ប្រធានាធិបតីបារាំង សម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានសាជាថ្មីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលកំពុងកក្រើកឡើងវិញ និងបង្កឱ្យមានជនរងគ្រោះថ្មីទៀតនាពេលនេះ។
ក្រសួងកិច្ចការបរទេសសហភាពអឺរ៉ុប និងក្រសួងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៩ ធ្នូ នេះ ដោយអំពាវនាវឱ្យប្រទេសទាំងពីរ គោរពឱ្យបានពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ រួមទាំងសេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំងពីរដែលត្រូវបានចុះហត្ថលេខាក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនោះ។
ប្រទេសបារាំង បញ្ជាក់ជំហរសាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ នេះ។
ប្រទេសបារាំង ជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈនៃការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្ដេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ានកន្លងមកនោះ។
មកទល់ថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ អនុធីន ឆានវីរៈគុល បានច្រានចោលឱកាសជួបចរចាជាថ្មីជាមួយភាគីខ្មែរនាអនាគតដ៏ខ្លីនេះ។
ចំណែកឯអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅថ្ងៃទី៩ខែធ្នូ នេះថា ដោយសារតែយោធាថៃ បានបើកការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាមុនអស់រយៈពេល ២ថ្ងៃមកនេះ កងកម្លាំងកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួននៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។
ទោះជាយ៉ាងណាក៏ដោយ ភាគីថៃ ក៏ចោទខ្មែរថាបាញ់ទាហានថៃ មុនដែន នៅតំបន់អានសេះ ឬអានម៉ា។
អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ការវាយប្រហាររបស់យោធាថៃ រយៈពេល ២ថ្ងៃមកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា ៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់ផងដែរ។
រីឯគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍របស់ខ្លួននៅថ្ងៃទី៩ ធ្នូ នេះថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ នេះ ជនភៀសសឹកកម្ពុជា ត្រូវបានជម្លៀសទៅមណ្ឌលសុវត្ថិភាពមានចំនួនជិត ៤ម៉ឺននាក់ (៣៧៣៧៦នាក់)។
ជុំវិញបញ្ហានេះ ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី មានព្រះរាជបន្ទូលនៅថ្ងៃទី៩ ធ្នូ នេះថា ព្រះអង្គចងចាំជានិច្ចនូវមហាពលិកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិនៃកងយោធពលខេមរភូមិន្ទ និងអាយុជីវិតនៃប្រជាជនស្លូតត្រង់ខ្មែរ ព្រមទាំងជនរងគ្រោះទាំងឡាយពីសំណាក់ការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា។
យ៉ាងណាក៏ដោយ កាសែតថៃ ខៅស៊ុត (Khaosod) រាយការណ៍ចំពោះការអះអាងរបស់កងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃទី៩ ធ្នូ នេះដែរថា កងទ័ពកម្ពុជាបានវាយប្រហារមកលើថៃ មុន ដូច្នេះយោធាថៃ មានកាតព្វកិច្ចក្នុងការឆ្លើយតបដើម្បីការពារខ្លួន និងដើម្បីធានាការពារនូវអាយុជីវិតប្រជាជន និងទ្រព្យសម្បត្តិផ្សេងៗប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) បានរាយការណ៍កាលពីថ្ងៃទី៨ ធ្នូ នេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការព្រួយបារម្ភជុំវិញការផ្ទុះឡើងជាថ្មីនូវជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ នាពេលនេះ ក្នុងនោះ លោកជំរុញឱ្យប្រទេសទាំងពីររក្សាការអត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពដែលបង្កើនជម្លោះ។
លោក Antonio Guterres បញ្ជាក់ថា កម្ពុជា និងថៃ ត្រូវតែការពារជនស៊ីវិល និងសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ ក៏ដូចជាប្ដេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ និងប្រើប្រាស់យន្តការសន្ទនាដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំកណ្ដាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ បណ្ដាលឲ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនយ៉ាងដំណំ។
រូបភាពក្នុងបណ្ដាញសង្គមមួយចំនួន បង្ហាញអំពីការខូចខាតលើអគារកាស៊ីណូ ដែលគេសង្ស័យថាជាទីតាំងប្រតិបត្តិការឆបោកក្នុងទឹកដីខ្មែរ៕
© 2025, . All rights reserved.