដែលស្ថិតក្រោមការដឹកនាំបក្សរបស់លោក ទៅស្លាប់ដើម្បីអំណាចលោក និងគ្រួសារដែរ។
លោក ហ៊ុន សែន លើកឡើងទៀតថា ពេលលោក អនុធីន ឆានវីរៈគុល មិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភក្ដិជាមួយនឹងកម្ពុជា ប៉ុន្តែដល់ពេលឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាពទាំងអស់។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា លោកយល់ច្បាស់ណាស់ពីការស្រឡាញ់ជាតិ តែមិនគួរនាយករដ្ឋមន្ត្រីថៃ រូបនេះ ប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ប្រកាសបិទទ្វារលែងចរចា ដោយងាកទៅរកសង្គ្រាមជាមួយកម្ពុជា នាពេលនេះទៅវិញ។
កាសែតថៃ Thai Enquirer បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅថ្ងៃទី៨ ធ្នូ នេះថា ប្រទេសថៃ មិនមែនជាអ្នកឈ្លានពានប្រទេសកម្ពុជា ទេ ហើយថៃ នឹងប្រើប្រាស់កម្លាំងយោធាលុះត្រាតែចាំបាច់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ កាសែតថៃ ជាច្រើនបានសរសេរផ្សាយថា នាយករដ្ឋមន្ត្រីថៃ កងទ័ពថៃ បានសម្រេចឯកភាពតាមមតិពលរដ្ឋថៃ ភាគច្រើន ដែលជំរុញរដ្ឋាភិបាលថៃ ដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញទាក់ទងនឹងអធិបតេយ្យ បូរណភាពដែនដីដើម្បីការពារទឹកដី។
នាយករដ្ឋមន្ត្រីថៃ រូបនេះ បញ្ជាក់ថា ថៃសម្រេចបិទផ្លូវចរចាជាមួយកម្ពុជា ហើយលោកក៏លែងពិចារណាលើការចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឬនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម តទៅទៀតដែរ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ធ្នូ នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការប៉ះទង្គិចប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជា និងកងកម្លាំងថៃ នៅតាមព្រំដែនឡើងវិញនាពេលនេះ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងថា ថៃ និងកម្ពុជា គឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់ៗរបស់អាស៊ាន ហើយការប្រយុទ្ធគ្នាជាថ្មីនាពេលនេះ បង្កឱ្យមានការដោះស្រាយការងារយ៉ាងប្រុងប្រយ័ត្នសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ ជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា ខណៈម៉ាឡេស៊ី ក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយទប់ស្កាត់ឧបទ្ទវហេតុបន្តបន្ទាប់ទៀត។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា តំបន់អាស៊ានមិនអាចមានលទ្ធភាពឱ្យមានជម្លោះដែលអូសបន្លាយយូររហូតធ្លាក់ចូលទៅក្នុងវដ្ដនៃការប្រឈមមុខគ្នានោះទេ ដូច្នេះអាទិភាពជាបន្ទាន់ គឺបញ្ឈប់ការប្រយុទ្ធគ្នា ការពារជនស៊ីវិល និងត្រឡប់ទៅមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ។
ក្នុងពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានយៀកណាម ផ្សាយនៅថ្ងៃទី៨ ខែធ្នូ នេះថា ក្រុងហាណូយមានការបារម្ភចំពោះវិវាទហិង្សាផ្ទុះអាវុធមិនឈប់តាមព្រំដែនខ្មែរ-ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសយៀកណាម ផាំ ធូហាង ថ្លែងក្នុងនាមជាយុទ្ធមិត្តរដ្ឋអំណាចក្រុងភ្នំពេញ សូមអំពាវនាវឲ្យភាគីទាំងអស់អត់ធ្មត់បំផុត កុំប្រើកម្លាំងទ័ពដាក់គ្នាជាអ្នកជិតខាងនឹងគ្នា ហើយដោះស្រាយបញ្ហាដោយផ្អែកលើធម្មនុញ្ញសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពអាស៊ីអាគ្នេយ៍ និងសាមគ្គីភាពអាស៊ាន។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជាសាក្សីដ៏សំខាន់បំផុតក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងភាគីកម្ពុជា និងភាគីថៃ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ នេះ ទំនងជាមិនអាចបញ្ឈប់ការចោទគ្នា និងការវាយប្រហារគ្នាទៅវិញទៅមកឆ្លងដែនរវាងប្រទេសទាំងពីរបានឡើយ៕
© 2025, . All rights reserved.