សហរដ្ឋអាមេរិក សម្ដែងការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាដោយអាវុធរវាងកម្ពុជា-ថៃ ក្នុងតំបន់ជាច្រើននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឡើងវិញនាពេលនេះ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១០ ធ្នូ នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) កាលពីថ្ងៃអង្គារ បានជំរុញឱ្យមានការបញ្ចប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីដែលបានសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់នោះ។
រដ្ឋមន្ត្រីការបរទេសរូបនេះអះអាងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភដោយការប្រយុទ្ធគ្នាម្តងហើយម្តងទៀតនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ លោកទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព ដើម្បីការពារជនស៊ីវិល និងត្រឡប់ទៅរកវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។
លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជំរុញឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ដើម្បីការពារជនស៊ីវិលរបស់ប្រទេសទាំងពីរ ដែលភាគីទាំងសងខាងបានឯកភាពក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ កាលពីចុងខែតុលា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលសង្គ្រាមកម្ពុជា-ថៃ កំពុងតែឆាបឆេះឡើងវិញនៅតាមបណ្តោយព្រំដែនអស់រយៈពេល ៣ថ្ងៃមកនេះ។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខវិមានរដ្ឋាភិបាលថា សង្គ្រាមនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ នៅពេលនេះ បញ្ឈប់លែងបានហើយ ខណៈរដ្ឋាភិបាលស៊ីវិលរបស់លោកនឹងគាំទ្រប្រតិបត្តិការរបស់យោធាថៃ ១០០% ដើម្បីកម្ទេចកម្ពុជា ឱ្យដល់ទីចុងបញ្ចប់ និងអស់លទ្ធភាព។
នាយករដ្ឋមន្ត្រីថៃ រូបនេះបញ្ជាក់ថា លោកបានផ្តល់ភ្លើងខៀវឱ្យកងទ័ពថៃ រួចហើយសម្រាប់ការអនុវត្តផែនការដែលរដ្ឋាភិបាលស៊ីវិល និងយោធាបានរៀបចំ ឱ្យពេញលេញដើម្បីជំរុញផែនការនៃប្រតិបត្តិការរបស់យោធាឱ្យមានប្រសិទ្ធភាព។
ជុំវិញការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ រយៈពេល ៣ថ្ងៃមកនេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ធ្នូ នេះថា កងទ័ពថៃ បានបើកការវាយប្រហារលើកម្ពុជា គិតចាប់ពីវេលាម៉ោង ៥ និង ២០នាទីព្រឹក រហូតដល់ម៉ោង ២ និង ២២នាទី នៅថ្ងៃទី១០ ខែធ្នូ នេះ មានចំនួន ១១លើក ទាំងការបាញ់ផ្លោងកាំភ្លើងធំ ប្រើដ្រូនទម្លាក់គ្រាប់បែក រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ។
ចំណែកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើការវាយប្រហារលើកម្ពុជា នៅវេលាម៉ោង ០២ និង ៤០នាទី ដោយបាញ់ផ្លោងអាវុធធុនធ្ងន់នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ២គ្រាប់។ ប៉ុន្តែចាប់ពីវេលាម៉ោង ០៦ និង ០០នាទី រហូតដល់ម៉ោង ១១ និង ៣០នាទីយប់ កងទ័ពថៃ បានបាញ់ផ្លោងចូលភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងបង្ហោះដ្រូនចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ក្នុងភូមិសាស្ត្រអូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ រួមទាំងស្រុកសំឡូត ខេត្តបាត់ដំបង និងបានបាញ់កាំភ្លើងត្បាល់ប្រភេទ ៦០មិល្លីម៉ែត្រចូលក្នុងស្រុកសំពៅលូន ផងដែរ។
កាលពីថ្ងៃទី៨ ខែធ្នូ យោធាថៃ ក៏បានបាញ់មកលើកងកម្លាំងកម្ពុជា និងជនស៊ីវិលចំនួន ១៥លើកដែរ ដោយឡែកថ្ងៃទី៧ ខែធ្នូ ដែលជាថ្ងៃដំបូងនៃការវាយប្រហាររបស់ថៃ មកលើកម្ពុជា ពួកគេបានបើកការបាញ់ប្រហារលើកម្ពុជា ចំនួន ៣លើក។
ក្រសួងការពារជាតិកម្ពុជា បានបង្ហាញរបាយការណ៍នៅថ្ងៃទី១០ ធ្នូ នេះថា រយៈពេល ៣ថ្ងៃនៃការវាយប្រហាររបស់កងទ័ពថៃ ជនស៊ីវិលកម្ពុជា ចំនួន ៩នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ជនរងគ្រោះក្នុងខេត្តឧត្ដរមានជ័យ បានស្លាប់ចំនួន ៣នាក់ និងរបួស ៨នាក់។ ចំណែកជនរងគ្រោះក្នុងខេត្តព្រះវិហារ បានស្លាប់ ១នាក់ និងរងរបួស ២នាក់ ខណៈជនរងគ្រោះខេត្តបន្ទាយមានជ័យ បានស្លាប់ ៣នាក់ និងរងរបួស ១០នាក់ផងដែរ។
ដោយឡែកពលរដ្ឋភៀសសឹកពីការវាយប្រហារនេះ បានកើនឡើងដល់ជាង ៣ម៉ឺនគ្រួសារ (៣៧១១៥នាក់) ហើយពលរដ្ឋរងគ្រោះសរុបមានចំនួនជាង ១សែននាក់ (១២៧១៣៣នាក់) ដែលមកពីខេត្តចំនួន៦ រួមមានខេត្តឧត្ដរមានជ័យ ជាង ៩ពាន់គ្រួសារ (៩៧៦៨គ្រួសារ) មានចំនួនមនុស្សជាង ៣ម៉ឺននាក់ (៣៣៧៨៧នាក់) ខេត្តព្រះវិហារ ជាង ៦ពាន់គ្រួសារ (៦១៣៣គ្រួសារ) ចំនួនមនុស្សជាង ២ម៉ឺននាក់ (២១៦៣៩នាក់)។
រីឯខេត្តបន្ទាយមានជ័យ មានជាង ១ម៉ឺនគ្រួសារ (១០២៥៥គ្រួសារ) មានចំនួនប្រជាជនជាង ៣ម៉ឺននាក់ (៣៦២៤៤នាក់) ខេត្តពោធិ៍សាត់ មាន ៩០០គ្រួសារ មានប្រជាជនជាង ៣ពាន់នាក់ (៣២២១នាក់) ខេត្តបាត់ដំបង ជាង ១០០គ្រួសារ (១០១គ្រួសារ) មានប្រជាជនជាង ៤០០នាក់ (៤០៥នាក់) និងខេត្តសៀមរាប ជាង ៩ពាន់គ្រួសារ (៩៩៥៨គ្រួសារ) និងមានប្រជាជនជាង ៣ម៉ឺននាក់ (៣១៨៣៧នាក់) ផងដែរ៕
© 2025, . All rights reserved.